ជាតិ
ផ្ទះពលរដ្ឋប្រមាណ ១៥០គ្រួសារ ត្រូវជន់លិច ដោយសារបាក់ទំនប់ទឹកមួយកន្លែង​នៅខេត្តរតនគិរី
22, May 2022 , 4:19 pm        
រូបភាព
ទឹក បានជន់លិចដល់ដំបូលផ្ទះពលរដ្ឋ និងចម្ការចេករបស់ក្រុមហ៊ុន វៀតណាម ស្ថិតក្នុងភូមិអូរបី ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី) រូបពី ម៉ាក់ សៀវម៉េង
ទឹក បានជន់លិចដល់ដំបូលផ្ទះពលរដ្ឋ និងចម្ការចេករបស់ក្រុមហ៊ុន វៀតណាម ស្ថិតក្នុងភូមិអូរបី ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី) រូបពី ម៉ាក់ សៀវម៉េង
ភ្នំពេញ៖ ភ្លៀងធ្លាក់ជាច្រើនថ្ងៃ ធ្វើឱ្យទំនប់ទឹកក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី បានបាក់ នឹងបណ្ដាលឱ្យផ្ទះពលរដ្ឋប្រមាណ១៥០គ្រួសារ រងការខូចខាតទ្រព្យសម្បត្តិ។ មកដល់ពេលនេះ ទឹកបានស្រក់អស់ហើយ តែពលរដ្ឋហាក់នៅមានការព្រួយបារម្ភ ក្រោយទំនប់ទឹកមួយទៀត មានស្នាមប្រេះ ដែលអាចបាក់ក្នុងពេលឆាប់ៗ។

 
ប្រជាពលរដ្ឋឱ្យដឹងថា ទឹក បានជន់លិច ហើយផ្ទះខ្លះត្រូវធ្លុះរហែកជញ្ជាំង និងដំបូល ហូរតាមទឹក  ទ្រព្យសម្បត្តិមួយចំនួនត្រូវរងការខូច ជាពិសេស ប៉ះពាល់ដល់ចម្ការចេករបស់ក្រុមហ៊ុនវៀតណាមប្រមាណ២៧០០០ហិកតា។ 
 
ពលរដ្ឋបម្រើការងារក្នុងចម្ការចេករបស់ក្រុមហ៊ុនវៀតណាមម្នាក់ ដែលមិនសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា ផ្ទះពលរដ្ឋចំនួន ១៥០គ្រួសារ ដែលកំពុងរស់នៅលើដីក្រុមហ៊ុន​ ត្រូវរងការជន់លិចធ្ងន់ធ្ងរ ដោយសារការបាក់ទំនប់ទឹកក្រុមហ៊ុន ស្ថិតក្នុងភូមិអូរបី ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្ទះ និងទ្រព្យសម្បត្តិជាច្រើនដូចជា ឡាន ម៉ូតូ ត្រូវហូរអណ្ដើតតាមទឹក ចាក់ចូលទៅអូរក្នុងភូមិ។ 
 


ពលរដ្ឋរូបនេះ រៀបរាប់ដូច្នេះថា៖«ផ្ទះខ្លះនៅជាប់មាត់ទំនប់ គឺហូរទៅតាមទឹកទាំងអស់តែម្ដង។ ក្រៅពីផ្ទះ មានម៉ូតូ ភាគច្រើនចូលទឹក និងអណ្ដែតតាមទឹក ក្នុងនោះក៏មានឡានមួយគ្រឿងផងដែរ។ (ទំនប់) បាក់លឿនពេក គឺបាក់ភ្លាម លិចភ្លាម ហើយអ្នកលក់ដូរវិញ ត្រូវរត់ចោលលុយកាក់»។ 
 
ពលរដ្ឋទាំង១៥០ គ្រួសារនេះ សុទ្ធសឹងតែជាកម្មកររបស់ក្រុមហ៊ុនដាំចេកខាងលើ ហើយត្រូវបានក្រុមហ៊ុន ផ្ដល់ទីតាំងឱ្យរស់នៅក្រាមទំនប់ទឹក។ ទោះបីជាទឹកស្រក់អស់ តែពលរដ្ឋទាំងនោះ មានអារម្មណ៍ថាមិនទាន់សុវត្ថិភាពនោះ ដោយសារទំនប់ទឹកធំមួយទៀត មានស្នាមប្រេះ ដែលអាចបាក់ក្នុងរយៈពេលដ៏ខ្លី។ 
 
ប្រភពដដែល អះអាងថា អាជ្ញាធរ បានចុះមកពិនិត្យស្ថានភាពខូចខាត និងណែនាំឱ្យពលរដ្ឋរើទៅរស់នៅជាប់មាត់ទន្លេស្រែពកវិញ​ តែត្រូវបានពលរដ្ឋបដិសេធ ដោយសារតំបន់នោះ ក៏ជាកន្លែងជន់លិចធ្ងន់ធ្ងរដូចគ្នា។ ពលរដ្ឋរូបនេះ ទទូចឱ្យអាជ្ញាធរ ជួយជម្លៀសពួកគេទៅកាន់ទីទួលសុវត្ថិភាព ខណៈក្រុមហ៊ុន មិនអាចឱ្យដីផ្សេងក្រៅពីតំបន់ក្រោមទំនប់ទឹកនោះទេ។  
 
ពលរដ្ឋរូបនេះ បន្ថែមដូច្នេះថា៖«អាជ្ញាធរគាត់ចង់ឱ្យយើង រើទៅនៅមាត់ទន្លេ តែខាងមាត់ទន្លេហ្នឹង គ្រាន់តែភ្លៀងមកលិចខ្លាំងជាងតំបន់ដែលខ្ញុំរស់បច្ចុប្បន្នទៀត។ អ៊ីចឹង ប្រជាពលរដ្ឋ គាត់អត់ចង់ទៅនៅមាត់ទន្លេហ្នឹងទេ។ ព្រោះអី យើងដេកអត់លក់ មិនដឹងថាទឹកហ្នឹងលិចពេលណាទៀតទេ អ៊ីចឹង យើងភ័យខ្លាចរត់មិនទាន់ទេ»។ 
 


ទិដ្ឋភាពក្រោយទឹកស្រក់

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ជាថ្ងៃច្រើនមកនេះ មានភ្លៀងធ្លាក់យ៉ាងគំហុក ធ្វើឱ្យបាក់ទំនប់ស្តុកទឹកមួយកន្លែង របស់ក្រុមហ៊ុន ថាកូ ដែលជាក្រុមហ៊ុនដាំចេក របស់វៀតណាមស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ ទឹកជំនន់នេះ មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ 
 
លោក ប្រាប់ដូច្នេះថា៖«ទឹកជំនន់នេះ កើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ អ៊ីចឹង វាមិនខ្លាំងខ្លា រហូតដល់គ្រោះថ្នាក់នោះទេ គ្រាន់តែប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋបន្តិបន្តួច ព្រោះផ្ទះខ្លះត្រូវលិចទឹកចូលបន្ទប់ និងខូចខាតម៉ូតូជាដើម»។ 
 
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក ភ្លៀងនឹងបន្តធ្លាក់ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែឧសភា ក្នុងកម្រិតខ្សោយទៅច្រើន។ ស្ថានភាពបែបនេះ បណ្ដាលពីឥទ្ធិផលជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីកម្រិតបង្គួរទៅខ្លាំង៕
 
​ 
 
 
 
 

Tag:
 បាក់ទំនប់ទឹកស្រុកកូនមុំ
  ទឹកជំន់
  ខេត្តរតនៈគិរី
© រក្សាសិទ្ធិដោយ thmeythmey.com