ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភាគីលោក កឹម សុខា និងភាគីរដ្ឋាភិបាល ប្រកែកគ្នាក្រៅតុលាការបន្ថែម​
07, Mar 2022 , 9:59 pm        
រូបភាព
លោក កឹម សុខា និងមេធាវី៣រូប ជួបជុំគ្នានៅផ្ទះរបស់លោកកន្លងមក។ លោក គី តិច ប្រធានក្រុមមេធាវីការពារក្តីឲ្យរដ្ឋាភិបាល និយាយជាមួយអ្នកកាសែត នៅលើកាំជណ្តើរតុលាការភ្នំពេញ ពេលចេញពីសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា កាលពីដើមឆ្នាំ២០២០។
លោក កឹម សុខា និងមេធាវី៣រូប ជួបជុំគ្នានៅផ្ទះរបស់លោកកន្លងមក។ លោក គី តិច ប្រធានក្រុមមេធាវីការពារក្តីឲ្យរដ្ឋាភិបាល និយាយជាមួយអ្នកកាសែត នៅលើកាំជណ្តើរតុលាការភ្នំពេញ ពេលចេញពីសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា កាលពីដើមឆ្នាំ២០២០។
ភាគីលោក កឹម សុខា អះអាងដដែលៗថា តុលាការ គ្មានភស្តុតាងគ្រប់គ្រាន់។ ភាគីរដ្ឋាភិបាល តបដដែលវិញថា តុលាការ មានភស្តុតាងគ្រប់គ្រាន់ ហើយថែមទាំងរឹងមាំទៀតផង។ រឿងភស្តុតាងនេះ ធ្វើឲ្យភាគទីទាំង២ ប្រកែកគ្នាតាំងនៅក្នុងសវនាការ រហូតចេញក្រៅសវនាការ ក៏នៅតែប្រកែកគ្នាទៀត។   

 
មិនមែនតែនៅក្នុងសវនាការនោះទេ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និង ក្រុមមេធាវីការពារក្តីឲ្យរដ្ឋាភិបាល បានឆ្លើយឆ្លើងគ្នាបន្ថែមទៀត នៅក្រៅសវនាការ តាមមធ្យោបាយរៀងៗ។ រឿងសំខាន់បំផុត ដែលពួកគេ ឆ្លើយឆ្លងគ្នាមិនដាច់ ទាំងនៅក្នុងសវនាការ ទាំងនៅក្រៅសវនាការ គឺភស្តុតាំង ដែលត្រូវដាក់បន្ទុកលើលោក កឹម សុខា។
 
ឲ្យតែចេញពីសវនាការលើកណា ក្រុមមេធាវីរបស់លោក កឹម សុខា តែងផ្តល់បទសម្ភាសដល់អ្នកកាសែត ហើយអ្វីតែពួកគាត់ និយាយមិនដែលខាននោះ គឺតុលាការ គ្មានភស្តុងតាងច្បាស់លាស់ ដើម្បីចោទប្រកាន់លោក កឹម សុខា ឡើយ។ បន្ថែមពីនេះ បើបានស្តាប់ពពួកគាត់ គេ នឹងឮពួកគាត់ លើកឡើងនូវចំណុចអវិជ្ជមានរបស់តុលាករ និងចំណុចអវិជ្ជមានរបស់ក្រុមមេធាវីការពារក្តីឲ្យរដ្ឋាភិបាល។ 
 
លោក កឹម សុខា ក៏បាននិយាយការពារខ្លួនឯងដែរថា តុលាការគ្មានភស្តុតាង ដើម្បីដាក់បន្ទុកលើលោកឡើយ។ លោក និយាយការពារខ្លួនបែបនេះ ទៅកាន់អ្នកកសែត នៅពេលលោក ចេញពីផ្ទះ រៀបឡើងរថយន្តធ្វើដំណើរទៅចូលរួមសវនាការនៅតុលាការភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។  
 
មិនអាចទ្រាំបាននឹងការបកស្រាយជាហូរហែរបស់លោក កឹម សុខា និងក្រុមមេធាវីរបស់លោកនៅក្រៅសវនាការ ក្រុមមេធាវីរបស់រដ្ឋាភិបាល ក៏ចេញមកឆ្លើយតប តាមរយៈសេចក្តីបំភ្លឺ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រើទំព័រហ្វេសប៊ុករបស់ខ្លួន បកស្រាយបន្ថែមពីលើកក្រុមមេធាវីរបស់រដ្ឋាភិបាល។ 
 
