ជាតិ
បទសម្ភាសន៍
​យុវតីជនជាតិដើមភាគតិច លេក ការី ប្រឹងជួយការងារសង្គម ដោយជម្នះឪពុកម្តាយ ដែលឱ្យរៀបការទាំងវ័យក្មេង
30, May 2022 , 9:00 am        
រូបភាព
 យុវតី លេក ការី  ជនជាតិដើមភាគតិចព្រៅបានកាន់តំណែងមួយថ្ងៃ ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា  កាលពីថ្ងៃទី៣០មីនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុកផេក អង្គការភ្លែនកម្ពុជា
យុវតី លេក ការី ជនជាតិដើមភាគតិចព្រៅបានកាន់តំណែងមួយថ្ងៃ ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី៣០មីនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុកផេក អង្គការភ្លែនកម្ពុជា
ដោយ៖ ហេង ស្រីលីន

រតនគិរី៖ លេក ការី ជាយុវតីជនជាតិដើមភាគតិចព្រៅម្នាក់ ដែលជម្នះផ្នត់គំនិតបុរាណរបស់ឪពុកម្តាយ និង គំនាបប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។ ជាង២ឆ្នាំមកហើយ​ដែលក្មេងស្រីវ័យ១៩រូបនេះ ចូលប្រឡូកកិច្ចការងារសង្គម ជាពិសេសផ្តោតសំខាន់លើការលើកកម្ពស់ការសិក្សា និងបញ្ហាការរៀបការទាំងវ័យក្មេង ដល់យុវជន ក្នុងសហគមន៍ជនជាតិភាគតិចព្រៅតែម្តង។​

 
ស្ថិតនៅក្នុងសហគមន៍មួយកន្លែង មានយុវតីម្នាក់គ្រងឈុតពណ៌ក្រហមដោយមានឆ្នូតកាត់ទទឹង នៃសម្លៀកបំពាក់ពណ៌ស និងខ្មៅ ដែលបង្ហាញអំពីឯកសណ្ឋានប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅ  កំពុងអង្គុយបត់ជើងនៅលើគ្រែ ដើម្បីចែករំលែកអំពីអត្ថប្រយោជន៍នៃការសិក្សាដល់កុមារ និងយុវជនមួយក្រុម នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃមួយដើម ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។​
 
យុវតីដែលបានរៀបរាប់ខាងលើនោះ គឺជា លេក ការី។ នាង តែងតែឆ្លៀតពេលទំនេរពីសិក្សា ​ឬ ​យកពេលថ្ងៃសៅរ៍-អាទិត្យ  ដើម្បីផ្សព្វផ្សាយពីតម្លៃនៃការរៀនសូត្រ, បញ្ហាសុខភាពបន្តពូជ​ដែលបណ្តាលមកពីការរៀបការទាំងវ័យក្មេង  និងធ្វើការងារស្ម័គ្រចិត្តនានានៅសហគមន៍របស់ខ្លួន ដែលមានចម្ងាយប្រមាណ៥៧គីឡូម៉ែត្រពីក្រុងបាលុង។  
 
 ការី កំពុងឡើងធ្វើបទបង្ហាញក្នុងកម្មវិធីអ្វីមួយ។ រូបថត៖ ហ្វេសប៊ុក Lek Karry 
 
«ខ្ញុំរៀននៅសាលារដ្ឋ គឺមានពេញម៉ោង និងពេញសប្តាហ៍តែម្តង។ មានពេលតែសៅរ៍-អាទិត្យ ដែលខ្ញុំអាចឆ្លៀតទៅធ្វើកិច្ចការសហគមន៍​ ហើយការងារសហគមន៍ វាមិនត្រឹមតែមានមួយមុខ សម្រាប់យើងធ្វើ គឺវាច្រើនមែនទែន»។ នេះជាការលើកឡើងរបស់ការី។ សិស្សថ្នាក់ទី១១នៅវិទ្យាល័យតាវែងរូបនេះ បន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ៖ « យើងរៀនផង! ធ្វើការផង! ពេលខ្លះវាហត់ក៏ពិតមែន! ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាបញ្ហានោះទេ​ ព្រោះគ្មានអ្វីបានមកដោយស្រួលនោះទេ។ បើយើងចង់បានជីវិតមួយដ៏ល្អ​ប្រសើរ អ៊ីចឹងវាត្រូវតែយើងត្រូវលះបង់​ពេលវេលា និងកម្លាំងកាយ និងទឹកចិត្ត»។​
 
