ជាតិ
កម្ពុជា នឹងចាប់យកឱកាសផ្សព្វផ្សាយ និងលក់កញ្ចប់ទេសចរណ៍ ក្នុងកម្មវិធីបង្ហាញផ្លូវនៅឥណ្ឌូណេស៊ី
02, Jun 2022 , 9:59 pm        
រូបភាព
ការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ដល់ទីផ្សារឥណ្ឌូនេស៊ី នៅទីក្រុង ហ្សាការតា កាលពីឆ្នាំ២០២០ (រូបពី ក្រសួងទេសចរណ៍)
ការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ដល់ទីផ្សារឥណ្ឌូនេស៊ី នៅទីក្រុង ហ្សាការតា កាលពីឆ្នាំ២០២០ (រូបពី ក្រសួងទេសចរណ៍)
ភ្នំពេញ៖  ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow-Visit Cambodia NEXT as a Safe,Warm Clean and Green Tourism Destination»នៅទីក្រុងមេដាន ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ដល់២៥ ខែមិថុនានេះ។ កម្មវិធីនេះ នឹងជួយបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូណេស៊ី។

 
ពិព័រណ៍ទេសចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា និងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជនកម្ពុជា-ឥណ្ឌូណេស៊ី។ ជាពិសេស ផ្ដោតលើការលក់ កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា លើទីផ្សារឥណ្ឌូណេស៊ី។ 
 
លើសពីនេះ កម្មវិធីនេះ ក៏ចូលរួមផ្សព្វផ្សាយអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយកូវីដ ដោយបង្កើនភាពទាក់ទាញក្នុងលក្ខខណ្ឌគោលដៅទេសចរណ៍ម៉ាយ(MICE) និងបន្តផ្សព្វផ្សាយពី «កម្ពុជា ជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់សមាគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជានៅឥណ្ឌូណេស៊ី។ មិនតែប៉ុណ្ណោះ ក្រសួង គ្រោងរៀបចំកិច្ចពិភាក្សាការងារផ្ទាល់ រវាងអ្នកលក់ក្នុងស្រុក និងអ្នកទិញឥណ្ឌូណេស៊ីផងដែរ។ 
 
គួរបញ្ជាក់ថា ក្នុងវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុកន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានជំរុញឱ្យរដ្ឋសមាជិកពិចារណាក្នុងការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញដែរ ដោយចាប់ផ្ដើមពីចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន និងស្របតាមផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩៕ 
 
 
 
 

Tag:
 ពិព័រណ៍ទេសចរណ៍
  វិស័យទេសចរណ៍កម្ពុជា
  ទេសចរណ៍ក្រោយកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com