ដោយពឹងផ្អែកលើទំព័រហ្វេសប៊ុកដែរនោះ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ ក្នុងចំណោម៤នាក់របស់លោក កឹម សុខា បានបង្ហោះសារនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីបន្តការពារភាពត្រឹមត្រូវរបស់ក្រុមមេធាវីខាងអ្នកស្រី ក៏ដូចជាភាពស្អាតស្អំរបស់លោក កឹម សុខា ជាកូនក្តី ហើយក៏ដើម្បីឆ្លើយតបត្រឡប់ទៅវិញ ទៅកាន់ក្រុមមេធាវីរបស់រដ្ឋាភិបាលផងដែរ។ 
 
លោក មុត ចត្ថា ជំនួយការរបស់លោក កឹម សុខា និងជាបុគ្គលម្នាក់ ដែលគេតែងឃើញនៅក្បែរលោក កឹម សុខា ក៏មិននៅស្ងៀមដែរ ដោយលោក បានបង្ហោះសារលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ដើម្បីអត្ថាធិប្បាយពីរឿងដែលចង់ឲ្យលោក កឹម សុខា សារភាពកំហុស ទាំងដែលលោក កឹម សុខា មិនបានប្រព្រឹត្តកំហុសអ្វីសោះនោះ។  
 
ក្រុមមេធាវីរបស់រដ្ឋាភិបាល៖ សហមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា បានព្យាយាមបំភ្លៃការពិតថា តុលាការពុំមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ ឬដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេសឡើយ។ ការព្យាយាមផ្សព្វផ្សាយបំផ្លើសរបស់ជនជាប់ចោទ និងសហមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា ក្នុងករណីខាងលើនេះ គឺគ្រាន់តែជាចេតនាបំភ្លៃ និងបំភ័ន្តមតិសាធារណជាតិ-អន្តរជាតិប៉ុណ្ណោះ។
 
អ្នកស្រីមេធាវី ម៉េង សុភារី៖ មាសសុទ្ធ មិនខ្លាចភ្លើង។ ការផ្តល់ភាពយុត្តិធម៌ពិតប្រាកដដល់គ្រប់ជនជាប់ចោទដោយគ្មានការរើសអើង គឺជាកិច្ចការត្រឹមត្រូវ និងជាកិត្តិយសក្នុងនាមអ្នកច្បាប់ មិនមែនត្រូវប្រឹងព្យាយាមបំភ្លៃ ឬមួលបង្កាច់ឡើយ។ ឯកឧត្តម កឹម សុខា និងសហមេធាវី គឺជាភាគីសុចរិត។ 
 
មេធាវីរដ្ឋាភិបាល៖ បើទោះបីជាជនជាប់ចោទ កឹម សុខា និងសហមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា បានដាក់បញ្ចូលភស្តុតាងមួយចំនួន ក្នុងសំណុំរឿងក៏ដោយ ក៏ពុំអាចដោះបន្ទុកពីការចោទប្រកាន់បានឡើយ ពីព្រោះថា បើពិនិត្យលើភស្តុតាងដាក់បន្ទុកដទៃជាច្រើនទៀត ក្នុងសំណុំរឿង គឺមានភាពច្បាស់លាស់ណាស់ ដែលបង្ហាញអំពីភាពស៊ីចង្វាក់នៃការប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទ កឹម សុខា ក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលតាមរយៈការត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងគោលដៅធ្វើបដិវត្តពណ៌នៅកម្ពុជា។ 
 
ភស្តុតាងសំខាន់បំផុត គឺឃ្លីបវីដេអូ ដែលជនជាប់ចោទ កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី អំពីផែនការសម្ងាត់របស់ខ្លួន និងចេតនារៀបចំផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប្រជាជនដែលបានមើលវីដេអូ គឺអាចដឹងបានអំពីផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយគប់គិតគ្នាជាមួយបរទេស។
 
