អន្តរជាតិ
អាម៉េរិក និងសម្ព័ន្ធមិត្តប្រាប់ឱ្យក្រុមតាលីបង់បើកសាលាឱ្យក្មេងស្រីចូលរៀនឡើងវិញ
25, Mar 2022 , 7:29 pm        
រូបភាព
កុមារីអាហ្វហ្កានីស្ថាន ទៅដល់សាលារៀន ប៉ុន្តែក្រុមតាលីបង់សម្រេចបិទវិញភ្លាមៗ។ រូបថត Xinhua
កុមារីអាហ្វហ្កានីស្ថាន ទៅដល់សាលារៀន ប៉ុន្តែក្រុមតាលីបង់សម្រេចបិទវិញភ្លាមៗ។ រូបថត Xinhua
អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅថ្ងៃទី២៤ ខែមីនា ថ្កោលទោសការសម្រេចចិត្តរបស់ក្រុមតាលីបង់ក្នុងការបិទអនុវិទ្យាល័យសម្រាប់ក្មេងស្រីនៅទូទាំងអាហ្កានីស្ថាន បន្ទាប់ពីបើកបានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។ បណ្តាប្រទេសលោកខាងលិច ជំរុញឱ្យក្រុមតាលីបង់បើកសាលាឡើងវិញ។


រដ្ឋមន្ត្រីការបរទេសអង់គ្លេស កាណាដា បារាំង អ៊ីតាលី ន័រវែស និងអាម៉េរិក រួមទាំងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប នៅថ្ងៃទី២៤ ខែមីនា បានរិះគន់ក្រុមតាលីបង់ដែលបើកសាលារៀនសម្រាប់ក្មេងស្រី តែបិទវិញភា្លមៗ។ ប្រទេសទាំងនេះអះអាងថា ការសម្រេចចិត្តរបស់ក្រុមតាលីបង់ នឹងធ្វើឱ្យប៉ះពាល់ដល់ការទទួលបានការទទួលស្គាល់ និងការគោរពពីសហគមន៍អន្តរជាតិ។
 
«សកម្មភាពរបស់តាលីបង់ផ្ទុយពីការសន្យារបស់ខ្លួនជាសាធារណៈចំពោះប្រជាជនអាហ្វហ្កានីស្ថាន និងសហគមន៍អន្តរជាតិ»។ សេចក្តីថ្លែងការណ៍ដដែលរបស់ប្រទេសលោកខាងលិចបានលើកឡើងបែបនេះ មុនបន្តជំរុញឱ្យតាលីបង់លុបចោលការសម្រេចចិត្តនេះជាបន្ទាន់។ ទន្ទឹមនឹងការអំពាវឱ្យបើកសាលាឡើងវិញនេះ ប្រទេសលោកខាងលិចក៏បានព្រមានថា សកម្មភាពរបស់តាលីបង់ នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងភាពស្អិតល្មួតក្នុងសង្គម និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ 
 
ការសម្រេចចិត្តរបស់តាលីបង់បន្តបិទសាលារៀនកើតឡើង បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី ២៣ ខែមីនា នៅក្នុងទីក្រុង Kandahar ភាគខាងត្បូងអាហ្វហ្កានីស្ថានដែលជាប្រភពកំណើតរបស់តាលីបង់។ តាលីបង់ ក៏បានអះអាងថា ខ្លួននឹងបន្តបិទសាលាសម្រាប់ក្មេងស្រីរហូតដល់ផែនការសិក្សាស្របតាមច្បាប់សាសនាឥស្លាមត្រូវបានបង្កើតឡើងរួចរាល់។ 
 
ការសម្រេចចិត្តភា្លមៗ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋ និងសហគមន៍អន្តរជាតិ រួមទាំងទទួលបានការថ្កោលទោសពីភ្នាក់ងារមនុស្សធម៌ ក្រុមសិទ្ធិមនុស្ស និងអ្នកការទូតជាហូរហែ។ សហគមន៍អន្តរជាតិបានព្យាយាមជាច្រើនខែដើម្បីដោះស្រាយបញ្ហាប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀន និងខណៈក្មេងស្រីអាហ្វហ្កានីស្ថានទន្ទឹងរង់ចាំការចូលរៀននៅសាលាវិញជាលើកដំបូង ក្រោយមិនបានរៀនសូត្រអស់ជាងប្រាំពីរខែមកហើយ។
 
អំឡុងការគ្រប់គ្រងប្រទេសលើកដំបូងចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ក្រុមតាលីបង់បានរឹតបន្តឹងសិទ្ធិស្ត្រីនិងកុមារី ដោយបានហាមឃាត់ពួកគេមិនឱ្យទទួលបានការអប់រំ និងចូលបម្រើការងារផ្សេងៗ៕ 
 

Tag:
 អាម៉េរិក
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com