កីឡាជាតិ
ជាតិ
លោក បែ មករា៖ អ្នកគាំទ្រ គួរមានក្លិបមួយ ដែលស្រលាញ់អស់ពីបេះដូង ដោយមិនផ្អែកតែលើជោគជ័យ
08, Mar 2022 , 6:39 pm        
រូបភាព
អ្នកគាំទ្របឹងកេត រូបពី លោក បែ មករា
អ្នកគាំទ្របឹងកេត រូបពី លោក បែ មករា
លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត ជំរុញឱ្យអ្នកគាំទ្រជ្រើសរើសក្លិបបាល់ទាត់មួយ នៅលីគកម្ពុជា ដើម្បីលើកទឹកចិត្ត និងស្រលាញ់ក្រុមទាំងនោះ ចេញពីបេះដូងពិតប្រាកដ ដោយមិនត្រូវផ្អែកតែលើភាពជោគជ័យនោះទេ។


អត្ថន័យរបស់ លោក បែ មករា នេះ គឺចង់ឱ្យអ្នកគាំទ្រចូលរួមលើកទឹកចិត្តដល់ក្រុមបាល់ទាត់ទាំងអស់ នៅលីគកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។ គោលបំណងរបស់ អគ្គលេខាធិការក្លិបបឹងកេតរូបនេះ ចង់ឃើញការគាំទ្រយ៉ាងពុះកញ្ជ្រោលនៅលើសមភូមិវាលស្មៅ មិនថាជំនួបក្លិបធំៗ ឬក្លិបតូចៗឡើយ។
 
លោក បែ មករា បានប្រាប់សារព័ត៌មានថ្មីៗថា ៖ «ការគាំទ្រដែលចេញពីចិត្ត មិនចាំបាច់ថាក្លិបនោះជាក្លិបដែលល្បី ឬមួយមានសមិទ្ធផលច្រើន ឬក៏មានតារាបាល់ទាត់ល្បីៗ នៅទីនោះទេ ។ សំខាន់ គឺយើងចាត់ទុក្ខក្លិបនោះ ជារបស់ខ្លួនយើង មានន័យថា ដូចជាផ្ទះខ្លួនយើង ។ កាលណាយើងមានផ្ទះខ្លួនយើង គឺយើងស្រឡាញ់ផ្ទះយើង យើងចង់អភិវឌ្ឍផ្ទះរបស់យើង ចង់ឲ្យផ្ទះរបស់យើងល្អ »។ 
 
ក្នុងន័យនេះលោក មករា ចង់ពន្យល់ថា នៅពេលណា ដែលអ្នកគាំទ្រចាត់ទុកក្លិបណាមួយ ដែលពួកគេស្រឡាញ់ ជាចំណែកខ្លួននោះ គឺពួកគេនឹងដាក់ចេញគាំទ្រ ផ្ដល់ក្តីស្រលាញ់ និងលើកទឹកចិត្តគ្រប់វិនាទី បើទោះជាក្លិបនោះលេងមិនល្អ ឬមិនខ្លាំងក្តី។ ចំពោះការស្រឡាញ់ និងគាំទ្របែបនេះ លោក មករា ចាត់ទុកថា វាជាកម្លាំងចិត្តមួយ ដល់ក្លិប និងកីឡាករ ឲ្យបន្ដនូវការខិតខំប្រឹងប្រែង និងអភិវឌ្ឍទៅមុខ ។ 
 
«ទោះបីផ្ទះយើងតូច ផ្ទះយើងធំ ក៏វាជាផ្ទះយើង យើងនៅតែស្រឡាញ់ព្រោះជាផ្ទះរបស់យើង ហើយព្យាយាមកសាងផ្ទះយើង តាមអ្វីដែលយើងមាន និងធ្វើឲ្យផ្ទះយើងធំ ស្អាតដូចគេ» ។ នេះជាការប្រៀបធៀបរបស់ អគ្គលេខាធិការក្លិបបឹងកេត ។
 
ជាក់ស្ដែងងាកមកមើលអ្នកគាំទ្របាល់ទាត់នៅកម្ពុជាសព្វថ្ងៃវិញ។ អ្នកគាំទ្រមួយចំនួន មិនទាន់គាំទ្រពេញទំហឹងទៅលើវិស័យបាល់ទាត់ទេ ដោយពួកគេគាំទ្រតែក្លិបខ្លាំង និងមានបុគ្គលល្បីទៅវិញ ។ បានន័យថា អ្នកគាំទ្រ មានតារាបាល់ទាត់ណាមួយ(Idol) ក្នុងចិត្តរបស់ពួកគេ ទើបពួកគេតាមដានរាល់ការប្រកួតរបស់ក្លិបនោះ។ ប៉ុន្តែនៅពេលដែលតារាបាល់ទាត់ ឬIdol របស់ពួកគេនោះ ប្ដូរទៅកាន់ក្លិបផ្សេង ពួកគេក៏គាំទ្រក្លិបផ្សេងនោះដែរ។ នេះបើតាមការមើលឃើញរបស់លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត  ។
 