បន្ថែមពីលើនេះ ជនជាប់ចោទ កឹម សុខា ខ្លួនឯងផ្ទាល់ ក៏បានយកវីដេអូនេះមកដាក់ធ្វើជាភស្តុតាង នៅក្នុងតុលាការ ហើយក៏បានទទួលស្គាល់ថា ឃ្លីបវីដេអូនេះពិតជារបស់ខ្លួន ដែលបានថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងម៉ែលប៊ន (Melbourne)។ ចំណុចនេះ តាមបទពិសោធជាមេធាវីការពារក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌកន្លងមក សហមេធាវីតំណាងឲ្យ (រដ្ឋាភិបាល) ជាដើមបណ្តឹងរដ្ឋប្បវេណី យល់ឃើញថា នេះជាសំណុំរឿងមួយដែលមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុក និងចោទប្រកាន់ជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស និងជាបទល្មើសព្រហ្មទណ្ឌ។
 
អ្នកស្រីមេធាវី ម៉េង សុភារី៖ យើង បានដាក់វីដេអូរទាំងមូលនៃការសំណេះសំណាលរបស់ឯកឧត្តម កឹម សុខា ជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣ ដែលមានរយៈពេលជាង១ម៉ោង ធ្វើជាភស្តុតាង ដើម្បីបង្ហាញថា វីដេអូរយៈពេលជិត៣នាទី ដែលយកមកធ្វើជាដើមចមនៃការចោទប្រកាន់ ដែលមហាជន ក៏ធ្លាប់បានឃើញលើបណ្តាញសង្គម គឺជាវីដេអូរកាត់ត  ដែលមិនឆ្លុះបញ្ចាំងពីអត្ថន័យ និងខ្លឹមសារពិតប្រាកដ។ ចំណុចនេះ យើងខ្ញុំ ក៏បានលើកមកបញ្ជាក់ និងបង្ហាញពីចំណុចខុសគ្នា រវាងចំណុចណា ដែលបានកាត់ចេញ និងចំណុចណាដែលបានយកមកភ្ជាប់ផងដែរ។ អ្នក ដែលបានចូលរួមតាមដានក្នុងសវនាការដោយផ្ទាល់ បានដឹង និងយល់ហើយ។
 
នៅក្នុងវីដេអូខ្លីដែលបានផ្សព្វផ្សាយកន្លងមក យើង ប្រាកដជាមិនបានឮខ្លឹមសារខាងក្រោមនេះ [ជាខ្លឹមសារទាំងស្រុង] ឡើយ ដែលជាខ្លឹមសារសំខាន់ និងឆ្លុះបញ្ចាំងពីជំហរ និង ឆន្ទៈពិតប្រាកដរបស់ឯកឧត្តម កឹម សុខា ក្នុងចំណោមខ្លឹមសារជាច្រើនផ្សេងទៀត ដែលត្រូវបានដកចេញ ហើយខ្លឹមសារទាំងនោះ ក៏យើង មិនដែលឮភាគីអ្នកចោទយកមកនិយាយ ឬបង្ហាញ ដើម្បីផ្តល់ភាពយុត្តធម៌ដល់ឯកឧត្តម កឹម សុខា នោះទេ។ ផ្ទុយទៅវិញ ការបង្ហាញពីភាពស្អាតស្អំ និងការប្រើសិទ្ធិការពារខ្លួនរបស់ឯកឧត្តម កឹម សុខា ត្រូវបានគេនិយាយថាជាការបំភ្លៃ និងបំភ័ន្តសាធារណមតិទៅវិញ។
 
ដូច្នេះ អ្នកណា បំភ័ន្តអ្នកណា ប្រជាពលរដ្ឋ ដឹងច្បាស់ណាស់ ដូចសុភាសិតខ្មែរយើង ពោលថា ដំរី ស្លាប់យកចង្អេរមកបាំងមិនជិតទេ។
 
