កីឡាជាតិ
ជាតិ
ប្រាក់ ធីវ៉ា ជាប់ជម្រើសជាតិជាថ្មី ក្រោយជួយភ្នំពេញក្រោន ឈ្នះពានខេមបូឌានលីគខាប់
31, May 2022 , 3:48 pm        
រូបភាព
ប្រាក់ ធីវ៉ា លើកដៃអរគុណដល់អ្នកគាំទ្រ ក្រោយប្តូរចេញ(ប្រភព PPC)
ប្រាក់ ធីវ៉ា លើកដៃអរគុណដល់អ្នកគាំទ្រ ក្រោយប្តូរចេញ(ប្រភព PPC)
ដោយ៖ហៀក ឆក

បន្ទាប់ពីបង្ហាញទម្រង់លេងល្អ និងជួយក្លិបភ្នំពេញក្រោនឲ្យឈ្នះពានរង្វាន់ខេមបូឌានលីគខាប់ កីឡាករ ប្រាក់ ធីវ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលជម្រើសជាតិសាជាថ្មី កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២។


ក្រោយអាក់ខានជាប់ជម្រើសជាតិជាយូរ ពេលនេះកីឡាករ ប្រាក់ ធីវ៉ា ត្រូវបានកោះហៅឲ្យមកចូលរួមក្នុងក្រុមជម្រើសជាតិវិញ បន្ទាប់ពីរូបគេធ្វើបានល្អក្នុង ការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ កាលពីពេលថ្មីៗកន្លងទៅ។ ធីវ៉ា បានជាប់ជាកីឡាករឆ្នើម នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ២៨ ឧសភា នាកីឡដ្ឋាន ស្មាត អ អេស អិន ដោយភ្នំពេញក្រោន យកឈ្នះ វិសាខា ២-១។ ប្រាក់ ធីវ៉ា ក៏ចូលរួមរកគ្រាប់បាល់បាន ១គ្រាប់ដែរក្នុងការប្រកួត។ 
 
ពេលបានដឹងថាខ្លួនបានជាប់ជម្រើសជាតិសាជាថ្មី ធីវ៉ា បានសម្តែងអារម្មណ៍រំភើបថា ៖«មុនដំបូងអត់ទាន់ដឹងទេ ពេលលេងចប់ជាមួយ វិសាខា ហើយឭថាគ្រូ ហុង ដា(គ្រូជម្រើសជាតិកម្ពុជា)គាត់ហៅ ពេលម៉ោង ១១ យប់អីហ្នឹង ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលដែរ ថាយើងនៅមានឈ្មោះជាប់ដែលគ្រូគាត់កោះហៅ។ ប្រហែលគាត់ឃើញសមត្ថភាពខ្ញុំលេង(ភ្នំពេញក្រោន)ជាមួយ វិសាខា ហ្នឹងហ្មង ហើយអារម្មណ៍ក៏សប្បាយ សប្បាយចិត្តដែលជាប់ជម្រើសជាតិឡើងវិញ»។ 


 ប្រាក់ ធីវ៉ា ជាមួយពានខេមបូឌានលីគខាប់(ប្រភព Thiva Prak)

ការយកចិត្តទុកដាក់ហ្វឹកហាត់ និងស្ដាប់តាមការណែនាំរបស់គ្របង្វឹក ជាចំណុចសំខាន់ដែលជួយឱ្យទម្រង់លេងរបស់ ប្រាក់ ធីវ៉ា មានភាពប្រសើរឡើងវិញ។ កីឡាកររូបនេះ បានប្រាប់សារពត៌មានថ្មីៗដូច្នេះថា៖ «នៅក្នុងក្លិប គ្រូឲ្យយើងយល់ពីការលេងតួនាទីខ្លួនឯងយើងត្រូវលេងយ៉ាងម៉េច រត់យ៉ាងម៉េច ពួកយើងទាំងអស់គ្នាលេងយល់ចិត្តគ្នា ថានរណាត្រូវរត់ទៅខាងណា ទម្រង់លេងរបស់គ្រូគាត់ច្បាស់លាស់»។
 
ប្រាក់ ធីវ៉ា បានជាប់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ , អាយុក្រោម២៣ឆ្នាំ និងឈុតធំ នៅអំឡុងឆ្នាំ២០១៧ ។ ក្រោយមកខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោនរូបនេះ ក៏ខកខានបង្ហាញខ្លួនឱ្យជម្រើសជាតិ អស់ជាង៤ឆ្នាំមកហើយ៕
 
 

Tag:
 កីឡាបាល់ទាត់
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com