អត្ថបទទាក់ទង
 


 លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត រូបពីហ្វេសប៊ុក Be Makara

កាលពីពេលថ្មីៗនេះ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ ក៏បានបង្ហោះសារលាយឡំជាមួយអារម្មណ៍អាក់អន់ចិត្តចំពោះអ្នកគាំទ្រដែរ។ មូលហេតុដែលនាំឱ្យលោក ខូវ ឆាយ អាក់អន់ចិត្តនេះ ដោយសារអ្នកចូលរួមទស្សនាការប្រកួតរវាងក្លិប ជាមួយភ្នំពេញក្រោន មានចំនួនតិច ខុសពីក្តីរំពឹងទុក។ លោក ខូវ ឆាយ យល់ឃើញថា អ្នកគាំទ្របាល់ទាត់កម្ពុជា មិនទាន់ហ៊ានចំណាយថ្លៃសំបុត្រទស្សនា ពី៥០០០រៀល ទៅ១០០០០រៀល នៅឡើយ បើប្រៀបធៀបនឹងចរន្តគាំទ្របាល់ទាត់របស់ប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម។
 
ប៉ុន្តែការលើកឡើងរបស់លោក ខូវ ឆាយ នេះ ក៏រងការរិះគន់ពីមហាជនផងដែរ។ ពួកគេបកស្រាយថា មូលហេតុដែលបាល់ទាត់នៅក្នុងលីគកម្ពុជា មិនសូវមានអ្នកទស្សនា ដោយសារតែការសមត្ថភាព និងទម្រង់លេងរបស់ក្រុមនីមួយៗ មិនទាន់អាចទាក់អារម្មណ៍ពួកគេ សម្រាប់ការគាំទ្រ។ អ្នកខ្លះ ក៏លើកហេតុផលថា វិបត្តិកូវីដ-១៩ ធ្វើឱ្យពួកគេធ្លាក់ចុះចំណូល ទើបមិនអាចចំណាយថវិកាទិញសំបុត្រចូលទស្សនាការប្រកួតបាន។
 
នៅត្រង់ចំណុចនេះ គេអាចលើកជាឧទាហរណ៍បាន ដូចជាការប្រកួតនៅក្នុងក្របខណ្ឌលីគអង់គ្លេស England Premier League បច្ចុប្បន្ន ដែលក្លិប Norwich City ,Watford និង Burnley ជាដើម ដែលលេងមិនសូវល្អ ហើយកំពុងស្ថិតនៅក្នុងតំបន់កាត់ចេញ ទៅលេង Championship លីគលំដាប់ទី២របស់អង់គ្លេសក្តី ប៉ុន្តែអ្នកគាំទ្ររបស់ក្រុមទាំងនេះ មិនបាក់ទឹកចិត្តឡើយ។ បានន័យថា រាល់ការប្រកួតរវាងក្រុមទាំងនេះ និងក្រុមខ្លាំងក៏ដោយ ក៏អ្នកគាំទ្រពួកគេ នាំគ្នាទិញសំបុត្រចូលរួមទស្សនាការប្រកួតភ្លុកទឹកភ្លុកដី មិនថាប្រកួតនៅក្នុងផ្ទះ ឬក្រៅទឹកដីនោះទេ ខណៈកូវីដ-១៩ កំពុងវាយលុករាតត្បាតដូចគ្នា។ 
 
មួយទៀត បើក្រុមទាំងនេះ ពិតជាត្រូវធ្លាក់ទៅកាន់ Championship លីគទីពីរមែននោះ អ្នកគាំទ្ររបស់ពួកគេ ក៏នៅតែបន្តគាំទ្រ និងលើកទឹកចិត្តក្រុម ក៏ដូចជាកីឡាករ តាមរយៈការទិញសំបុត្រទស្សនាដោយផ្ទាល់ ទិញសម្លៀកបំពាក់ និងសម្ភារកីឡានានារបស់ក្លិប ដើម្បីជាការលើកទឹកចិត្ត និងលំហូរហិរញ្ញវត្ថុ ជួយទ្រទ្រង់ក្លិបរបស់ពួកគេ ឱ្យខិតខំប្រឹងប្រែងលេងរហូតឡើងមកកាន់លីគកំពូលនៅអង់គ្លេសវិញ។ ទាំងនេះហើយ សុទ្ធតែជាសកម្មភាពគាំទ្រ ស្រលាញ់ និងលើកស្ទួយវិស័យកីឡាពិតប្រាកដ ។
 
និយាយបែបនេះ ក៏មិនមែនចង់បន្ទោសបង្អាប់អ្នកគាំទ្រកម្ពុជា ឬប្រៀបធៀបជាមួយអ្នកគាំទ្របាល់ទាត់នៅតំបន់អឺរ៉ុបដែរ។ ប៉ុន្តែមហាជន ក៏ចង់ឃើញវិស័យបាល់ទាត់កម្ពុជារីកចម្រើន ដូចបណ្ដាប្រទេសជិតខាង ឬតំបន់អឺរ៉ុបដូចគ្នា ។ ដូច្នេះគួរឈប់ប្រើពាក្យស្រលាញ់តែមាត់ ហើយគ្មានសកម្មភាពជួយវិស័យកីឡា បែរជាចាំតែរិះគន់ឡើយ។ អ្នកស្នេហាវិស័យកីឡាទាំងអស់ គួរតែចំណាយពេលវេលាចូលរួមគាំទ្រ និងទស្សនាក្រុម ដែលខ្លួនស្រលាញ់ពីចិត្តពិតប្រាកដ និងចូលរួមសកម្មភាពនានា ដើម្បីជួយទ្រទ្រង់ក្រុមទាំងនោះ ឱ្យមានការរីកចម្រើនទៅមុខ។  
 

Tag:
 បាល់ទាត់
  បឹងកេត
  បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com