អន្តរជាតិ
លោក បៃឌិន នឹងធ្វើទស្សនកិច្ចនៅក្បែរព្រំដែនអ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាព
25, Mar 2022 , 6:29 pm        
រូបភាព
ដោយ:
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ដែលកំពុងទស្សនកិច្ចនៅតំបន់អឺរ៉ុប នឹងធ្វើដំណើរទៅកាន់ទីប្រជុំជនមួយក្បែរព្រំដែនរវាងប៉ូឡូញនិងអ៊ុយក្រែននៅថ្ងៃទី២៥ ខែមីនា។ ទស្សនកិច្ចនេះ បង្ហាញពីគោលបំណងរបស់លោកខាងលិចប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។


 
នៅថ្ងៃទី២៥ ខែមីនា ប្រធានាធិបតអាម៉េរិក ចូ បៃដិន នឹងធ្វើដំណើរតាមរយៈយន្តហោះ Air Force One ទៅកាន់ទីក្រុង Rzeszom ស្ថិតនៅតំបន់ភាគខាងកើតនៃប៉ូឡូញដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រពីអ៊ុយក្រែន។ ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីឆន្ទៈរបស់ក្រុងវ៉ាស៊ីនតោនលើការការពារសម្ព័ន្ធមិត្តណាតូ ដែលបារម្ភពីការរីករាលដាលសង្រ្គាម។
 
មកទល់ពេលនេះ ប្រតិបត្តិការរបស់រុស្ស៊ីនៅអ៊ុយក្រែន មានរយៈពេលមួយខែមកហើយ។ វិមានក្រេមឡាំង ក៏គំរាមប្រើអាវុធនុយក្លេអ៊ែរ បើសិនប្រទេសរងការគំរាម ខណៈដែលព័ត៌មានស្តីពីរុស្ស៊ីប្រើប្រាស់អាវុធគីមីនិងជីវសាស្រ្តលើអ៊ុយក្រែន ក៏ត្រូវបានចែកចាយថែមទៀត។ អាម៉េរិកព្រមានហើយថា បើរុស្ស៊ីហ៊ានប្រើអាវុធគីមី ខ្លួននឹងឆ្លើយតបវិញមិនខាន។
 
នៅថ្ងៃទី២៤ខែមីនា សម្ព័ន្ធយោធាណាតូ បានប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់បណ្តាប្រទេសជាសមាជិកចំនួន៤ រួមមាន រូម៉ានី ហុងគ្រី ស្លូវ៉ាគី និងប៊ុលហ្គារី ដើម្បីត្រៀមខ្លួនជាមុនក្នុងការការពារនិងទប់ស្កាត់ក្នុងករណីដែលរុស្ស៊ីពង្រីកការវាយប្រហារហួសពីអ៊ុយក្រែន៕
 
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com