ជាតិ
អាជ្ញាធរខេត្តកំពត ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយទឹកអាងកំចាយ ជិតដល់កម្រិតប្រកាសអាសន្ន
13, Jul 2022 , 11:23 am        
រូបភាព
( រូបភាព នៅទំនប់កំចាយ ខេត្តកំពត នៅថ្ងៃទី១៣ ខែកក្គដា) រូបផ្តល់ដោយ កញ្ញា អ៊ុង ស្រីអូន
( រូបភាព នៅទំនប់កំចាយ ខេត្តកំពត នៅថ្ងៃទី១៣ ខែកក្គដា) រូបផ្តល់ដោយ កញ្ញា អ៊ុង ស្រីអូន
ដោយ:
ក្រោយ​ភ្លៀង​ធ្លាក់បីថ្ងៃជាប់គ្នា ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ​ក្នុង​ខេត្តកំពត បាន​បើក​បង្ហូរទឹក​សន្សឹមៗ ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ។ កម្ពស់ទឹកក្នុងអាងនេះ ​កើន​ឡើងដល់ ​១៤៧,៥៩ម៉ែត្រ នៅព្រឹក​ថ្ងៃទី១៣ ខែកក្កដា។ កម្រិតទឹកប្រកាសអាសន្ន នៅក្នុងអាងទឹកកំចាយ មានកម្ពស់ ១៤៨ម៉ែត្រ។

 
លោក មី សាវុធ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត បានប្រាប់សារព័ត៌មាន ThmeyThmey25  ថា បន្ទាប់ពីភ្លៀងធ្លាក់ជាប់គ្នាបីថ្ងៃ ធ្វើឱ្យកម្ពស់ទឹកក្នុងទំនប់កំចាយឡើងដល់ ១៤៧,៥៩ ម៉ែត្រ។ កម្រិតនេះ ឡើងស្ទើរដល់កម្ពស់ទឹកប្រកាសអាសន្ន ១៤៨ម៉ែត្រ។ ជាមួយគ្នានេះ ក្រុមបច្ចេកទេស បានសម្រេចចិត្តបើកទ្វារទឹកទី៤ នៅព្រឹកនេះ ដើម្បីបង្ហូរទឹកចេញបណ្ដើរៗ។
 
« ស្ថានភាពទឹកធម្មតានៅធម្មតា។ ដោយសារភ្លៀងជាប់គ្នា បណ្ដាលធ្វើឱ្យកម្ពស់ទឹក នៅក្នុងអាងកើនដល់ជាង ១៤៧ម៉ែត្រ។ យើងត្រូវបើករំដោះទឹក​នេះ ហើយធ្វើបែបនេះ ក៏ដូចជាការជូនដំណឹងដល់​ពលរដ្ឋ ​ក្នុង​តំបន់រួមជាមួយ​ទេសចរ ដែល​ទៅ​កម្សាន្ដ​នៅ​តំបន់​នោះ បាន​ត្រៀម​ជាមុនផង»។ លោក មី សាវុធ អះអាងដូច្នេះ។
 
ទន្ទឹមនឹងនេះគណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្តកំពត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ ប្រុងប្រយ័ត្ន និង​រៀបចំ​ការពារ​ខ្លួន​ទឹកជា​មុន ក្នុងករណីភ្លៀងនៅបន្តធ្លាក់។
 
គួរបញ្ជាក់ថានៅថ្ងៃទី១២ ខែកក្កដា  អាងទឹកក្នុងទំនប់​វារីអគ្គិសនីកំចាយ មានកម្ពស់ទឹក១៤៦,៦៨ម៉ែត្រ និងបន្តកើនដល់ ១៤៧,៥៩ នៅថ្ងៃទី១៣ ខែកក្កដានេះ ។ ទំនប់​វារីអគ្គិសនីកំចាយ មានទីតាំងស្ថិតនៅស្ទឹងកំចាយ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត៕  
 

Tag:
 កំពត់
  អាងទឹកកំចាយ
© រក្សាសិទ្ធិដោយ thmeythmey.com