ជាតិ
សុខភាព
ការធ្វើលំហាត់ប្រាណ ផ្តល់ផលវិជ្ជមានចំពោះជំងឺរលាកសន្លាក់ឆ្អឹង
08, May 2022 , 4:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការហាត់ប្រាណ ផ្តល់ផលវិជ្ជមានសម្រាប់អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) ខ្លាំងណាស់ ហើយវាគួរតែជាវិធី​ព្យាបាលចម្បងសម្រាប់ជំងឺនេះទៀតផង។ នេះបើតាមការណែនាំព្រាង​ថ្មីរបស់វេបសាយសេវា​សុខ​ភាពជាតិអង់គ្លេស (NHS)។  

 
ជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) គឺជាជំងឺសាមញ្ញមួយ ដែលបានកើនឡើងលើ​ប្រជាជនប្រហែល ៧,៤លាននាក់នៅក្នុងអង់គ្លេស ដោយមានអាយុចាប់ពី ៤៥ឆ្នាំឡើង។ ជំងឺរលាក​សន្លាក់កើត​ឡើងនៅពេលមនុស្សមានវ័យកាន់តែចាស់ឡើង ដែលធ្វើឱ្យសន្លាក់​ចុះខ្សោយ​ និងនៅពេលមានរបួស។ ការលើសទម្ងន់ ក៏ជាកត្តាហានិភ័យមួយដែរ ដែលបង្ក​ឱ្យមានជំងឺ​រលាកសន្លាក់។ 
 
ការណែនាំនាពេលថ្មីៗនេះ បានបង្ហាញថា ការហាត់ប្រាណផ្តល់ផលល្អសម្រាប់អ្នកមានជំងឺ​រលាកសន្លាក់ឆ្អឹង (Osteoarthritis) ខ្លាំងណាស់ ហើយវាគួរតែជាវិធីព្យាបាលចម្បង​សម្រាប់ជំងឺនេះទៀតផង។ យ៉ាងណាមិញ អ្នកជំងឺរលាកសន្លាក់ភាគច្រើនរងការឈឺចាប់​ត្រង់កន្លែងរលាក ឬឡើងរឹង និងហើមជាដើម។ ការណ៍នេះវាបានរំខានដល់ការធ្វើលំហាត់​ប្រាណរបស់អ្នកជំងឺ បើទោះវាមានប្រសិទ្ធភាពព្យាបាលជំងឺរលាកសន្លាក់ក៏ដោយ។
 
វិទ្យាស្ថានជាតិសម្រាប់ឧត្តមភាពសុខភាព និងការថែទាំ (NICE) បានអះអាងថា នៅពេល​អ្នកជំងឺរលាកសន្លាក់ហាត់​ប្រាណ វាអាចឈឺចាប់ខ្លាំងនៅពេលចាប់ផ្តើម ប៉ុន្តែបន្ទាប់មកវា​មិនសូវឈឺចាប់ដូចដំបូងឡើយ។ វាលំបាកបន្តិចតែវាអាចជួយអ្នកជំងឺរលាកសន្លាក់ឆ្អឹងឱ្យ​មានសុខភាពល្អប្រសើរឡើង ដោយអាចធ្វើចលនាបត់បែនត្រង់សន្លាក់បានស្រួលជាងមុន ហើយថែមទាំងជួយ​បញ្ហាទម្ងន់ទៀត។ ការធ្វើលំហាត់ប្រាណគឺជាវិធីព្យាបាលចម្បង​សម្រាប់អ្នកជំងឺរលាក​សន្លាក់ឆ្អឹង មិនមែនការទទួលទានឱសថបំបាត់ការឈឺចាប់ទេ។
 
មួយវិញទៀត ប្រសិន​បើអ្នកជំងឺឈឺចាប់ត្រង់សន្លាក់ គ្រូពេទ្យជំនាញណែនាំឱ្យប្រើថ្នាំលាប​ប្រឆាំងនឹងការរលាក ឬលេបថ្នាំ Ibuprofen ដែលជាថ្នាំព្យាបាលការឈឺចាប់ និងរលាក ប៉ុន្តែមិនត្រូវលេបថ្នាំមានជាតិអាភៀនខ្លាំងនោះទេ។
 
ជាការពិត លំហាត់ប្រាណបង្កើតសាច់ដុំ និងជួយមនុស្សរក្សាទម្ងន់ ធ្វើឱ្យរាងកាយមាន​សុខភាពល្អ ហើយវាមានសារៈសំខាន់សម្រាប់គ្រប់គ្រងជំងឺពុកឆ្អឹង។ លំហាត់ប្រាណ​ជាទូទៅ ដែលល្អសម្រាប់អ្នកមានជំងឺសន្លាក់ មានដូចខាងក្រោម។ 
 
សកម្មភាពរាងកាយមានកម្រិតស្រាលដូចជាការដើរ ជិះកង់ និងហែលទឹក។ ការហាត់​ប្រាណដែលធ្វើចលនាដោយប្រើសាច់ដុំសំខាន់ៗ ដូចជាចលនាលើកជើង ប្រសិនបើអ្នក​មាន​សន្លាក់ជង្គង់មិនល្អ។ ការធ្វើបែបនេះអាចជួយរក្សា និងពង្រឹងសាច់ដុំជើង ដើម្បីទ្រទ្រង់ និង​ការពារសន្លាក់ដែលមានបញ្ហា។ ការធ្វើលំហាត់ប្រាណដើម្បីស្រូបយកអុកស៊ីសែន គឺល្អសម្រាប់​បេះដូង និងសួត ព្រមទាំងរក្សាលំនឹងផងដែរ។ អ្វីដែលសំខាន់ គ្រប់គ្នាត្រូវកម្ដៅសាច់ដុំមុន​ពេលចាប់ផ្តើមចលនាហាត់ប្រាណ ​ហើយសម្រាកសាច់ដុំបន្តិចមុនពេលបញ្ចប់ការហាត់។ ទោះយ៉ាងណា អ្នកជំងឺគួរជួបពិភាក្សាជាមួយគ្រូពេទ្យផ្ទាល់ខ្លួន ដើម្បីដឹងច្បាស់ពីរបៀប​ហាត់ប្រាណឱ្យត្រូវបានស្ថានភាពជំងឺខ្លួន។
 
គួរបញ្ជាក់ថា ការហាត់ប្រាណតាមរបៀបត្រឹមត្រូវមិនប៉ះពាល់ដល់សន្លាក់ឆ្អឹងទេ។ ការហាត់​ប្រាណអាចជួយដល់ជំងឺរលាកសន្លាក់ទៅវិញទេ។ ដូច្នេះការណែនាំនេះមានសារៈសំខាន់​ណាស់សម្រាប់អ្នកជំងឺសន្លាក់ ដើម្បីផ្តល់វិធីដោះស្រាយបញ្ហា និងផ្តល់ទំនុកចិត្តបន្ថែម​ទៀតដើម្បីផ្លាស់ប្តូររបៀបរស់ឱ្យទទួលបានសុខភាពល្អ និងមានគុណភាពជីវិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com