សកម្មភាពការងារ​សង្គមដែល ការី ប្រឹងប្រែងធ្វើក្នុងរយៈពេលជាង២ឆ្នាំមកនេះ មិនសូវទទួលបានការគាំទ្រពីប្រជាសហគមន៍ទេ ជាពិសេសពីសំណាក់ឪពុកម្តាយរបស់ខ្លួនតែម្តង ខណៈនាងត្រូវបានអាជ្ញាធរជាតិ​ និងក្រោមជាតិ អង្គការអភិវឌ្ឍនានា រួមទាំងតំណាងស្ថានទូតប្រចាំកម្ពុជាមួយចំនួន​ ចាត់ទុកជាក្មេងស្រីជនជាតិដើមភាគតិចដ៏គំរូម្នាក់ ដែលកំពុងផ្លាស់ប្តូរភាពអវិជ្ជមានរបស់ប្រពៃណី ដើម្បីអភិវឌ្ឍសហគមន៍។
 
រងសម្ពាធពីឪពុកម្តាយព្រោះតែខ្លួនជាកូនស្រី
 
ការី ជាកូនច្បងក្នុងគ្រួសារដែលមានប្អូនប្រុសពីរនាក់។ នាង សម្រេចចូលប្រឡូកកិច្ចការងារស្ម័គ្រចិត្ត ចាប់តាំងពីចុងឆ្នាំ២០១៩មក ដើម្បីអភិវឌ្ឍចំណេះជំនាញខ្លួន និងសហគមន៍។ មកទល់បច្ចុប្បន្ន ដ្បិតថា សកម្មភាពការងាររបស់តរុណវ័យរូបនេះ បានជះផលវិជ្ជមាន និងគំរូភាពល្អដល់កុមារនិងយុវជន នៅក្នុងសហគមន៍ជនជាតិភាគតិចលើផ្នែកអប់រំ និងបញ្ហានៃការរៀបការទាំងវ័យក្មេង​ក្តី តែឪពុកម្តាយការី​ ហាក់មិនមានមោទកភាពចំពោះកូនស្រីម្នាក់នេះឡើយ។ 
 
«គ្រួសារខ្ញុំ​ អត់សូវគាំទ្រខ្ញុំឱ្យការងារសហគមន៍ទាំងអស់ហ្នឹងទេ ព្រោះពួកគាត់ខ្លាចខ្ញុំរៀនច្រើន»។ ការី លើកឡើងបែបនេះ​ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបន្តរៀបរាប់ទាំងសំឡេងអួលដើមកយ៉ាង​ដូច្នេះ ៖​ «ឪពុកម្តាយខ្ញុំនៅតែមានផ្នត់គំនិត​​ថា ខ្ញុំជាកូនស្រីដែលមិនអាចទៅណាមកណាបានឆ្ងាយពីផ្ទះ និងមិនអាចធ្វើការងារធំដុំបាន!។ គាត់មិនសប្បាយចិត្តឱ្យខ្ញុំធ្វើការងារទាំងអស់ហ្នឹងទេ! ហើយពួកគាត់ក៏មិនគាំទ្រឱ្យខ្ញុំទៅប្រជុំនៅខេត្ត ឬ ឡើងទៅភ្នំពេញ ដើម្បីចូលរួមកម្មវិធីអប់រំ​ និងកម្មវិធីផ្សេងៗឡើយ។ សូម្បីតែកម្មវិធីដែលខ្ញុំត្រូវបានជ្រើសតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាពេញមួយថ្ងៃ កាលនៅថ្ងៃទី៣០មីនា [ឆ្នាំ២០២២] ក៏គាត់មិនគាំទ្រ និងមិនចូលរួម ដែរ»។
 
  កញ្ញា ការី កំពុងអង្គុយ ជាមួយ លោកស្រី ​​​​​​​Devyani ​​​​​​​​​​​​​​​​​​​​​​​​​​Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំកម្ពុជា។ រូបថត៖ ហ្វេសប៊ុកផេក អង្គការភ្លែនកម្ពុជា
 
