ជាតិ
សង្គមជាតិ
ហេតុអ្វីសៀវភៅស្តីពីលោក ឃីម សុខហេង មានសារប្រយោជន៍សម្រាប់អ្នកអាន?
29, Mar 2022 , 3:21 pm        
រូបភាព
ភ្នំពេញ៖ មានសៀវភៅជាច្រើនដែលអ្នកអានអាចជ្រើសរើសយកមកអាន។ សៀវភៅណាក៏មានប្រយោជន៍ដែរ។ អានកាន់តែច្រើន ខួរក្បាលកាន់តែរីកចម្រើន។ អំណានប្រៀបបីដូចជាសកម្មភាពនៃការស្រោចទឹកទៅលើរុក្ខដូច្នោះដែរ។ ចុះហេតុអ្វីបានជាត្រូវជ្រើសរើសសៀវភៅស្តីពីជីវិតលោក ឃីម សុខហេង មកអាន?


 
យុវជនដែលបោះបង់ក្តីស្រមៃ អស់សង្ឃឹម លែងចង់តស៊ូក្នុងជីវិត ធុញទ្រាន់នឹងជីវិត នឹងមានសង្ឃឹមឡើងវិញ ក្រោយពេលពួកគេអានសៀវភៅនេះរួចហើយ។ សៀវភៅ៖«ប្តូររបៀបគិត ជីវិតរុងរឿង»របស់លោក ឃីម សុខហេង នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។ 
 
សៀវភៅជាង២០០ទំព័រនេះ និយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែលមានឪពុកម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ តស៊ូសិក្សារៀនសូត្រជាមួយក្តីសង្ឃឹមជានិច្ច ហើយនៅទីបញ្ចប់ តាមរយៈចំណេះវិជ្ជា លោក ឃីម សុខហេង បានប្រែក្លាយជីវភាពក្រីក្ររបស់លោកឲ្យទៅជាគ្រួសារធូរធាក្នុងសង្គមបច្ចុប្បន្ន។ សៀវភៅមួយក្បាលនេះ ទាំងតួអង្គលោកផ្ទាល់ ទាំងអ្នកនិពន្ធ ចង់បង្ហាញថា ទោះក្រីក្រយ៉ាងណា ទោះលំបាកយ៉ាងណា ទោះបុគ្គលនោះមកពីប្រភពណាក៏ដោយ ឲ្យតែមានការអំណត់ ការតស៊ូព្យាយាម គង់តែថ្ងៃណាមួយ បុគ្គលនោះ អាចចាកចេញពីរណ្តៅនៃភាពក្រីក្រ។ 
 
ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជាដើម្បីចាកចេញពីភាពក្រីក្រ លោក ឃីម សុខហេង ចង់ចែករំលែកបទពិសោធន៍ជីវិត និងការតស៊ូក្នុងនាមជាកូនកសិករទៅកាន់យុវជនដទៃទៀតតាមរយៈសៀវភៅរបស់លោក។ លោក ឃីម សុខហេង ផ្សងព្រេង«ស្មុំ»ចំណេះពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់ក្នុងគ្រាលំបាក រួចហើយប្រើប្រាស់ចំណេះរបស់ខ្លួនដើម្បីចែករំលែក និងដើម្បីបង្កើតប្រាក់កាសសម្រាប់គ្រួសារ និងសហគមន៍។ 
 
 
អនុស្សាវរីយ៍ ការសប្បាយ ការឈឺចាប់ រឿងរ៉ាវតស៊ូក្នុងភាពក្រីក្រ រឿងរ៉ាវស្នេហា ជីវិតជំនួញ ភាពជោគជ័យ ការចែករំលែក សកម្មភាពមនុស្សធម៌…។ ទាំងអស់នេះ គឺជាសាច់រឿងដែលត្រូវបានរំលេចនៅក្នុងសៀវភៅកម្រាស់ជាង២០០ទំព័រ ជាភាសាខ្មែរ បារាំង អង់គ្លេស និងភាសាចិន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com