កីឡាជាតិ
ជាតិ
«សិង្ហបុរី ស្មើជាមួយឡាវ ២-២ ខណៈ ថៃ ចាញ់ ម៉ាឡេស៊ី ១-២»
08, May 2022 , 9:39 am        
រូបភាព
ដោយ៖ ហៀក ឆក

បន្ទាប់ពីសិង្ហបុរី តាមស្មើជាមួយឡាវ ដោយលទ្ធផល ២-២  ខណៈថៃ ត្រូវចាញ់ក្រោមថ្វីជើង ម៉ាឡេស៊ី ១-២ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣១ ដែលវៀតណាមជាម្ចាស់ផ្ទះ។


 
ការប្រកួតដ៏ជក់ចិត្ត ក្នុងពូល B វេលាម៉ោង ១៦:០០ នាទី រវាងក្រុមបាល់ទាត់ យុវជនអាយុក្រោម២៣ឆ្នាំ សិង្ហបុរី បានតាមស្មើ ក្រុមឡាវ នៅចុងម៉ោង។ ការប្រកួតនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយមានការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក រហូតកើតមានគ្រាប់បាល់ដល់ទៅ ៤គ្រាប់។ ដើមតង់ទី១ នាទី១៤ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ កីឡាករ Souksakhone Bouaphiavanh ស៊ុតបញ្ចូលទី១គ្រាប់ ធ្វើឲ្យឡាវ បាននាំមុខ សិង្ហបុរី ១-០ រហូតដល់បញ្ចប់តង់ទី១។ 
 
ចូលដល់ដើមតង់ទី២ នាទី ៤៩ ខ្សែបម្រើប្រយុទ្ធ កីឡាករ Chony Wenpaserth បន្ថែមបាន ១គ្រាប់ទៀត ជាហេតុធ្វើឲ្យក្រុម ឡាវ នាំមុខបណ្តោះអាសន្ន ២-០។ ការប្រកួតដ៏ស្វិតស្វាញមួយនេះ បានបង្ខំចិត្តឲ្យ ក្រុមសិង្ហបុរី បង្កើនការវាយបក រហូតដល់ចុងម៉ោង រកបាន ២គ្រាប់ ក្នុង១នាទី។ ពោលគឺនៅ នាទី៨៩ រកបានដោយ ខ្សែប្រយុទ្ធ Glenn Kweh និង១គ្រាប់ទៀតរកបានដោយ ខ្សែការពារ Jordan Emaview នៅនាទី៩០ ហើយក៏បានរក្សាលទ្ធផល ២-២ រហូតដល់ចប់ការប្រកួត។ ក្រុមរួមពូល B នេះទទួលបានម្នាក់១ពិន្ទុ ក្នុងដៃដូចគ្នា។


 
ចំណែកគូដ៏គួរឲ្យជក់ចិត្តមួយគូទៀត គឺក្រុមយុវជនអាយុក្រោម ២៣ ថៃ ត្រូវចាញ់ ម៉ាឡេស៊ី ដោយការប្រយុទ្ធវាយបកគ្នាចុះឡើង រហូតរបូតគ្រាប់បាល់ដល់ទៅ ៣ គ្រាប់។ តង់ទី១ ខ្សែប្រយុទ្ធកីឡាករថៃ Patrik Gustavasson ស៊ុតបញ្ចូលទីបាន ១គ្រាប់ នាំមុខ ម៉ាឡេស៊ី ១-០ ស្រាប់តែនាទី ៤១ ខ្សែការពារ Jonathan Khemdee បានបង្កកំហុសដោយរារាំង ខ្សែបម្រើស្លាបស្តាំ កីឡាករ Syahir Bashah ហើយទទួលបានកាតក្រហម ត្រូវបណ្តេញចេញពីការប្រកួត។ ឈានចូលដល់តង់ទី២ អ្វីៗត្រូវបានប្រែប្រួលនៅ នាទី៦១ ខ្សែប្រយុទ្ធ Danial Asri  បានស៊ុតបំប៉ោងសំណាញ់ទី១គ្រាប់ តាមស្មើ និងនៅចុងម៉ោង នាទី ៩០+៣ ខ្សែប្រយុទ្ធដែលទើបនឹងដូរចូលនៅតង់ទី២ កីឡាករ Azfar Fikri រកបានគ្រាប់ទី២ នាំជ័យជម្នះ ធ្វើឲ្យ ម៉ាឡេស៊ីទទួលបាន ៣ពិន្ទុ ឈរលេខ១ បណ្តោះអាសន្នក្នុងពូល B ។
 
គួរឲ្យដឹងផងដែរថា ក្រុមបាល់ទាត់ សិង្ហបុរី នឹងត្រូវជួបក្រុម ថៃ នៅថ្ងៃទី០៩ ខែឧសភា ខណៈ ក្រុមម៉ាឡេស៊ី នឹងត្រូវជួបក្រុម ឡាវ នៅថ្ងៃពុធ ទី១១ ខែឧសភា នៅកីឡដ្ឋាន Thien Truong ៕
 

Tag:
 បាល់ទាត់
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com