ជាតិ
ការនាំចេញគ្រាប់ស្វាយចន្ទី ធ្លាក់ចុះជាងពាក់កណ្ដាលក្នុងឆមាសទី១ ឆ្នាំ២០២២
15, Jul 2022 , 7:59 am        
រូបភាព
រូបភាពផ្ដល់ដោយកសិករ
រូបភាពផ្ដល់ដោយកសិករ
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញគ្រាប់ស្វាយចន្ទី បានធ្លាក់ចុះជាងពាក់កណ្ដាល ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យទិន្នផលថយចុះយ៉ាងគំហុក។  
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១នេះ កម្ពុជា សម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៤១៥ ៥៨០តោន ថយចុះប្រមាណ ៥០ភាគរយ។ កម្ពុជា នាំទៅវៀតណាមច្រើនជាងគេចំនួន ៤១៥ ៥៨០តោន។ កម្ពុជា ក៏បាននាំចន្ទីទៅ ថៃ ឥណ្ឌា ចិន ជប៉ុន និងហ្វីលីពីន។


 
ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ៣០១,៤៣តោន ថយចុះ ៦៨ភាគរយ ដោយក្នុងនោះនាំចេញទៅចិន ១៣៦,៦៨តោន ថៃ ១៣៤តោន ជប៉ុន២០,៩៥តោន និងកោះតៃវ៉ាន់ ៩,៨០តោន។ 
 
ជុំវិញបញ្ហានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមតេឡេក្រាមថា ការនាំចេញគ្រាប់ស្វាយចន្ទី ធ្លាក់ចុះក្នុងរយៈពេល ៦ខែចុងក្រោយនេះ បណ្ដាលមកពីបញ្ហាការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យផ្លែខូច បាត់បង់ទិន្នផល។ 
 
ជាមួយគ្នានេះ កត្តាប្រេងសាំង និងជីថ្នាំកសិកម្មឡើងថ្លៃ ក៏បានធ្វើឱ្យកសិករមួយចំនួនបោះបង់ការដាំ។ កសិករខ្លះ កាប់ដើមចោល ដោយងាកទៅដាំដំណាំផ្សេងដូចជាដំឡូងមីជាដើម។ 
លោក ស៊ីឡូត អះអាងដូច្នេះ៖«មូលហេតុដែលការនាំចេញធ្លាក់ចុះ ដោយសារកសិករយើងផលិតអត់បានដែរ មកពីបញ្ហាអាកាសធាតុ។ ឆ្នាំនេះ មានប្រជាពលរដ្ឋគាត់កាប់ដើមចន្ទីចោលដែរ ដោយពួកគាត់យកដីទៅដំឡូងវិញ ងាយចំណេញ ងាយបានផលជាង»។ 
 
ប្រធានសមាគមស្វាយចន្ទីរូបនេះ ព្រួយបារម្ភថា វិស័យស្វាយចន្ទីដែលបានលូតលាស់យ៉ាងខ្លាំងនេះ នឹងអាចធ្លាក់ចុះទៅវិញ ប្រសិនបើ គ្មានការជួយដល់កសិករដែលកំពុងប្រឈមនឹងបញ្ហាអាកាសធាតុ និងជីថ្នាំកសិកម្មឡើងថ្លៃ។ 
 
បើតាម លោក ស៊ីឡុត ទិន្ន័យថតដោយប្រព័ន្ធផ្កាយរណប បង្ហាញថា ផ្ទៃដីដាំដុះស្វាយចន្ទីកាន់តែរួមតូច។ ជាក់ស្ដែង នៅឆ្នាំ២០២១ សមាគមនស្វាយចន្ទីប៉ាន់ប្រមាណថា ផ្ទៃដីដាំស្វាយមាន៨០ម៉ឺនហិកតា ខណៈឆ្នាំនេះថយចុះមកត្រឹម៧០ម៉ឺនហិកតាប៉ុណ្ណោះ៕ 

Tag:
 គ្រាប់ស្វាយចន្ទី
  ក្រសួងកសិកម្ម
 សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com