លោក ជិន ម៉ាលីន៖ ភាគីលោក កឹម សុខា និងមេធាវី កំពុងព្យាយាមបំភ្លៃសាធារណមតិ អំពីវីដេអូ ដែលជាភស្តុតាងក្នុងសំណុំរឿងនេះ ថាជាវីដេអូកាត់ត ព្រោះខ្លួនដឹងថា ចំណុចស្លាប់រស់ក្នុងសំណុំរឿងនេះ គឺជាភស្តុតាងវីដេអូឃ្លីបនេះឯង គួបផ្សំជាមួយភស្តុតាងជាច្រើនផ្សេងទៀត។ ពាក់ព័ន្ធខ្លឹមសារនៃវីដេអូ ដែលជាភស្តុតាងក្នុងសំណុំរឿងនេះ មានចំណុចសំខាន់គួរឲ្យកត់សម្គាល់ចំនួន២។ 
 
ទី១ ភស្តុតាងជាវីដេអូ គឺរឹងមាំណាស់ ពុំមែនជាវីដេអូក្លែងក្លាយ ហើយក៏គ្មានការកាត់តខ្លឹមសារអ្វីឡើយ។ ភាគីលោក កឹម សុខា បានយកវីដេអូដើមមកផ្ទៀងផ្ទាត់នៅក្នុងសវនាការរួចហើយ គឺខ្លឹមសារនៃសម្តីរបស់លោក កឹម សុខា នៅក្នុងវីដេអូភស្តុតាងដើម និងខ្លឹមសារនៃវីដេអូពេញ ដែលភាគីលោក កឹម សុខា ដាក់ជូនតុលាការ គឺដូចគ្នាបេះបិទ គ្រាន់តែភាគី លោក កឹម សុខា យកវីដេអូពេញ ដែលមានរយៈពេលជាង១ម៉ោង ហើយកន្លែងខ្លះគ្មានខ្លឹមសារពាក់ព័ន្ធនឹងសំណុំរឿង យកមកផ្ទៀងផ្ទាត់ ប៉ុន្តែ តុលាការ ត្រូវការតែខ្លឹមសារដែលពាក់ព័ន្ធនឹងរឿងគប់គិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តពណ៌តែប៉ុណ្ណោះ ក្នុងការធ្វើជាភស្តុតាងក្នុងសំណុំរឿង។
 
ទី២ ចំពោះវីដេអូ គឺប្រជាពលរដ្ឋ ដឹងគ្រប់គ្នាថា ក្នុងវីដេអូនោះ លោក កឹម សុខា ខ្លួនឯង បាននិយាយរៀបរាប់អំពីផែនការ ដែលគាត់បានរៀបចំជាសម្ងាត់យូរមកហើយ ជាមួយបរទេស ដោយរាប់តាំងពីការជ្រើសរើសយកគាត់ទៅបណ្តុះបណ្តាលនៅបរទេស រហូតដល់ការដឹកនាំធ្វើសកម្មភាពក្នុងស្រុក ដោយមានការជួយ ឬការចូលរួមពីបរទេស។ ផែនការដែលបានរៀបចំជាមួយបរទេសនោះ គឺជាផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តពណ៌ ដោយយកគំរូតាមប្រទេសស៊ែប៊ី និងប្រទេសយូហ្គោស្លាវី។ ប្រជាជនខ្មែរ បានដឹងអំពីរឿងនេះ និងដឹងអំពីខ្លឹមសារនៃការគប់គិតគ្នាជាមួយបរទេសនេះយ៉ាងច្បាស់នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈ។ 
 
អ្នកស្រីមេធាវី ម៉េង សុភារី៖ [ក្នុងវីដេអូ ] មិនមានពាក្យពេចន៍ត្រង់ណានៃសុន្ទរកថា ដែលថា ឯកឧត្តម កឹម សុខា ប្រមូលកម្លាំងប្រជាពលរដ្ឋទៅធ្វើបដិវត្តពណ៌ ឬទៅផ្តួលរំលំរដ្ឋាភិបាលឡើយ។ ប៉ុន្តែ បើប្រមូលកម្លាំងគាំទ្រពីប្រជាពលរដ្ឋទៅបោះឆ្នោត គឺមាន មិនខ្វះទេ។ សុន្ទរកថាជាច្រើនផ្សេងទៀតរបស់ឯកឧត្តម កឹម សុខា គឺសុទ្ធតែបញ្ជាក់ពីជំហរអហិង្សា គោលដៅឆ្ពោះទៅរកការបោះឆ្នោត ប្រឆាំងការឈ្លានពានរបស់បរទេស ដែលយើងខ្ញុំ បានជូនតុលាការជាភស្តុតាងបន្ថែមរួចហើយ។ 
 
បើមានរដ្ឋបរទេសគប់គិតជាមួយឯកឧត្តម កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មែន ហេតុអ្វីត្រូវនៅចងសម្ព័ន្ធភាពជាមួយរដ្ឋបរទេសនោះទៀត?
 
