អន្តរជាតិ
រុស្ស៊ី ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិនក្នុងខែឧសភា ជាមួយតម្លៃថោក
20, Jun 2022 , 3:39 pm        
រូបភាព
នាវាដឹកប្រេងមួយមានវត្តមាននៅកំពង់ផែ Qingdao ក្នុងខេត្ត Shandong របស់ចិន។ រូបភាព៖ AFP
នាវាដឹកប្រេងមួយមានវត្តមាននៅកំពង់ផែ Qingdao ក្នុងខេត្ត Shandong របស់ចិន។ រូបភាព៖ AFP
រុស្ស៊ី នៅក្នុងខែឧសភា នាំចេញប្រេងឆៅទៅកាន់ចិនប្រមាណ៨,៤២លានតោន។ នេះជាចំនួនដ៏ខ្ពស់បំផុត បើធៀបនឹងរយៈពេលកន្លង ខណៈប្រេងទាំងនោះ សុទ្ធតែមានតម្លៃថោក។ ការនាំចេញប្រេងមកចិនដ៏ច្រើនបែបនេះ បានធ្វើឱ្យរុស្ស៊ី ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំរបស់ចិនដោយនាំមុខអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា។

 
សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ជាពិសេសការរឹតត្បិតលើការនាំចូលប្រភពថាមពល។ ចំណាត់ការបែបនេះ ធ្វើឡើងដើម្បីទប់ស្កាត់រុស្ស៊ីកុំឱ្យបង្វែរចំណូល ដែលបានមកពីការលក់ប្រភពថាមពល ទៅធ្វើសង្រ្គាមជាមួយអ៊ុយក្រែន។ ការរឹតកបែបនេះ បានធ្វើឱ្យក្រុងមូស្គូត្រូវសម្រេចចិត្តលក់ប្រភពថាមពល ជាពិសេសប្រេងឆៅក្នុងតម្លៃថោកៗ ដោយចិន និងឥណ្ឌា ដែលក្លាយជាទីផ្សារដ៏ធំរបស់ខ្លួន។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ី បានកើនឡើង៥៥ភាគរយ បើធៀបនឹងឆ្នាំមុន។ ទិន្នន័យនេះ បានធ្វើឱ្យរុស្ស៊ី ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ច្រើនបំផុតសម្រាប់ចិន ដោយនាំមុខអារ៉ាប៊ីសាអូឌីត ដែលធ្លាប់ជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ច្រើនបំផុតរបស់ចិន នាពេលកន្លង។ 
 
រដ្ឋបាលគយចិន បានបង្ហាញទិន្នន័យថា ចិនបាននាំចូលប្រេងឆៅពីរុស្សីរហូតដល់ ៨,៤២លានតោនឯណោះ នៅក្នុងឧសភា ដោយក្រុងប៉េកាំងបាននាំចូលប្រេង ១,៩៨លានបារ៉ែលក្នុងមួយថ្ងៃពីក្រុងមូស្គូ។ នៅក្នុងខែមេសាកន្លងទៅ ចិនបាននាំចូលប្រេងឆៅពីរុស្ស៊ី ត្រឹមតែ១,៥៩លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។ 
 
ការនាំចេញមកចិនដ៏ច្រើនបែបនេះ បានបង្ហាញថា រុស្ស៊ីនៅតែមានទីផ្សារលក់ប្រេងឆៅ បើទោះទីផ្សារអាម៉េរិក និងសហភាពអឺរ៉ុបត្រូវរឹតត្បិតក៏ដោយ។ បន្ថែមពីនេះ ឥណ្ឌា ក៏ជាទីផ្សារដ៏ធំសម្រាប់រុស្ស៊ីដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានដដែលដោយស្រង់ទិន្នន័យពីក្រុមហ៊ុន Refinitiv Eikon ឥណ្ឌា នៅក្នុងខែឧសភា បាននាំចូលប្រេងឆៅពីរុស្ស៊ីចំនួន ២៤លានបារ៉ែល ខណៈខែមិថុនា ឥណ្ឌា ត្រូវបានរំពឹងថា អាចនាំចូលប្រេងពីរុស្ស៊ី ក្នុងទំហំ ២៩លានបារ៉ែល។ 
 
ក្រៅពីរុស្ស៊ី ចិន នាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតចំនួន ៧,៨២លានតោន, អ៊ីរ៉ាក់ ៤,៦លានតោន,អង់ហ្គោឡា ៣,១លានតោន ប្រេស៊ីល ២,២លានតោន និងបណ្តាប្រទេសផ្សេងទៀត។ 
 
សូមបញ្ជាក់ថា បើទោះតម្រូវការប្រេងក្នុងស្រុកត្រូវធ្លាក់ចុះ ដោយសារតែវិធានការបិទខ្ទប់ក្នុងប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនដូចជា ក្រុមហ៊ុន Sinopec និងក្រុមហ៊ុន Zhenhua Oil នៅតែបង្កើនទិញប្រេងដែលមានតម្លៃថោកពីរុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ ប្រទេសទាំងនេះ សុទ្ធតែលក់ប្រេងឆៅក្នុងតម្លៃថោក ដោយសារតែរងទណ្ឌកម្មពីអាម៉េរិក។ ម្យ៉ាង ចិនចង់ជំនួសការនាំចូលប្រេងពីអាហ្រ្វិកខាងលិច និងប្រេស៊ីល ដែលត្រូវចំណាយពេលដឹកជញ្ជូនយូរផង៕ 
 

Tag:
 រុស្ស៊ី
  ចិន
  អាម៉េរិក
  អ៊ុយក្រែន
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com