ជាតិ
សេដ្ឋកិច្ច
ពលករខ្មែរ ៣៨នាក់ ចាញ់បោកមេខ្យល់ក្នុងម្នាក់ ២០០ដុល្លារ ដើម្បីបានធ្វើការនៅថៃ
31, May 2022 , 8:59 am        
រូបភាព
លោក លឹង សុផុន តំណាងអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ ចុះទៅ​ជួយអន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ។ រូបពីអង្គការសង់ត្រាល់
លោក លឹង សុផុន តំណាងអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ ចុះទៅ​ជួយអន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ។ រូបពីអង្គការសង់ត្រាល់
ដោយ៖ ញឹក សំអូន
 
លោក លឹង សុផុន តំណាងអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានឱ្យដឹងថា ពលករ ៣៨នាក់ ក្នុងចំណោម ៦៧នាក់ បានបង់ប្រាក់ឱ្យមេខ្យល់ចំនួន ៧០០០បាត ស្មើប្រមាណ ២០៥.៣២ ដុល្លារអាមេរិក ក្នុងម្នាក់ៗ ដើម្បីបានធ្វើការក្នុងរោងចក្រផលិតនំប៉័ងមួយកន្លែងនៅប្រទេសថៃ។

 
តំណាងអង្គការសង់ត្រាល់រូបនេះ បានសហការជាមួយសមាជិកសមាគមមិត្តភាពកម្មករនិយោជិតកម្ពុជាប្រចាំប្រទេសថៃ ហៅកាត់ថា ស៊ីហ្វាត-CFAT ក្នុងស្រុកផាន់ថង ខេត្តឈុនបុរី ចុះទៅជួយដោះស្រាយបញ្ហាប្រឈមរបស់ពលករទាំង ៣៨នាក់នោះ កាលពីថ្ងៃទី២៩ ខែឧសភា។ 
 
លោក លឹង សុផុន បានបន្ថែមថា តំណាងមេការក្នុងរោងចក្រផលិតនំបុ័ងនៅថៃ បានសន្យាប្រគល់ប្រាក់ឱ្យទៅពលករដែលបានបង់ឱ្យមេខ្យល់គ្រប់ចំនួនវិញ ក្រោយជួបជាមួយអង្គការសង់ត្រាល់ ។ 
 
បើតាមលោក សុផុន ពលករ ៨នាក់ បានទទួលប្រាក់មកវិញហើយ កាលពីថ្ងៃទី៣០ ឧសភា ខណៈជាង ២០នាក់ទៀតត្រូវរង់ចាំមួយសប្ដាហ៍ទៀត ដើម្បីឱ្យមេការដោះស្រាយជូនពលករទាំងនោះ។ 
 
ក្រៅពីសន្យាជួយដោះស្រាយបញ្ហាពលករខ្មែរហើយនោះ មេការរោងចក្រផលិតនំប៉័ងនេះ ក៏បានប្រាប់ពលករចាញ់បោកខ្យល់ថា បើពួកគេចង់ធ្វើការនៅទីនោះ រូបគេនឹងទទួលយកធ្វើការវិញ។ ប៉ុន្តែខាងពលករខ្មែរបដិសេធ ដោយទទូចសុំតែប្រាក់របស់ពួកគេវិញប៉ុណ្ណោះ។ នេះបើតាមលោក សុផុន។
 
តំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធបណ្ដាញសង្គម WhatsAPP នៅរសៀលថ្ងៃទី ៣០ ខែឧសភា ដូច្នេះ
៖ « រឿងពលករ និងមេខ្យល់នេះ បានដោះស្រាយរួចរាល់ហើយ គឺនៅចាំតែដល់ថ្ងៃសន្យាគេយកលុយឱ្យពួកគាត់។ បងប្អូនពលករ មិនចង់ធ្វើការនៅកន្លែងរោងចក្រផលិតនំប៉ុងនោះវិញទេ ពួកគាត់ចង់ទៅធ្វើការកន្លែងផ្សេង»។ 


ពលករខ្មែរ ជួបជាមួយតំណាងអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ។ រូបពីអង្គការសង់ត្រាល់
 
កន្លងមកមេខ្យល់សន្យាជាមួយពលករថា នឹងស្វែងរកការងារឱ្យពួកគេធ្វើនៅរោងចក្រផលិតនំបុ័ង ព្រមទាំងរត់ការធ្វើឯកសារបន្តសុពលភាពទិដ្ឋាការ និងធ្វើប័ណ្ណការងារឱ្យបានត្រឹមត្រូវ តាមច្បាប់ការងាររបស់ប្រទេសថៃ ក្នុងតំបន់ឧស្សាហកម្មស្រុកផាន់ថង ខេត្តឈុនបុរី។ លោក លីង សុផុន លើកឡើងបែបនេះ រួចបន្តថា ពលករទាំងនោះ បានរង់ចាំធ្វើការងារតាមការសន្យារបស់មេខ្យល់ជិត ៣ខែ ប៉ុន្តែមេខ្យល់មិនទទួលខុសត្រូវ និងមិនបានរកការងារឱ្យពលករដូចការសន្យានោះទេ។ 
 
លោក លឹង សុផុន បានបន្ថែមថា ទាក់ទងការធ្វើឯកសារទាំងនេះ អង្គការសង់ត្រាល់មិនមានសិទ្ធធ្វើឱ្យពលករនោះទេ គឺអាស្រ័យទៅលើថៅកែថ្មី ដែលពួកគេទទួលយកពលករឱ្យធ្វើការនៅក្នុងក្រុមហ៊ុនគេ ហើយគេនឹងធ្វើឯកសារ ឬបន្តសុពលភាពទិដ្ឋាការ(Visa)ឱ្យពលករទាំងនោះ។
 
ចាប់ពីខែមករា ដល់ចុងខែឧសភានេះ ពលករដែលចូលទៅធ្វើការនៅប្រទេសថៃខុសច្បាប់មានជិត ៣០០០នាក់ ចំណែកអ្នកទៅធ្វើការស្របច្បាប់តាមប្រព័ន្ធ MOU មានជាង ៣០០០នាក់។ ប៉ុន្តែបើធៀបនឹងអ្នកចេញចូលខុសច្បាប់ គឺមានចំនួនច្រើនជាងអ្នកស្របច្បាប់។ នេះបើតាមការលើកឡើងរបស់លោក លីង សុផុន៕
 
 

Tag:
 ពលករខ្មែរ
  សង់ត្រាល់
© រក្សាសិទ្ធិដោយ thmeythmey.com