លោក កឹម សុខាខា៖ គិតចាប់តាំងពីចាប់ខ្ញុំមក គឺ៤ឆ្នាំហើយ។ យើងខ្ញុំ គិតថា ដំណើរការសវនាការរហូតដល់៣២លើកថ្ងៃនេះ [នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២] គឺមិនមានភស្តុតាងរឹងមាំ ដើម្បីដាក់បន្ទកថា ខ្ញុំ បានប្រព្រឹត្ត ដូចបទចោទនោះទេ។ 
 
យើង មើលទៅលើបទចោទហ្នឹង។ ទី១ [ចោទខ្ញុំ ពី] បទសន្ទិដ្ឋភាពជាមួយបរទេស ហើយរហូតដល់ថ្ងៃនេះ អ្នកចោទ មិនទាន់ឃើញបង្ហាញថា បរទេសណាទេ។ មេធាវីយើង សួររកបរទេសណា គឺអត់មាន។ ទី២ បទសន្ទិដ្ឋភាព ក្នុងច្បាប់ ថាជាសម្ងាត់ទៀត ហើយ [អ្វីដែលខ្ញុំធ្វើ] អត់មានសម្ងាត់ទេ។ ភស្តុតាងដែលយកមកចោទ [ខ្ញុំ] គឺគ្រាន់តែជាការយករូបថត សំឡេង យកមកចោទហ្នឹង ហើយរូបថត សំឡេងទាំងអស់ហ្នឹង [ខ្ញុំ] ជួបសុទ្ធតែជាមួយបរទេស ឬអ្នកការទូត ដែលជាមិត្តរបស់កម្ពុជា ដែលគេមកត្រឹមត្រូវតាមច្បាប់ មកជួយកម្ពុជា។  
 
អ្វីដែលលើសពីនេះហ្នឹងទៀត [ខ្ញុំ] អត់មានប្រព្រឹត្តអី ដែលនាំឲ្យមហន្តរាយដល់ប្រទេសជាតិ ខ្ញុំ អត់ដែលនាំប្រទេសណាមកឈ្លានពានប្រទេសកម្ពុជាផង។ 
 
លោក ជិន ម៉ាលីន៖ ចំពោះរឿងបរទេសមួយណា គឺតុលាការ បានសម្រេចប្រើអក្សរជាតំណាងរដ្ឋបរទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាជាមួយបរទេស។ ហើយរឿងបរទេស ជួយដល់ជនជាប់ចោទនាពេលធ្វើសកម្មភាព គឺសាមីខ្លួនបានដឹងច្បាស់ណាស់ថា អ្នកណាខ្លះជួយ ហើយភស្តុតាងក្នុងសំណុំរឿង ក៏មានច្រើនណាស់។ កុំថាឡើយការធ្វើសកម្មភាពនានារបស់ជនជាប់ចោទ សូម្បីតែកម្មវិធីនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ក៏បរទេសជួយរៀបចំធ្វើឲ្យដែរ។ ប្រជាជនដឹងថា ភស្តុតាងក្នុងសំណុំរឿងមានច្បាស់ទាំងអស់ហ្នឹង។
 
លោក កឹម សុខា៖ ខ្ញុំ គិតថា វាគ្រប់គ្រាន់ល្មម ពេលវេលានេះ វាហួសពេលទៅហើយ វាច្រើនពេកទៅហើយ ដើម្បីទម្លាក់បទចោទលើរូបខ្ញុំ។ 
 
អ្នកស្រីមេធាវី ម៉េង សុភារី៖ ជនជាប់ចោទគ្រប់រូប មានសិទ្ធិទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌ ប៉ុន្តែរឿងក្តីមួយនេះ [របស់លោក កឹម សុខា] មានរយៈ៤ឆ្នាំទៅហើយ ពន្លឺយុត្តិធម៌មិនដឹងនៅទីណាទេ។
 
