ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ ទិសដៅសំខាន់បំផុត គឺនាំប្រជាធិបតេយ្យជូនមីយ៉ាន់ម៉ា
08, Mar 2022 , 11:59 am        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក យូហ៊ី សាសាកាវ៉ា នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក យូហ៊ី សាសាកាវ៉ា នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
ក្នុងជំនួបផ្ទាល់មុខ នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២  សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក យូហ៊ី សាសាកាវ៉ា (Yohei Sasakawa) បេសកជនពិសេសរបស់រដ្ឋាភិបាលជប៉ុន បានជជែកគ្នាអំពីវិបត្តិនៅមីយ៉ាន់ម៉ា។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានបង្ហោះទៅលើទំព័រហ្វេសប៊ុករបស់សម្តេច។

 
«ទិសដៅដែលសំខាន់បំផុតនោះ គឺនាំមកជូនមីយ៉ាន់ម៉ានូវលទ្ធិប្រជាធិបតេយ្យ»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ទៅកាន់លោក យូហ៊ី សាសាកាវ៉ា។ ជាមួយគ្នានេះ សម្តេច បានអរគុណលោក យូហ៊ី សាសាកាវ៉ា ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ានាពេលកន្លងមក។ សម្តេច ថ្លែងថា សម្តេច និងលោក យូហ៊ី សាសាកាវ៉ា មានចំណាប់អារម្មណ៍ដូចគ្នា គឺការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា រួមទាំងនាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា។ 
 
លោក យូហ៊ី សាសាកាវ៉ា គាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់មីយ៉ាន់ម៉ាកាលពីពេលកន្លងទៅ។ លោក ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា​ទៅមីយ៉ាន់ម៉ា ថាជាសកម្មភាព ដែលធ្វើឡើងដោយអស់ពីចិត្ត។ លើសពីនេះ លោក មើលឃើញថា ដំណើរទស្សនកិច្ចនេះ ជាសកម្មភាព ដែលទទួលបានការគោរពផង និងផ្ដល់ក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។
 
បេសកជនពិសេសរបស់រដ្ឋាភិបាលជប៉ុន ជូនពាក្យមួយឃ្លាដល់ប្រមុខរដ្ឋាភិបាលកម្ពុជាថា៖«ជំនួប១០០ដង មិនស្មើនឹងសកម្មភាព១ដងឡើយ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ា បានបើកទ្វា ដែលចាក់សោ [បិទ] »។  
 
សម្តេច ហ៊ុន សែន បង្ហាញការប្តេជ្ញាថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេច នឹងខិតខំបន្តការងារជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ មេដឹកនាំកម្ពុជារូបនេះ បានស្នើលោក យូហ៊ី សាសាកាវ៉ា ឲ្យធ្វើការជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន លើបញ្ហាមីយ៉ាម៉ា។ 
 
ក្នុងឋានៈជាបេសជនពិសេសរបស់ប្រធានអាស៊ាន លោក ​ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ា ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ កាលពីដើមខែមករា ឆ្នាំ២០២២ លោក បានអមដំណើរសម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនាពេលនោះ មេដឹកនាំកម្ពុជា ស្នើឲ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបាញ់គ្នា។ ទោះរបបយោធាមីយ៉ាន់ម៉ា យល់ព្រមជាមួយមេដឹកនាំកម្ពុជា ក្នុងការពន្យារពេលឈប់បាញ់ក្តី តែស្ថានភាពជាក់ស្តែង គេ នៅតែឃើញមានការផ្ទុះអាវុធនៅមីយ៉ាន់ម៉ាដដែល។ 
 
ការជួយស្វែងរកដំណោះស្រាយនៅមីយ៉ានម៉ា គឺជាបន្ទុក និងជាការទទួលខុសត្រូវដ៏ធំ១របស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២៕ 
 
 

Tag:
 ហ៊ុន សែន
  វិបត្តិមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com