នៅពេល​ព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យ​លើក​ញ្ញា ម៉ូ​និក …
ជាតិ
ព្រះមហាក្សត្រ
នៅពេល​ព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យ​លើក​ញ្ញា ម៉ូ​និក …
17, Jun 2020 , 7:59 am        
រូបភាព
​សៀវភៅ «The Queen Mother: An Eventful Life» ជាដ​ង្វា​យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅក្នុង​ឱកាស​ខួប ចម្រើន​ព្រះ​ជន្មាយុ​គម្រប់​៨០​ព្រះវស្សា​។ សៀវភៅ​នេះ​ត្រូវបាន​និពន្ធ​ដោយ​លោក Julio A. JELDRES អតីត​អ្នកសរសេរ​ព្រះរាជ​ជីវប្រវត្តិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​ត្រូវបាន​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១៦ ជា​ភាសា​អង់គ្លេស ដើម្បី​រៀបរាប់​អំពី​ខ្សែជីវិត និង​ព្រះរាជ​សកម្មភាព​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ របស់​សម្តេចព្រះ​មហាក្សត្រី​។ ក្នុងចំណោម​អនុស្សាវរីយ៍​ទាំងឡាយ ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​សៀវភៅ ក៏មាន​ដំណើររឿង​នៃ​ប្រវត្តិ​ស្នេហា​រវាង ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី​ផងដែរ​។ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​ប្រសូត្រ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយមាន​ឈ្មោះ​ពី​កំណើត Paule-Monique Izzi ជា​កូនស្រី​ទី​ពីរ​នៃ​ឪពុក​ជនជាតិ​បារាំង​កាត់​អ៊ីតាលី លោក Jean-François Izzi និង​អ្នក​ម្តាយ នាម ចៅ​ឃុន ប៉ុ​ម ពាង​។​

 
ដោយ​យល់ឃើញ​ពី​តម្លៃ​នៃ​សេចក្តីស្នេហា​ដ៏​មាន​ភក្តីភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ ចំពោះ​សម្តេចព្រះ​មហាក្សត្រី និង​ដោយ​យល់ឃើញថា នេះ​ជា​ប្រវត្តិ​ស្នេហា​ពិត​ដែល​ពុំមាន​ប្រជាពលរដ្ឋ​ច្រើន​បានដឹង​ឭ ហើយក៏​ដូចជា​ចូលរួម​ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៨៤ យាង​ចូល​៨៥​ព្រះវស្សា សារព័ត៌មាន​ថ្មីៗ​សូម​អនុញ្ញាត​ដកស្រង់ និង​ប្រែ​សម្រួល​អត្ថបទ​និយាយ​ពី​ប្រវត្តិ​ស្នេហា​រវាង​ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សី​ហុន ចេញពី​សៀវភៅ The Queen Mother: An Eventful life ដើម្បី​ចែកជូន​អ្នកអាន​របស់​សារព័ត៌មាន​ថ្មីៗ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖ 
 
​តាមពិត អនាគត​សម្តេចព្រះ​មហាក្សត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​និង​ស្គាល់​ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហនុ តាំងពី​កុមារី​មក​ម្លេះ តាមរយៈ​ឪពុក​របស់​នាង គឺ លោក Jean-François Izzi ដែលជា​មិត្ត​ជិតស្និទ្ធ​ព្រះករុណា​ព្រះ សុរាម្រិត​។ រីឯ​មាតា​របស់​កញ្ញា គឺ​អ្នកស្រី ប៉ុ​ម ពាង ដែល​ជិតស្និទ្ធ​ជាមួយ​ជាមួយ​ព្រះអង្គម្ចាស់ និង​ព្រះ​ម្ចាស់​ក្ស​ត្រី នរោត្តម សុធារស ជា​ព្រះ​អាយ្យ​កោ និង​ព្រះ​អាយ្យ​ការបស់​ព្រះករុណា នរោត្តម សីហនុ​។ យោងតាម​ទស្សនា​វ​ដ្តី Time លោក Jean-François Izzi គឺជា​បុរស​ជនជាតិ​បារាំង​កាត់​អ៊ីតាលី ហើយ​បានមក​បំពេញការងារ​ឲ្យ​ធនាគារ Credit Foncier នៅ​ឥណ្ឌូចិន​នេះ ហើយ​ដែល​បាន​ក្លាយជា​ស្វាមី​របស់​អ្នកស្រី ប៉ុ​ម ពាង​។​
 
