ជាតិ
សេដ្ឋកិច្ច
CamDigiKey ជំនាន់ ២.០ ត្រូវបានដាក់ឱ្យដំណើរការ
05, Jul 2022 , 6:59 pm        
រូបភាព
រូបApp CamDigiKey ។ រូបភាព capture ពីឆានែលយូធូប Online Business Registration Service ។_
រូបApp CamDigiKey ។ រូបភាព capture ពីឆានែលយូធូប Online Business Registration Service ។_
ដោយ ៖ធន់ សេងហុង 

ភ្នំពេញ ៖ កម្មវិធី CamDigiKey ជំនាន់ទី ២.០ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៤ កក្កដា។ ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន តាមរយៈអនឡាញ ( e-Verification ) និងមានសុវត្ថិភាព ចំពោះអ្នកទទួលសេវា ពីប្រតិបត្តិការអនឡាញ ។


លោក​ គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា លក្ខណៈពិសេសថ្មី របស់កម្មវិធី CamDigiKey ជំនាន់ ២.០ នេះ គឺអាចផ្ទៀតផ្ទាត់​ និងវិភាគមុខមនុស្ស ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់បម្លែងព័ត៌មាន ដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone ។
 
បើតាមលោក ម៉ារី កម្មវិធី CamDigiKey ក៏អាចផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ក្នុងកម្មវិធីទូរស័ព្ទផ្សេងទៀត ដោយមិនតម្រូវឱ្យអ្នកធ្វើការចុះឈ្មោះឡើងវិញ ក្នុងករណីទូរស័ព្ទនោះ ត្រូវបានភ្ជាប់ជាមួយកម្មវិធី CamDigiKey ។ 


 លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត ៖ MEF ។

ជាងនេះទៅទៀត អ្នកប្រើប្រាស់ផ្ទៀតផ្ទាត់អត្តសញ្ញាណតែម្តងគត់ ហើយអាចចូលទៅប្រើប្រាស់នូវគេហទំព័រដទៃបាន ដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណឡើងវិញ ឬស្គែន QR Code ម្តងទៀតឡើយ ។ នេះបើតាមលោក គង់ ម៉ារី បានថ្លែងពីលក្ខណៈពិសេសរបស់ CamDigiKey ។ 
 
គូសបញ្ជាក់ផងដែរថា ថ្នាល CamDigiKey ជាគន្លឹះជំរុញការអនុវត្តឌីជីថលនៅកម្ពុជា ដែលស្របទៅតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ។ ថ្នាលនេះមិនត្រឹមតែ អាចកំណត់អត្តសញ្ញាណអតិថិជនអនឡាញ (e-Verification) ប៉ុណ្ណោះទេ ថែមទាំង ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពចំពោះអ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការអនឡាញ ៕
 

Tag:
 សេដ្ឋកិច្ច
  Camdigital
© រក្សាសិទ្ធិដោយ thmeythmey.com