ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវកែប្រែជាលើកទី១០
08, Jul 2022 , 10:50 am        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
ដោយ: ថ្មីៗ
រដ្ឋាភិបាលកម្ពុជា បានពិភាក្សាគ្នាស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០។ ប៉ុន្តែ គេមិនទាន់ដឹងថា មានចំណុចណាខ្លះក្នុងរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវធ្វើវិសោធនកម្មនោះទេ ដោយត្រូវរង់ចាំការបកស្រាយពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។



នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំក្រោមអធិបតីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាពី «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» ដែលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រកាសព័ត៌មានលើគណនីហ្វេសប៊ុករបស់លោកថា «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» ដែលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ជូនដំណឹងទៀតថា សម្តេច ហ៊ុន សែន បានចាត់តាំងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យធ្វើសន្និសីទកាសែត ដើម្បីបកស្រាយលម្អិតពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មីនេះ។ ចំពោះពេលវេលា និងទីតាំងនៃការធ្វើសន្និសីទកាសែត នឹងត្រូវកំណត់ដោយលោករដ្ឋមន្រ្តីយុត្តិធម៌។

តាមនីតិវិធី ក្រោយរដ្ឋាភិបាលអនុម័តរួច «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» នឹងត្រូវបញ្ជូនតៗគ្នាទៅកាន់ស្ថាប័នកំពូលចំនួន៣ទៀត រួមមាន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយចុក្រោយ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។ 

គេហទំព័ររបស់ក្រុមប្រឹក្សធម្មនុញ្ញ បានឲ្យដឹងថា រដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបង្កើតឡើងនៅឆ្នាំ១៩៩៣ បានឆ្លងកាត់ការធ្វើវិសោធនកម្ម៩លើករួចមកហើយ។ 

លើកទី១ នៅឆ្នាំ១៩៩៤ ធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី។

លើកទី២ នៅឆ្នាំ១៩៩៩ បង្កើតស្ថាប័នព្រឹទ្ធសភា។

លើកទី៣ នៅឆ្នាំ២០០១ ថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងការប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ។

លើកទី៤ នៅ២០០៥ កែប្រែកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំង២នេះ។

លើកទី៥ នៅឆ្នាំ២០០៦ កែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល។

លើកទី៦ នៅឆ្នាំ២០០៨ កែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីកម្ពុជា។

លើកទី៧ នៅឆ្នាំ២០១៤ ផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ 

លើកទី៨ នៅឆ្នាំ២០១៨ ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ 

លើកទី៩ នៅឆ្នាំ២០២១ កំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូប គឺ ប្រធានក្រុមប្រឹក្សធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្រ្តី) ត្រូវមានសញ្ញាតិខ្មែរតែមួយគត់ ដោយមិនត្រូវមានសញ្ញាតិបរទេសឡើយ៕

Tag:
 រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com