​លោក អ៊ី​ហ្ស៊ី ដែលមាន​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​ញាតិវង្ស​ព្រះករុណា ព្រះ​នរោត្តម សុរាម្រិត នោះ តែងតែ​ចេញចូល​នៅ​រាជដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិតនៅលើ​មហាវិថី ឡេង ស៊ីសុវត្ថិ ក្បែរ​វិមានឯករាជ្យ​។ លោក​តែងមាន​អារ​រ​ម្មណ៍​ស្និទ​ស្នាល និង​សប្បាយរីករាយ នៅពេល​បាន​នៅ​ជាមួយ​ព្រះអង្គម្ចាស់ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី​។ លោក អ៊ី​ហ្ស៊ី តែងតែ​ថ្វាយ​សៀវភៅ​ល្អៗ​ពី​ប្រទេស​បារាំង​ទៅ​ក្សត្រា នរោត្តម សីហនុ ដូចជា Ali Baba, A Thousand, One nights, Bicot Bicotin និង​សៀវភៅ​នានា​ផ្សេងទៀត​។​
 
​ថ្ងៃមួយ នៅពេលដែល​កូនស្រី ម៉ូ​និក អាយុ​បាន​១២​ឆ្នាំ នាង​បានរួម​ដំណើរ​ជាមួយ​អ្នក​ម្តាយ​របស់​នាង ដើម្បី​ទៅសួរសុខទុក្ខ​ព្រះ​ញាតិវង្ស​នៃ​ព្រះអង្គម្ចាស់ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី សុរាម្រិត ហើយ​ក៏បាន​ជួបនឹង​ព្រះមហាក្សត្រ នរោត្តម សីហនុ​។ ព្រះមហាក្សត្រ​វ័យក្មេង នរោត្តម សីហនុ បាន​មាន​ព្រះរាជឱង្ការ​ប្រាប់​អ្នកស្រី ប៉ុ​ម ពាង ថា ក្នុងពេល​ពីរ​បី​ឆ្នាំ​ទៀត ព្រះអង្គ​នឹង​យាង​ចូល​ស្តីដណ្តឹង​កញ្ញា ម៉ូ​និក ដើម្បី​រៀប​អភិសេក​ហើយ​។ នៅពេលនោះ អ្នកស្រី ប៉ុ​ម ពាង បាន​ឆ្លើយតប​វិញ​យ៉ាង​ដូច្នេះ​៖«​ព្រះអង្គ​! ព្រះអង្គ​ល្បីល្បាញ​ថា មាន​ដៃគូ​ស្នេហា​ច្រើនណាស់​។ រៀងរាល់​៦​ខែ ព្រះអង្គ​តែង​ប្តូរ​ស្រី​កំណាន់​។ សូម​ព្រះអង្គ​ទុកឱ្យ​កូនស្រី​របស់ខ្ញុំ​ម្ចាស់​បាន​ស្វែងរក​ស្វាមី​ល្អ​និង​ស្មោះត្រង់ ដែលជា​ក្សត្រ​ដែលមាន​មហេសី តែមួយ គឺ​មិនមែនជា​អង្គ​ក្សត្រ​ដែលមាន​មហេសី​ច្រើន​ដូច​ព្រះអង្គ​នោះឡើយ​។​»​។​


 
​ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅក្នុង​ពិធី​ប្រឡង​បវរកញ្ញា​ដែល​គាំទ្រ​ដោយ​អង្គការ​យូណេស្កូ ព្រះមហាក្សត្រ នរោត្តម សីហនុ ដែលមាន​ព្រះរាជ​វត្តមាន​នៅក្នុង​ពិធី​នោះដែរ បាន​លើកទឹកចិត្ត​ឱ្យ​កញ្ញា ម៉ូ​និក ចូលរួម​ក្នុង​ការប្រឡង​ជ្រើសរើស​បវរកញ្ញា​នោះដែរ​។ ប៉ុន្តែ​កញ្ញា​ម៉ូ​និក ដែល​មិនបាន​ត្រៀមខ្លួន​ថា​នឹងចូលរួម​ក្នុងការ​ប្រឡង​នោះ បាន​ឆ្លើយតប​ទាំង​អៀនប្រៀន​ទៅ​ព្រះរាជា សីហនុ ថា​៖«​ព្រះអង្គ​! បើសិនជា​ខ្ញុំម្ចាស់​មិន​ឈ្នះ​នៅក្នុង​ការប្រឡង​នេះ​ទេ ខ្ញុំម្ចាស់​ច្បាស់​ជា​យំ​ហើយ​។ តើ​ព្រះអង្គ​មាន​អ្វី​លួង​ខ្ញុំម្ចាស់​ទេ​?»
 