លោក ជិន ម៉ាលីន៖ ចំពោះការចោទប្រកាន់ថា មានការអូសបន្លាយពេលវេលានៃសំណុំរឿងនេះ គឺជារឿងមិនសមស្របទេ ព្រោះរឿងនេះ ជាសំណុំរឿងដ៏ធំ ដែលពាក់ព័ន្ធដល់សន្តិសុខជាតិ និងមានភស្តុតាងច្រើនដែលត្រូវពិនិត្យ ហើយភាគីនៃសំណុំរឿងមានសិទ្ធិក្នុងការដាក់ភស្តុតាងបន្ថែម ដើម្បីការពាររៀងៗខ្លួន។ តុលាការ ត្រូវដំណើរការដោយត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ដើម្បីធានាថា សិទ្ធិរបស់ភាគីត្រូវបានធានា ជាពិសេស សិទ្ធិការពារខ្លួនរបស់ជនជាប់ចោទ។ 
 
នៅស្រុកគេខ្លះ គេ មាននីតិវិធី១ គឺសារភាពកំហុស (To plead guilty) ដែលជនជាប់ចោទ សារភាព និងផ្តល់ភស្តុតាងថា បានប្រព្រឹត្តមែន ដើម្បីទទួលបានស្ថានសម្រាលទោស ជាពិសេសក្នុងសំណុំរឿងដែលអាជ្ញាធរ ឬរដ្ឋអាជ្ញា មានភស្តុតាងរឹងមាំក្នុងដៃ ដែលជនជាប់ចោទរើខ្លួន ឬដោះខ្លួនមិនរួច។ នៅពេលជនជាប់ចោទជ្រើសរើសយុទ្ធសាស្រ្ត To plead guilty នឹងធ្វើឲ្យសំណុំរឿងឆាប់ចប់ ហើយជនជាប់ចោទទទួលបានស្ថានសម្រាលទោស។ 
 
នៅប្រទេសគេខ្លះ នីតិវិធីនេះ ជាការពេញនិយមណាស់សម្រាប់ជនជាប់ចោទ ដែលដឹងខ្លួនខុស ហើយយល់ថា អាជ្ញាធរ ឬតុលាការ មានភស្តុតាងរឹងមាំក្នុងដៃអស់ហើយ។ នៅក្នុងសំណុំរឿងលោក កឹម សុខា នេះ ក៏ដូចគ្នាដែរ គឺសំណុំរឿងនេះ មានភស្តុតាងរឹងមាំណាស់ ហើយក្នុងនាមជាអ្នកតាមដាន និងសង្កេតលើសំណុំរឿងជាច្រើននាពេលកន្លងមក ខ្ញុំ មិនដែលឃើញសំណុំរឿងមានភស្តុតាងរឹងមាំ និងស៊ីចង្វាក់គ្នាយ៉ាងល្អដូចសំណុំរឿងមួយនេះទេ។ 
 
ជាទស្សនៈផ្ទាល់ខ្លួន ក្នុងសំណុំរឿងដែលគេមានភស្តុតាងដាក់បន្ទុករឹងមាំ និងស៊ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទ គួរប្រើយុទ្ធសាស្រ្ត To plead guilty ដើម្បីសុំឲ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីឲ្យនីតិវិធីឆាប់ចប់ ហើយយុទ្ធសាស្រ្តនេះ ក៏ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗជាច្រើនផងដែរ។
 
អ្នកស្រីមេធាវី ម៉េង សុភារី៖ គ្មានហេតុផលអ្វីដែលឯកឧត្តម កឹម សុខា ឆ្លើយសារភា ទាំងដែលគាត់មិនបានប្រព្រឹត្តកំហុសអ្វីសោះនោះឡើយ។
 
មាត្រា៣៨ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ 
 
[វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ] មានន័យថា ការផ្តន្ទាទោសជនណាម្នាក់ ត្រូវមានភស្តុតាងដាក់បន្ទុក កុំមានចំណុចដែលនៅសង្ស័យថា ជននោះ មិនបានប្រព្រឹត្ត ឬមានភស្តុតាងឲ្យលើសពីការសង្ស័យទៅទៀត ទើបអាចផ្តន្ទាទោសជននោះបាន។
 
