អន្តរជាតិ
នាយករដ្ឋមន្រ្តីអូស្ត្រាលីថា ​វត្តមានលោក ពូទីន ក្នុងកិច្ចប្រជុំ​G20 ជារឿងមិនអាចទទួលយកបាន
24, Mar 2022 , 9:29 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន បាននិយាយនៅថ្ងៃទី២៤ខែមីនាថា ​ការអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ​ពូទីន ចូលរួមជំនួបជាមួយបណ្តាមេដឹកនាំពិភពលោកដទៃទៀតក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ​ជារឿងដែលមិនអាចទទួលយកបាន។


នៅថ្ងៃទី២៣ ខែមីនា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី បានបញ្ជាក់ថា ​មេដឹកនាំរុស្ស៊ី លោក ពូទីន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស​ G20 ហើយលោក ក៏គ្រោងចូលរួមកិច្ចប្រជុំនេះដែលនឹងរៀបចំឡើងនៅខេត្តបាលី ឥណ្ឌូណេស៊ី នាចុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP ​។
 
យ៉ាងណាមិញ វត្តមានមេដឹកនាំរុស្ស៊ី កំពុងក្លាយជារឿងចម្រូងចម្រាសមួយ ដោយក្រុមលោកខាងលិច មិនចង់ឃើញមុខលោកក្នុងកិច្ចប្រជុំឡើយ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ចេញមុខប្រឆាំងដោយចំហតែម្ដង។ មេដឹកនាំរូបនេះអះអាងថា លោកត្រូវការវត្តមានប្រទេសណា​ដែលមិនឈ្លានពានប្រទេសផ្សេងទៀតស្ថិតក្នុងបន្ទប់ប្រជុំក្រុមប្រទេស​ G20 តែប៉ុណ្ណោះ។
ប្រមុខដឹកនាំអូស្រ្តាលីថែមទាំងនិយាយថា ​​បានទាក់ទងដោយផ្ទាល់ទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី​ ចូកូ វីដូដូ អំពីការចូលរួមរបស់លោក ពូទីន នៅកិច្ចប្រជុំG20 ​ដែលប្រមូលផ្ដុំដោយបណ្តាថ្នាក់ដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោកមាន អាម៉េរិក ចិន ជប៉ុននិងប្រទេសអឺរ៉ុបមួយចំនួនជាដើមផង។
 
«រុស្ស៉ី បានឈ្លានពានអ៊ុយក្រែន។ នេះជាសកម្មភាពដ៏ឃៅឃៅ​ដែលបំផ្លាញនឹងច្បាប់អន្តរជាតិទាំងស្រុង។» លោក ម៉ូរីសុន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Melbourne ​បែបនេះ​ដោយបន្ថែមថា ការចូលរួមតុអង្គុយប្រជុំរួមជាមួយពូទីន ជា​រឿងពិបាកទទួលយកណាស់។
 
ខណៈបស្ចិមប្រទេសចង់បណ្តេញរុស្ស៊ីចេញពីក្រុមប្រទេសG20 ​​ចិនឯណោះបានចេញមុខកាន់ជើងរុស្ស៊ី និងចាត់ទុករុស្ស៊ីជាសមាជិកដ៏សំខាន់នៃ G20 ​ហើយថា គ្មានប្រទេសណាមានសិទ្ធិបណ្តេញប្រទេសផ្សេងទៀតចេញ G20 ឡើយ។
 
អស់រយៈពេល១ខែដែលរុស្ស៊ីបើកការវាយប្រហារចូលអ៊ុយក្រែន អូស្រ្តាលី បានដាក់ទណ្ឌកម្មឥតល្ហែលើរុស្ស៊ីដែររួមមានការហាមឃាត់ទំនិញនាំចេញ ការនាំចូលប្រេង។ អូស្ត្រាលី ដាក់ទណ្ឌកម្មលើរុស្ស៊ីចំនួន៤៧៦លើកប្រឆាំងនឹងអភិជនរុស្ស៊ី ​មន្រ្តីជាន់ខ្ពស់ និងស្ថាប័នជាច្រើនទៀត។​ កាលពីថ្ងៃទី២០ខែមីនា ​អូស្រ្តាលី ប្រកាសបិទការនាំចេញ​សារធាតុអាលុយមីណា និងសារធាតុបុកស៊ីតទាំងអស់ទៅកាន់រុស្ស៊ីទៀតផង៕
 
 

Tag:
 អូស្ត្រាលី
  រុស្ស៊ី
  G20
© រក្សាសិទ្ធិដោយ thmeythmey.com