​ព្រះមហាក្សត្រ សីហនុ បាន​ឆ្លើយតប​ទៅ​កញ្ញា ម៉ូ​និក វិញ​ថា បើសិនជា នាង​ពុំមាន​សំណាង​បាន​ជាប់​ក្នុង​ការប្រឡង​បវរកញ្ញា​នោះទេ ព្រះអង្គ​នឹង​ផ្តល់​រង្វាន់​ជា​ពានប្រាក់​ដែលមាន​ឆា្ល​ក់​ក្បាច់​យ៉ាង​ស្រស់ស្អាត ហើយ​អ្នកចូលរួម​ទាំងអស់​នឹង​ទះដៃ​សាទរ​នាង​ដោយ​ក្តី​រីករាយ​។​
 
​តាមពិត នៅក្នុង​ពិធី​នោះ អនាគត​សម្តេចព្រះ​មហាក្សត្រី​នៃ​កម្ពុជា​បានឈ្នះ​ការប្រកួត​ប្រឡង​បវរកញ្ញា ហើយ​ក្រោយមក មិនយូរប៉ុន្មាន ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​សុំ​ទៅ​អ្នកស្រី ប៉ុ​ម ពាង ជា​មាតា ដើម្បី​ចូល​ស្តីដណ្តឹង​កូនស្រី​របស់គាត់​។ នៅពេលនោះ លោក អ៊ី​ហ្ស៊ី បានទទួល​មរណភាព​ហើយ​។​
 
​អ្នកស្រី ប៉ុ​ម ពាង ជា​មាតា​បាន​យល់ព្រម​រៀបចំ​អាពាហ៍ពិពាហ៍​កូនស្រី​ជាមួយនឹង​ព្រះមហាក្សត្រ នរោត្តម សីហនុ បន្ទាប់ពី​ទទួលបាន​ការផ្តល់​យោបល់​ពី ឃុន​ព្រះ​ម្នាង បុ​ប្ជា​ន​លក្ខណ៍ មាឃ ដែលជា​អ្នកគ្រប់គ្រង​នារី​ទាំងអស់​ក្នុង​ព្រះបរមរាជវាំង​ក្នុង​រជ្ជកាល​ព្រះ ស៊ីសុវត្ថិ មុនី​វង្ស និង​ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្ស​រៈ ដែលជា​បងប្អូនជីដូន​មួយ និង​ជា​ដៃគូ​កីឡា​តិ​ន្នី​ស​របស់​ព្រះរាជា នរោត្តម សីហនុ​។​
 
​នៅក្នុង​ឆ្នាំ ១៩៥២ ដើម្បី​អបអរ​ពិធី​រៀប​អភិសេក ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​ព្រះរាជ​និពន្ធ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​រាត្រី​ដែល​បាន​ជួប​ភក្ត្រ​» (Le soir où je t’ai rencontrée) ជា​ចង្វាក់ ឆា​-​ឆា​-​ឆា ដែល​មានន័យ​ដូចខាងក្រោម​នេះ​៖
 
 

​នៅក្នុង​ឆ្នាំ ១៩៥៣ ព្រះមហាក្សត្រ​បាន​និពន្ធ​បទ​ចម្រៀង​បូ​លេ​រ៉ូ​មួយ​បទ​ទៀត​ដែលមាន​ចំណងជើង​ថា «​ម៉ូ​នី​កា​»​។ ជាថ្មី​ម្តងទៀត តាមរយៈ​បទ​ចម្រៀង​មួយ​នេះ គឺ​ព្រះមហាក្សត្រ ព្រះបិតា​ជាតិ ចង់បង្ហាញ​ពី​ក្តី​ស្នេហា​ចំពោះ​ព្រះមហាក្សត្រី ដែលមាន​អត្ថន័យ​ដូចខាងក្រោម​នេះ​៖
 

 
​បន្ទាប់​ពីបទ ម៉ូ​នី​កា នេះ នៅ​ឆ្នាំ​១៩៥៤ សម្តេចព្រះ​បិតា​ជាតិ​ក៏បាន​ព្រះរាជ​និពន្ធ​បទ​ចម្រៀង​មួយទៀត​គឺ «​កុលាប​ភ្នំពេញ​» ដើម្បី​បញ្ជាក់​អំពី​សេចក្តីស្នេហា​របស់​ព្រះអង្គ​ចំពោះ​ព្រះវររាជ​មាតា​។​
 
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​បន្ទាប់ពី​ឆ្នាំ​នោះមក ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ ព្រះ​នរោត្តម សីហនុ បានសម្រេច​ព្រះរាជហឫទ័យ​ធ្វើជា​ក្សត្រ​ដែលមាន​មហេសី​តែមួយ​ព្រះអង្គ ដោយ​បោះបង់ចោល ទំនៀមទម្លាប់​ប្រពៃណី​ចាស់​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ដែលមាន​មហេសី​ច្រើន​។​
 
​ចាប់តាំងពី​ពេលនោះ​មក ស្នេហា​ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី មាន​រយៈពេល​៦០​ឆ្នាំ រហូតដល់​ឆ្នាំ​២០១២ ឆ្នាំ​ដែល​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ បាន​សោយ​ព្រះ​ទិវង្គត​៕
 
 










Tag:
 ព្រះ​នរោត្តម សីហនុ​
  ព្រះករុណា​
  សម្តេចព្រះ​មហាក្សត្រី​
  Monique Izzi
  Queen mother
© រក្សាសិទ្ធិដោយ thmeythmey.com