ជាតិ
មេដឹកនាំស្ត្រីនៃសមាគមធំពីរ ដែលពង្រឹង និងអភិវឌ្ឍសមត្ថភាពសហគ្រិនស្រ្តីនៅកម្ពុជា និងថ្នាក់អាស៊ាន
08, Mar 2022 , 8:59 am        
រូបភាព
អ្នកស្រី កែវ មុំ និង អ្នកស្រី យូ បូរី តំណាងឱ្យ សមាគមធំចំនួនពីរ នៅកម្ពុជា
អ្នកស្រី កែវ មុំ និង អ្នកស្រី យូ បូរី តំណាងឱ្យ សមាគមធំចំនួនពីរ នៅកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ សហគ្រិនស្រ្តីលេចធ្លោចំនួនពីររូប កំពុងដើរតួនាទីជាប្រធានសមាគម ដែលផ្តោតសំខាន់ទៅលើការចែករំលែកបណ្តុះបណ្តាលចំណេះដឹង ជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព ភាពក្លាហាន និងជំរុញឱ្យសហគ្រិនស្រ្តីបានចូលរួមអភិវឌ្ឍន៍ខ្លួន សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ នោះគឺ អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលមានសមាជិកខ្ទង់ពាន់នាក់ ចម្រុះវិស័យនៃអាជីវកម្ម និងអ្នកស្រី យូ បូរី ប្រធានក្លឹបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ដែលមានសមាជិករាប់រយនាក់មកពីចម្រុះវិស័យ និងមានអាយុក្រោម ៤៥ឆ្នាំ នៅបណ្តាប្រទេសអាស៊ាន។

 
បទពិសោធន៍ជាសហគ្រិនស្រ្តីជាង២០ឆ្នាំ អ្នកស្រី កែវ មុំ ដែលមានតួនាទីជាប្រធាន CWEA ចំនួនពីរអាណត្តិ បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា សមាគមសហគ្រិនស្រ្តីកម្ពុជា តែងយកចិត្តទុកដាក់ កៀរគរសហគ្រិនស្រ្តីនៅទូទាំងប្រទេស ឱ្យមកចូលរួមជាមួយគ្នាក្នុងការពង្រឹង បំពេញបន្ថែមនូវចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាពក្នុងការដឹកនាំ និងការគ្រប់គ្រងនូវអាជីវកម្មរបស់ខ្លួនឱ្យមានស្តង់ដារ និងគុណភាព។ 
 

អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី កម្ពុជា

ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មតំណាងឱ្យកម្ពុជាផងនោះ សហគ្រិនស្រ្តីរូបនេះ តែងគិតគូរពីគុណតម្លៃរបស់សហគ្រិនស្រ្តីខ្មែរ តាមរយៈការលើកកម្ពស់ក្រមសីលធម៌ដល់សមាជិកខ្លួន ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង វាគ្មិន សហគ្រិនស្រ្តីឆ្នើមទាំងពីររូប ដូចតទៅ៖
 
 
អ្នកស្រីបានបញ្ជាក់ដូច្នេះ៖ « បច្ចុប្បន្នកម្ពុជាមានការចូលរួមពី សហគ្រិនស្រ្តីយ៉ាងច្រើន ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងសង្គមគ្រួសាររបស់ពួកគាត់ ហើយបើធៀបនឹងបុរសគឺស្រ្តីមានចំនួនច្រើនជាងសឹងតែ៦០%។
 
ពួកគាត់មួយចំនួនធំបានផ្តល់នូវឱកាសការងារជាច្រើនដល់សង្គម និងផ្តល់ភាពជាគំរូថែមទៀតផង»។ 
 
ប៉ុន្តែយ៉ាងណាអ្នកស្រី កែវ មុំ ក៏សង្កេតឃើញថា បច្ចុប្បន្នមានស្រ្តីអ្នកជំនួញមួយចំនួន ក្នុងអនឡាញ បានយកភាពសិចស៊ីផ្សេងៗ មកធ្វើជាវិធីសាស្រ្តទាក់ទាញចំណាប់អារម្មណ៍អ្នកមើលឱ្យចូលទិញផលិតផលខ្លួន ដោយទង្វើទាំងនោះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គុណតម្លៃរបស់ស្រ្តីខ្មែរទូទៅ។ «ឥទ្ធិពលអវិជ្ជមានបែបនេះ យើងខ្ញុំតែងតែចូលរួមលុបបំបាត់ និងចាក់បំពេញនូវសកម្មភាពជាច្រើនដែលផ្តល់ប្រយោជន៍ទៅកាន់សង្គមជាតិ ពិសេសគឺ សហគ្រិនស្រ្តីវ័យក្មេងរបស់កម្ពុជាយើង»។ នេះបើតាមអ្នកស្រី កែវ មុំ។
 


អ្នកស្រី យូ បូរី ប្រធានក្លឹបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ឆ្នាំ២០២២.

ដោយឡែក អ្នកស្រី យូ បូរី អនុប្រធានសមគមសហគ្រិនវ័យក្មេង ហៅកាត់ថា YEAC ដែលទើបទទួលបានឱកាសជាប្រធានក្លឹបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ឆ្នាំ២០២២នេះ កំពុងសាបព្រោះនូវចំណេះដឹង បទពិសោធន៍ដល់សហគ្រិនស្រ្តីជំនាន់ក្រោយ ឱ្យកាន់តែទទួលបាននូវភាពរីកចម្រើនលឿនថែមទៀត។
 
សហគ្រិនស្រ្តី វ័យ៣៧ ឆ្នាំរូបនេះបានគូសបញ្ជាក់ថា៖ « YEAC តាមរយៈបេសកកម្មដ៏សំខាន់មួយនេះ បានចូលរួមយកចិត្តទុកដាក់លើសហគ្រិនស្រ្តីក្នុងតំបន់អាស៊ាន ដោយផ្តោតលើគោលដៅ៤ រួមមាន ការកសាងសមត្ថភាពដល់ស្រ្តី តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗ មានទាំងជំនាញវិជ្ជាជីវៈផងដែរ។ បន្ទាប់មកគឺចំណេះដឹងនៃការថែទាំសុខភាព ចំពោះសហគ្រិនស្រ្តីវ័យក្មេង ទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពអាជីវកម្មរបស់ពួកគេងផងដែរ។ លើសពីនេះគឺ ការជួយជ្រោមជ្រែងយកចិត្តទុកដាក់លើសេដ្ឋកិច្ចប្រចាំខែនៃអាជីវកម្មរបស់ពួកគាត់ម្នាក់ៗទៀតផង។ ចុងក្រោយរឹតតែពិសេសគឺ ការពង្រឹងនូវចំនងទំនាក់ទំនងជាអន្តរជាតិនៃបណ្តាប្រទេសអាស៊ាន និងអន្តរជាតិផ្សេងទៀត តាមរយៈ ឥរិយាបថ វប្បធម៌ ភាពពិសេសនៃប្រទេសនីមួយៗ»។ 
 
គួររំលឹកផងដែរថា នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២នេះ ជាទិវាអន្តរជាតិនារី ខួបទី១១១ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»៕
 
 

Tag:
 វីដេអូសម្ភាសន៍ SME
  ចម្រុះវិស័យ
© រក្សាសិទ្ធិដោយ thmeythmey.com