ជាតិ
បោះឆ្នោត
បក្សឯកភាពជាតិខ្មែរ នឹងបង្កើតអាជ្ញាកណ្តាលជួយដោះស្រាយទំនាស់ក្រៅតុលាការ ជូនពលរដ្ឋនៅមូលដ្ឋាន
30, May 2022 , 5:25 pm        
រូបភាព
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ថ្លែងក្នុងវេទិកាជួបជុំជាមួយសមាជិក សមាជិកា និង អ្នកគាំទ្រ មុនចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សឯកភាពជាតិខ្មែរ
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ថ្លែងក្នុងវេទិកាជួបជុំជាមួយសមាជិក សមាជិកា និង អ្នកគាំទ្រ មុនចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សឯកភាពជាតិខ្មែរ
ដោយ៖ ទេពញាណ 
 
បើមានឱកាសបានឈ្នះឆ្នោតដឹកនាំឃុំ-សង្កាត់ណាមួយ គណបក្សឯកភាពជាតិខ្មែរ នឹងបង្កើតយន្តការជួយដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់នោះ ជាជាងជ្រើសរើសយកការឡើងទៅតុលាការ។ គណបក្សនេះ បានសរសេរពីយន្តការនេះ ចូលទៅក្នុងគោលនយោបាយរបស់ខ្លួន។ 



គណបក្សឯកភាពជាតិខ្មែរ បានតាក់តែងក្នុងគោលនយោបាយដូច្នេះថា៖«គណបក្សឯកភាពជាតិខ្មែរ នឹងបង្កើតក្រុមអាជ្ញាកណ្តាល ដើម្បីដោះស្រាយទំនាស់នានានៅក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ សុចរិតភាព និងមិនប្រកាន់និន្នាការនយោបាយ»។ 
 
ការបង្កើតក្រុមអាជ្ញាកណ្តាលនេះ គឺជាគោលនយោបាយ ដែលស្ថិតក្នុងលេខរៀងទី២ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុចរបស់គណបក្សឯកភាពជាតិ សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់។ 
 
គោលនយោបាយទី១៖ បម្រើសេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋឲ្យឆាប់រហ័ស មានតម្លាភាព គ្មានការរើសអើង និងគ្មានអំពើពុករលួយ។ 
 
គោលនយោបាយទី៣៖ ទប់ស្កាត់រាល់ការដាំដុះ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់សារជាតិញៀនផ្សេងៗ។ 
 
គោលនយោបាយទី៤៖ សហការជាមួយអ្នកវិនិយោគ អង្គការសង្គមស៊ីវិល ដើម្បីបង្កើតការងារ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។
 
គោលនយោបាយទី៥៖ ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។ 
 
គោលនយោបាយទី៦៖ បង្កើតសេវាសង្គ្រោះបន្ទាន់នៅតាមមណ្ឌលសុខភាព និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។ 
 
គោលនយោបាយទី៧៖ ជំរុញ លើកទឹកចិត្ត គាំទ្រកម្មវិធីបណ្តុះបណ្តាលវិស័យនានា និងការអប់រំផ្នែកគុណធម៌ សីលធម៌ សុជីវធម៌។ 
 
គោលនយោបាយទី៨៖ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងការគោរពសិទ្ធិមនុស្ស។
 
គោលនយោបាយទី៩៖ ទទួលយកមតិរិះគន់ពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រយោជន៍ដល់ការអភិវឌ្ឍ និងសុខសន្តិភាពជូនជាតិមាតុភូមិ។ 
 
ក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គណបក្សឯកភាពជាតិខ្មែរ ដែលមានលោក អ៊ុន ជឹម ជាប្រធាន រៀបចំបេក្ខជនបាន១៧៨នាក់ សម្រាប់ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន១៤ ក្នុងចំណោមឃុំ-សង្កាត់សរុប១៥៦២នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោត នឹងមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈគណបក្សនយោបាយ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ក្នុងការដើរឃោសនារកសំឡេងឆ្នោត៕ 
 

Tag:
 គណបក្សឯកភាពជាតិខ្មែរ
  គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com