ទោះបីមិនទទួលបានកម្លាំងចិត្តនិងការទំនុកបម្រុងពីឪពុកម្តាយក្តី ​ប៉ុន្តែ ការី នៅតែឆ្ពោះទៅមុខជានិច្ច ដើម្បីបង្ហាញឱ្យគ្រួសារ និង ប្រជាសហគមន៍របស់ខ្លួន ឃើញថា ក្មេងស្រីគឺត្រូវតែមានឯករាជ្យក្នុងការរៀនសូត្រ និងមានសមត្ថភាពរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកលើបុរស។  បើតាមយុវតីវ័យ១៩ឆ្នាំរូបនេះ នៅពេលក្មេងស្រីជនជាតិដើមភាគតិចទទួលបានការអប់រំពេញលេញ​ នោះអត្រាភាពក្រីក្រ និងរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង នៅក្នុងសហគមន៍ ក៏ធា្លក់ចុះទៅតាមហ្នឹង ផងដែរ។ 
 
ការី បន្តនិយាយដោយភាពជឿជាក់ពោរពេញជាមួយនឹងស្នាមញញឹមយ៉ាងដូច្នេះ៖ «ខ្ញុំចង់លើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិច និងក្មេងស្រីដទៃទៀតក្នុងខេត្តរតនគិរី ឱ្យមានក្តីសុបិនធំ និងចក្ខុវិស័យទាក់ទងនឹងការដឹកនាំ នៅក្នុងសហគមន៍ជនជាតិដើមភាគតិចរបស់ពួកគេ ហើយខ្ញុំចង់ជំរុញកុមារី ឱ្យក្លាយជាអ្នកដឹកនាំ នាពេលអនាគត»។ 
 
ក្មេងស្រី​ក្នុងស្រុកតាវែង​ចាប់ផ្តើមផ្តោតលើការសិក្សាជាងការរៀបអាពាហ៍ពិពាហ៍
 
ការី ជាក្មេងស្រីគំរូដ៏មានសក្កានុពលម្នាក់​សម្រាប់ក្មេងស្រីនៅក្នុងស្រុកតាវែង ដែលមានភាពក្លាហាន និងសកម្មទាំងការងារសង្គម រួមទាំងការសិក្សា។ នេះជាការលើកឡើងរបស់អ្នកស្រី កាពីង ពេជ្រ អភិបាលរងនៃស្រុកតាវែង ខេត្តរតនគិរី ដោយកត់សម្គាល់ ថា រាល់សកម្មភាពការងាររបស់ការី គឺបានជំរុញក្មេងស្រីឯទៀតឱ្យបោះបង់គំនិតរៀបការវ័យក្មេង ហើយប្រឹងស្រវាចាប់យកឱកាសរៀនសូត្រវិញ។ 
 
ត្បិតថា នាអំឡុងឆ្នាំ២០២០ និង២០២១ ចំនួនក្មេងស្រីដែលរៀបការក្នុងវ័យ១៦-១៧ឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែចរន្តនៃការចូលរៀនរបស់ក្មេងស្រី​ក៏មានសន្ទុះកើនខ្លាំង ផងដែរ។ អ្នកស្រី កាពីង ពេជ្រ ថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «បច្ចុប្បន្ន ការសិក្សារបស់ក្មេងស្រីនៅស្រុកតាវែង គឺមានកើនឡើងបើធៀបនឹងឆ្នាំមុនមានកូវីដ-១៩​ ហើយការរៀនសូត្ររបស់ពួកគេក៏ពូកែ ផងដែរ។​ អ្នកខ្លះរៀនពូកែជាងបុរសទៅទៀត»។​ 
 
បើតាមអ្នកស្រី កាពីង ពេជ្រ កំណើននៃការចូលរៀនរបស់ក្មេងស្រីជនជាតិដើមភាគតិចនៅក្នុងស្រុកតាវែងនេះ បានមកពីការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍនានា, គំរូភាពរបស់កញ្ញា លេក ការី ដល់យុវតីដទៃទៀតក្នុងសហគមន៍ ខណៈឪពុកម្តាយ ឬ អាណាព្យាបាលរបស់ក្មេងស្រីមួយចំនួន មានការយល់ដឹងច្រើន​លើការសិក្សារៀនសូត្រ។  
 
