ជាតិ
សេដ្ឋកិច្ច
៣ខែដើមឆ្នាំ២០២២ កម្ពុជា-អាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្ម ២,២ពាន់លានដុល្លារ
19, Apr 2022 , 9:29 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២,២ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ៤១,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ។



ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅអាម៉េរិក ៣ខែនេះ មានទំហំទឹកប្រាក់រហូតដល់ ២,១៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៤៣,៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ១,៤៩ ពាន់លានដុល្លារ​។
 
ចំណែកឯការនាំចូលទំនិញពីអាម៉េរិក មកកម្ពុជា​វិញ មានទំហំជាង៧៦លានដុល្លារ ដោយធ្លាក់ចុះប្រមាណ ០,៨ ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ ៧៧លានដុល្លារ ក្នុងឆ្នាំ២០២១​។ 
 
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាសញ្ញាល្អ សម្រាប់កំណើននាំចេញពីកម្ពុជាទៅអាម៉េរិក។ លោកបន្តទៀតថា ស្របពេលដែលចិន និងអាម៉េរិក កំពុងដំឡើងពន្ធដាក់គ្នានេះ ក៏ជាឱកាសសម្រាប់កម្ពុជា ដែលអាចទាក់ទាញវិនិយោគិនកាន់តែច្រើន ខណៈកម្ពុជាដាក់ឱ្យអនុវត្តច្បាប់វិយោគថ្មី ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានបំណងរកស៊ីនៅកម្ពុជា។
 
ទំនិញដែលកម្ពុជា នាំចេញទៅអាម៉េរិកភាគច្រើនជាទំនិញពីវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ។​ លោក លឹម ហេង បានបន្ថែមទៀតថា កម្ពុជាកំពុងត្រូវការវិនិយោគិនជាច្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា​​ ជាពិសេសទៅលើវិស័យកសិឧស្សាហកម្ម ដែលកែច្នៃផលិតកសិកម្ម និងវិស័យទេសចរណ៍ សំដៅលើការសាងសង់សណ្ឋាគារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
 
សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់នៅលើពិភពលោក បានជាង៤៨ពាន់លានដុល្លារ​ ក្នុងនោះការនាំចេញរបស់កម្ពុជា មាន ១៩,៣ពាន់លានដុល្លារ។  រីឯការនាំចូលវិញ មាន២៨,៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 

Tag:
 អាមេរិក កម្ពុជា​ ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com