អន្តរជាតិ
ពីរខែក្រោយរុស្ស៊ីឈ្លានពាន ជនភៀសខ្លួនអ៊ុយក្រែននៅបរទេសកើនដល់៥,២លាននាក់
25, Apr 2022 , 10:29 pm        
រូបភាព
ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅថ្ងៃទី២៤ ខែ មេសា រាយការណ៍ថា រយៈពេលពីរខែដែលរុស្ស៊ីបានលុកលុយលើអ៊ុយក្រែន ​ប្រជាជនប្រមាណ​៥,២លា​ន​នាក់បានភៀសខ្លួនចេញពីប្រទេសទៅប្រទេសជិតខាងដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ចំណែកប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនក្នុងប្រទេសមានជាង៧,៧លាននាក់។

 
យោងតាមទិន្នន័យរបស់ UNHCR គិតត្រឹមថ្ងៃទី២៤ ខែមេសា ជនភៀសខ្លួនចេញពីអ៊ុយក្រែន​ដោយ​សារតែសង្គ្រាមមានរហូតដល់៥,២លាននាក់ ដែលចំនួននេះកើនលើសទិន្នន័យកាលពីថ្ងៃទី២៣ ខែ​មេសារហូតប្រមាណ២ម៉ឺននាក់។ ក្នុងចំណោមនោះ ប្រជាជនអ៊ុយក្រែនចំនួន១,១លាននាក់ ​បាន​ចាក​ចេញពីប្រទេសអំឡុងខែមេសា។
 
បន្ថែមពីនេះ ជាង៩០ភាគរយនៃជនភៀសខ្លួន៥,២លាននាក់នេះគឺជាស្ត្រី និងកុមារ ខណៈដែល​បុរស​ចាប់ពី១៨ឆ្នាំទៅ៦០ឆ្នាំត្រូវបានតម្រូវឱ្យចូលបម្រើកងទ័ព និងមិនត្រូវបានអនុញ្ញាតឱ្យចេញពីប្រទេស​នោះឡើយ។ UNHCR ក៏បានបញ្ជាក់ចំនួនជនភៀស​ខ្លួន​ដែលកើន​ឡើង​នៅ​ប្រទេស​ជិត​ខាង​នីមួយ​ៗ​ដែ​រ​។ ប៉ូឡូញបានទទួលជនភៀសខ្លួនអ៊ុយក្រែនយ៉ាងហោច២,៨លាននាក់, រូម៉ានី​៧៧​ម៉ឺន​នាក់, រុស្ស៊ី​៥៧​ម៉ឺននាក់, ហុងគ្រី៤៨ម៉ឺននាក់, ម៉ុលដាវី៤៣ម៉ឺននាក់, ស្លូវ៉ាគី៣៥ម៉ឺននាក់ និង​បេឡារុស​២ម៉ឺននាក់។ 
 
ជុំវិញរឿងនេះ ប្រមុខទីភ្នាក់ងារ UNHCR លោក Filippo Grandi បានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា ខណៈសង្គ្រាម និងការបង្ហូរឈាមនៅតែបន្តប្រជាជនអ៊ុយក្រែន និង​ប្រជាជន​ទាំងអស់​ដែល​ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសកំពុងតែជួបភាពភ័យខ្លាច, ទុក្ខព្រួយ, ការបាត់បង់ និងការបែកគ្នាពីមនុស្សជាទីស្រឡាញ់។ លោក Grandi ក៏បានជូនពរឱ្យ​ពួកគេ​អាច​បន្ត​ការ​រស់នៅ​ដោយមានសុវត្ថិភាពទៅមុខទៀតផងដែរ។
 
ក្រៅពីនេះ អង្គការអន្តរជាតិចំណាកស្រុក (IOM) ក៏បានបញ្ជាក់ ថា ក្រៅពីជនភៀសខ្លួន​អ៊ុយក្រែន​៥,២លាននាក់ខាងលើ ពលរដ្ឋចំនួន២១ម៉ឺននាក់ដែលភាគច្រើន​ជា​និស្សិតបរទេស និងពលករ​ចំណាកស្រុកក៏បានភៀសខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនជិតខាងផងដែរតាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។ ចំណែកឯក្នុងស្រុកវិញ IOM ប៉ាន់ស្មាន ថាប្រជាជន៧,៧លាននាក់បាន​ចាកចេញពី​លំនៅឋាន​របស់​ពួកគេតែកំពុងស្ថិតនៅអ៊ុយក្រែននៅឡើយ៕
 
 
 
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com