សុខភាព
អន្តរជាតិ
UN នឹងស៊ើបអង្កេតលើករណីកុមាររងគ្រោះ​ក្នុង​សង្គ្រាមអ៊ុយក្រែន
12, Jul 2022 , 9:29 pm        
រូបភាព
កុមារអ៊ុយក្រែន​ កំពុងរុករកថ្នាក់រៀនរបស់ពួកគេដែលត្រូវបានបំផ្លាញដោយសារគ្រាប់ផ្លោងរបស់រុស្ស៊ី។ រូបថត AFP
កុមារអ៊ុយក្រែន​ កំពុងរុករកថ្នាក់រៀនរបស់ពួកគេដែលត្រូវបានបំផ្លាញដោយសារគ្រាប់ផ្លោងរបស់រុស្ស៊ី។ រូបថត AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅថ្ងៃទី១១ ខែកក្កដា បានបញ្ជា​ឱ្យ​បើក​ការ​ស៊ើបអង្កេតលើការស្លាប់ និងករណីរបួសកើតលើកុមារនៅអ៊ុយក្រែន ខណៈ​សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីកាន់តែតានតឹង។ ការស៊ើបអង្កេតនេះធ្វើឡើង​ក្រោយ ឧត្តមស្នងការអង្គការសហ​ប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) អះ​អាងថា ​មានព័ស្តុតាង​បញ្ជាក់ពីទង្វើឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី។


«នៅក្នុងទិដ្ឋភាពសង្រ្គាមដែលកំពុងកើតមាននៅអ៊ុយក្រែន ការប្រើអំពើហិង្សាលើជន​ស៊ីវិល និងកុមារ បានកើតឡើងដោយសារជម្លោះដ៏តានតឹងនេះ។ វានឹងក្លាយ​ជាស្ថានភាពគួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​ផ្ដល់​ផលប៉ះពាល់ភ្លាមៗ ហើយគួរតែដាក់បញ្ចូលក្នុង​របាយការណ៍ឆ្នាំក្រោយ»។ អគ្គលេខាធិការ UN  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េស បានបញ្ជាក់បែបនេះក្នុងរបាយ​ការណ៍ស្តីពីកុមារ និង​ជម្លោះប្រដាប់អាវុធឆ្នាំ២០២២ ចេញថ្ងៃទី១១ ខែកក្កដា ជាមួយនឹងការបង្គាប់ឱ្យស៊ើបអង្កេតករណីបំពានលើកុមារ​អ៊ុយក្រែន​។
 
ការបញ្ជាឱ្យស៊ើបអង្កេតករណីកុមារដែលរងគ្រោះនៅអ៊ុយក្រែនធ្វើឡើងក្រោយ ឧត្តមស្នង​ការអង្គការសហ​ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) លោកស្រី Michelle Bachelet អះអាងថា ការិយាល័យលោកស្រីប្រមូលបានព័ស្តុតាងដែលបង្ហាញថារុស្ស៊ី​ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដោយសម្លាប់មនុស្សខុសច្បាប់។
 
កន្លងមក ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានរកឃើញសាកសពជន​ស៊ីវិលជាង១​ពាន់នាក់នៅទីក្រុងកៀវ។ ចំណែកអង្គការមូលនិធិកុមាររបស់អង្គការសហ​ប្រជាជាតិ (UNICEF) អះអាងថា កុមារប្រហែលពីរភាគបីនៃកុមារអ៊ុយក្រែន ត្រូវ​ភៀសខ្លួនតាំងពី​សង្គ្រាមចាប់ផ្ដើម​ក្នុង​ខែកមុ្ភៈ​មក។ ជាមួយគ្នានេះ សាលា​រៀនក្នុងប្រទេសត្រូវខូចខាត និងបិទទ្វារដែលជា​បញ្ហាប្រឈម​មួយ​ផ្សេង​ទៀតក្នុងការ​អភិវឌ្ឍកុមារ។
 
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីកុមារ និង​ជម្លោះប្រដាប់អាវុធឆ្នាំ២០២២ កុមារ​ជាង២៥០០នាក់​ ត្រូវបាន​សម្លាប់នៅក្នុងជម្លោះទូទាំងពិភពលោក​ និង៥៥៥៥នាក់ ​រងរបួស និង​ពិការ​ជាដើមនៅឆ្នាំ២០២១។ តំបន់ដែលកុមាររង​គ្រោះភាគច្រើនមាននៅយេម៉ែន ស៊ីរី អាហ្វហ្គានី​ស្ថាន កុងហ្គោ សូម៉ាលី អ៊ីស្រាអែល និងប៉ាឡេស្ទីន។ 
 
ចំណែកក្នុងខែមេសា ឆ្នាំ២០២២ អង្គការសហប្រជាជាតិបានបោះឆ្នោតដករុស្ស៊ីចេញពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស បន្ទាប់ពីមានការចោទប្រកាន់ថាទាហានរុស្ស៊ីបានធ្វើទារុណកម្ម និង​សម្លាប់​ជន​ស៊ីវិល​អ៊ុយក្រែននៅ Bucha ក្បែរទីក្រុងកៀវ៕
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com