អន្តរជាតិ
អូស្រា្តលី ហាមឃាត់ការនាំចេញសារធាតុអាលុយមីណាទៅរុស្ស៊ីជាការដាក់ទណ្ឌកម្មបន្ថែម
20, Mar 2022 , 4:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
អូស្រ្តាលី នៅថ្ងៃទី២០ ខែមីនា បានប្រកាសបិទការនាំចេញភ្លាមៗលើសារធាតុអាលុយមីនីញ៉ូម​ និងអាលុយមីញ៉ូម ​រួមទាំងសារធាតុបុកស៊ីតទៅកាន់រុស្ស៊ី។​ រដ្ឋាភិបាលអូស្រ្តាលី បានបញ្ជាក់ថា ការដាក់បម្រាមនាំចេញនេះ ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ីលើការវាយលុកអ៊ុយក្រែន។

 
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិឈ្លានពានចូលអ៊ុយក្រែន អូស្រ្តាលីមិនបង្អង់យូរឡើយលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ។ រដ្ឋាភិបាលអូស្រ្តាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ៖« រុស្ស៊ី បានពឹងផ្អែកការនាំចូលអាលុយមីនីញ៉ូមប្រមាណ២០ភាគរយពីអូស្ត្រាលី»។ វិធានការនេះ នឹងជួយរឹតត្បិតសមត្ថភាពរបស់រុស្ស៊ីក្នុងការផលិតសារធាតុអាលុយមីញ៉ូម ដែលជាសារធាតុដ៏សំខាន់សម្រាប់ការនាំចេញរបស់រុស្ស៊ី។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល​នេះ ​ ​រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់ក្រុមហ៊ុននាំចេញ និងស្ថាប័នកំពូល ដែលរងផលប៉ះពាល់ពីការបិទនាំចេញនេះ ហើយខ្លួននឹងស្វែងរកទីផ្សារថ្មី និងពង្រីកទីផ្សារដែលមានស្រាប់។
 
នៅសប្តាហ៍មុន អូស្រា្តលី ​បានដាក់ទណ្ឌកម្មលើបុគ្គលជំនួញរុស្ស៊ីពីររូបដែលជាប់ទាក់ទងនឹងឧស្សាហកម្មរ៉ែ។ មកទល់ពេលនេះ អូស្រ្តាលីបានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីសរុប ៤៤៣នាក់ រួមទាំងអ្នកជំនួញដ៏ជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀ ពូទីន និងស្ថាប័នចំនួន ៣៣ ផ្សេងទៀតដោយភាគច្រើនជាធនាគារ និងស្ថាប័នដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ​ Reuters ។
 
រដ្ឋាភិបាលអូស្រ្តាលី បានបន្តថា​ ខ្លួននឹងបរិច្ចាគធ្យូងថ្មប្រមាណ ៧ម៉ឺនតោន ដល់អ៊ុយក្រែន ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងរងវិបត្តិ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អូស្រ្តាលីដែលជាប្រទេសនាំចេញធ្យូងថ្មច្រើនជាងគេ ត្រូវបានអំពាវនាវឱ្យជួយផ្គត់ផ្គង់ធ្យូងថ្មទៅកាន់បណ្តាប្រទេសដូចជាអ៊ុយក្រែន និងប៉ូឡូញដែលធ្លាប់តែពឹងផ្អែកប្រភពពីរុស្ស៊ី ។ ក្រុមហ៊ុនធ្យូងថ្ម​ Whitehaven កំពុងរៀបចំដឹកជញ្ជូនយ៉ាងឆាប់រហ័ស ហើយឥឡូវនេះ។ ជាមួយគ្នានេះ​​ រដ្ឋាភិបាលអូស្រ្តាលី បានសន្យាបន្ថែមជំនួយសម្ភារយោធា និងជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែនផងដែរ៕
 
 

Tag:
 អូស្រ្តាលី
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com