ជុំវិញកំណើននៃការសិក្សារបស់ក្មេងស្រីនេះ ក៏មានការចូលរួមយ៉ាងសកម្មភាពពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ផងដែរ។  លោក យី គឹមថាន នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងថា នារយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ អង្គការភ្លែនកម្ពុជា​ បានធ្វើការងារច្រើននៅក្នុងសហគមន៍ជនជាតិដើមភាគតិច​ខេត្តរតនគិរី ដែលផ្តោតទៅលើការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងមានការផ្ទៃពោះក្នុងវ័យជំទង់។
 
«អង្គការភ្លែនកម្ពុជាយើង គឺធ្វើការងារទាក់ទងនឹងការពង្រឹងគុណភាពអប់រំនៅថ្នាក់អនុវិទ្យាល័យ ដោយធ្វើយ៉ាងម៉េចផ្តល់ជាអាហារូបកណ៍ដល់សិស្ស ហើយយើងរៀបចំសាលាឬថ្នាក់រៀនសម្រាប់កុមារ​និងក្មេងស្រី»។ នេះជាការលើកឡើងរបស់លោក យី គឹមថាន ដោយបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖« នៅក្នុងនោះ​យើងក៏បូកបញ្ជូលនឹងការបង្រៀនដល់ក្មេងស្រីពីសុខភាពផ្លូវភេទ និងការបន្តពូជ ទៅតាមថ្នាក់អនុវិទ្យាល័យ ដែរ»។  
 
ក្រៅពីនេះអង្គការភ្លែន ក៏ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ក្មេងស្រី​ ដែលបោះបង់សិក្សា ដើម្បីឱ្យ​ក្មេងស្រីទាំងនោះមានជំនាញមួយច្បាស់លាស់ដែលអាចប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងបាន ដោយពុំចាំបាច់ពឹងផ្អែកលើសេដ្ឋកិច្ចពីបុរស។ 
 
នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជារូបនេះ បន្តរៀបរាប់ដូច្នេះ៖ «ជាមួយគ្នានេះ យើងក៏នៅបន្តផ្តោតលើការផ្សព្វផ្សាយនូវសិទ្ធិទទួលរបស់ក្មេងស្រីឬស្រី្តក្នុងការសិក្សា ក៏ដូចជាឱ្យពួកគាត់យល់អំពីផលវិបាកនៃការរៀបការវ័យក្មេង ហើយបូកជាមួយកម្មវិធីយុវជនអប់រំយុវជនទៅវិញមក ដើម្បីដោះស្រាយបញ្ហារបស់យុវជនដែលរៀបការទាំងវ័យក្មេង»។ 
 
បើតាមលោក យី គឹមថាន សកម្មភាពការងារទាំងនេះ មានការចូលរួមច្រើន ពីសំណាក់យុវជនដែលជាជនជាតិដើមភាគតិច។ ក្នុងនោះ វត្តមានរបស់យុវតី លេក​ ការី គឺជាតួអង្គយ៉ាងសកម្មក្នុងការជួយជំរុញកុមារនិងយុវជនឱ្យទទួលបានការសិក្សា។ 
 
លោកបន្តនិយាយដូច្នេះ៖​ «លើសពីតួអង្គផ្សព្វផ្សាយពីបញ្ហារៀបការវ័យក្មេងក្នុងសហគមន៍, អ្វីដែលខ្ញុំមើលឃើញនោះ​ ការី​ បានកៀរគរថវិកាពីសមាជិកក្រុមរបស់ខ្លួន ទិញកង់ឱ្យក្មេងស្រីនៅក្នុងគ្រួសារក្រីក្រមួយ​ ដើម្បីឱ្យក្មេងស្រីនោះអាចទៅសាលារៀនបាន»។ 
 
២ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ២០២០ ដល់២០២១ ចរន្តនៃការចូលរៀនរបស់ក្មេងស្រី​ មានសន្ទុះកើនខ្លាំងគួរឱ្យកត់សម្គាល់ ។ នោះក៏ដោយសារការចូលរួមដ៏ធំ ពីយុវតី លេក​ ការី ដែលជាក្មេងស្រីជនជាតិដើមភាគតិចម្នាក់ មានសមត្ថភាពកៀរគរធនធានសម្រាប់ជួយយុវជន ក្នុងសហគមន៍របស់ខ្លួន ដើម្បីទទួលបានការរៀនសូត្រ៕ 
 

Tag:
 អប់រំ​
  ជនជាតិដើមភាពគិចព្រៅ
  យុវតី លេក ការី
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com