លោក មុត ចត្ថា៖ កុំច្រឡំ [រវាង] ការសារភាពកំហុស ជាមួយការបង្ខំឲ្យសារភាព ចំពោះឧក្រិដ្ឋកម្ម។ បើជនសង្ស័យ មិនបានប្រព្រឹត្តខុស ប៉ុន្តែត្រូវគេ ប្រាប់ឲ្យសារភាពកំហុស ជាថ្នូរនឹងការសម្រាលទោស គឺអាចក្លាយជាការបង្ខំឲ្យសារភាព ចំពោះឧក្រិដ្ឋកម្ម ដែលមិនបានប្រព្រឹត្តវិញ។  
 
ច្បាប់​កម្ពុជា​ តម្រូវ​ឲ្យ​អយ្យការ​​បង្ហាញ​ភស្តុតាង​រឹងមាំ ឬ​ភស្តុតាង​ហួស​ពី​វិមតិ​សង្ស័យ នៅ​ពេល​ចោទ​ប្រកាន់​ជន​ណា​ម្នាក់​ពី​បទ​ល្មើស​អ្វី​មួយ។ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ដូច្នេះ គោលការណ៍នេះមិនអាចបដិសេធបានទេ។ នៅតុលាការ បើមានការសង្ស័យ និងគ្មានភស្តុតាងគ្រប់គ្រាន់នោះ ជនជាប់ចោទអាចរួចខ្លួន ទោះនៅក្នុងដំណាក់កាលស៊ើបអង្កេត ក្នុងដំណាក់កាលឃាត់ខ្លួន-ចាប់ខ្លួន ឬក្នុងដំណាក់កាលជំនុំជម្រះក៏ដោយ។ កាលណា មានមន្ទិលសង្ស័យនាំឲ្យមិនអាចជាប់ពន្ធនាគារបានទេ។ 
 
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមមួយបរទេស ដែលសំដៅថា លោក លួចគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទចោទសន្ទិដ្ឋភាពជាមួយបរទេស ស្ថិតក្នុងចង្កោមអំពើក្បត់ជាតិ ហើយអ្នករងបទចោទនេះ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ 
 
ភស្តុតាំងសំខាន់បំផុត ដែលតុលាការ យកមកចោទប្រកាន់លោក កឹម សុខា គឺវីដេអូ ដែលលោក ជួបជាមួយអ្នកគាំទ្រនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣។ ក្នុងវីដែអូ លោក ថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រអស់រយៈពេលជាង១ម៉ោង។ វីដេអូពេញជាង១ម៉ោងនោះ ត្រូវបានគេកាត់នៅសល់ប្រមាណ៣នាទី ហើយបង្ហោះលើបណ្តាញសង្គម កាលពីចុងឆ្នាំ២០១៧។ ក្រោយបានឃើញវីដេអូប្រមាណ៣នាទី តុលាការ ក៏ចាបផ្តើមចោទប្រកាន់លោកតែម្តង។ 
 
ក្នុងវីដអូ លោក បរិយាយថា នៅពេលលោក ជាប់ជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតលើកទី១ កាលពីឆ្នាំ១៩៩៣ លោកជាអ្នកនយោបាយខ្មែរមុនគេបង្អស់ ដែលត្រូវបានមហាអំណាចអាម៉េរិកអញ្ជើញ ដើម្បីទៅឈ្វេងយល់ពីដំណើរការប្រជាធិបតេយ្យ។ លោក អះអាងថា ចាប់តាំងពីឆ្នាំ១៩៩៣មក លោក តែងទៅអាម៉េរិកម្តង ក្នុង១ឆ្នាំ។  
 
លោក ប្រាប់អ្នកគាំទ្រនៅអូស្រ្តាលីនាពេលនោះថា៖«ខ្ញុំ អត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ នៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរ៉េអាល់ ដែលអាម៉េរិក ជួលមក ដើម្បីផ្តល់មតិឲ្យខ្ញុំ ពីរបៀបជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរមេដឹកនាំ»។ 
 
តុលាការភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរស់លោក កឹម សុខា បាន៣២លើកហើយ ដោយពុំទាន់បានសម្រេចសេចក្តីអ្វីទាំងអស់។ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ តុលាការ នឹងបើកសវនាការបន្តទៀត៕ 
 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com