ជាតិ
សិល្បះ
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់​ ណៃ បាន​ធូរស្រាលពី​ជំងឺ​បន្តិច តែ​ពេទ្យនៅ​បន្ត​តាម​ដាន​អាការ
08, May 2022 , 3:59 pm        
រូបភាព
រូបផ្ដល់ឱ្យ
រូបផ្ដល់ឱ្យ
ភ្នំពេញ​៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ នេះ អាការ​ជំងឺ​របស់​ព្រឹទ្ធាចារ្យចាប៉ីដង​វែង​​ គង់ ណៃ បាន​ធូរ​ស្រាល​ពី​ជំងឺ​ លើស​ឈាម លើស​ជាតិ​ស្ករ ខ្វះគ្រាប់​ឈាម និង​ជំងឺ​សួត បន្តិច​​ហើយ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ គ្រូ​ពេទ្យ​នៅ​តែបន្ត​តាមដាន​អាការជំងឺ​របស់​លោក​បន្ថែម​។

 
លោក គង់ សម័យ​ ត្រូវ​ជា​កូន​​ប្រុស​ពៅ​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា ឪពុក​របស់​លោកនៅ​ពេល​នេះមាន​ស្ថាន​ភាព​ធូរ​ស្បើយ​ខ្លះ​ ប៉ុន្តែ​នៅ​មិន​ទាន់​រឹង​មាំ​ឡើយ​។ លោក​បាន​បន្ថែម​ថា សមាជិក​គ្រួសារ បាន​បញ្ជូន​លោក​ព្រឹទ្ធា​ចារ្យ​ទៅ​មន្ទីរ​ពេទ្យ​ក្រោយ​ព្រឹទ្ធាចារ្យ​មាន​អាការ​ហត់​ខ្លាំង និង​អស់​កម្លាំង​។ 
 
«អាការ​ដំបូង​គាត់​ហត់ខ្លាំង​អស់​កម្លាំង​ ទើប​យើង​បញ្ជូន​គាត់​មក​ពេទ្យ​។ ពេទ្យ​មិន​ទាន់​ប្រាប់​ថា​គាត់ (ព្រឹទ្ធាចារ្យគង់ ណៃ) ​អាច​ចេញ​ពី​ពេទ្យ​ពេល​ណា​ឡើយ គេ​នៅ​តាម​ដាន​សិន​។ ឥឡូវ គាត់ហូបបាយបានតិចណាស់ ពេទ្យឱ្យតបផ្លែឈើ តែហូបតិចតួចបាន និងហូបបន្លែឱ្យបានច្រើន។ ការ​ចំណាយ​យើង​ក៏​មិន​ទាន់​ដឹង​ដែរ ទាល់​តែ​ចេញ​ពី​ពេទ្យ ទើប​យើង​ដឹង​។មក​ដល់​ពេក​នេះ មាន​ក្រសួង​វប្បធម៌ ជួយ​ជា​ជំនួយ​​ដែរ​។»។
 
ព្រឹទ្ធាចារ្យ គង់ ណៃបាន​ចូល​សម្រាក​ព្យាបាល​​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពតកាល​ពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​៨​យប់​។ ព្រឹទ្ធាចារ្យ​កោសល្យ​វោហាកោសល្យ​គង់ ណៃ បច្ចុប្បន្ន​មាន​ជន្មា​យុ​៧៧​ឆ្នាំ​។ លោក​មាន​កូន​១០​នាក់ ស្រី​៤​នាក់​៕

Tag:
 ចាប៉ី
  គង់ ណៃ​
  សិល្បៈ​បុរាណ
  មន្ទីរ​ពទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com