ជាតិ
លោក ផុស សុវណ្ណ ជំរុញឱ្យស្ថាប័នព័ត៌មានសម្របខ្លួន និងពង្រឹងគុណភាពផលិតឱ្យរហ័សក្នុងសម័យឌីជីថល
16, Jul 2022 , 11:59 am        
រូបភាព
 លោក ផុស សុវណ្ណ ក្នុងសិក្ខាសាលាស្ដីពីភាពអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០នៅខេត្តសៀមរាប។ រូបភាពផ្តល់ជូនដោយក្រសួងព័ត៌មាន
លោក ផុស សុវណ្ណ ក្នុងសិក្ខាសាលាស្ដីពីភាពអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០នៅខេត្តសៀមរាប។ រូបភាពផ្តល់ជូនដោយក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
សៀមរាប៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ បានជំរុញឱ្យស្ថាប័ន និងអង្គភាពសារព័ត៌មានទាំងអស់ ត្រូវសម្របខ្លួន និងពង្រឹងគុណភាពផលិតព័ត៌មានរបស់ខ្លួន ដោយដើរឱ្យទាន់ក្នុងយុគសម័យឌីជីថល ឬក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។

 
លោក ផុស សុវណ្ណ ឱ្យអង្គភាពសារព័ត៌មាន ត្រូវសម្របខ្លួនឱ្យទាន់ការវិវត្ត នៃបច្ចេកវិទ្យា ខណៈដែល ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ មានការវិវត្តលឿនយ៉ាងឆាប់រហ័ស។ លោក ផុស សុវណ្ណ៖« អ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើការសម្របខ្លួនឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យានេះ ដោយត្រូវមានសមត្ថភាពជាមូលដ្ឋានក្នុងការដឹកនាំដូចជា ការសម្រេចចិត្តរហ័ស ការកសាង និងពង្រឹងសមត្ថភាពក្រុមការងារ និងការពង្រឹងគុណភាពព័ត៌មានជាដើម ដើម្បីឱ្យអង្គភាពសារព័ត៌មានខ្លួនអាចរស់រាន និងឈរជើងបានក្នុងទីផ្សារ»។


សិក្ខាសាលាស្ដីពីភាពអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០នៅខេត្តសៀមរាប។ រូបភាពផ្តល់ជូនដោយក្រសួងព័ត៌មាន 

ដ្បិតថា ប្រព័ន្ធឌីជីថលលូបនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយ បានបង្កើនប្រសិទ្ធភាពការងារ និងគុណភាព នៃការផលិតក៏ពិតមែន តែវាក៏មានបញ្ហាប្រឈមដែរ ដូចជាបញ្ហាហិរញ្ញវត្ថុ ការបាត់បង់ការងារ ការទាមទារឱ្យអ្នកសារព័ត៌មានមានកម្រិតអប់រំ និងជំនាញខ្ពស់ ការកើនឡើងនូវព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្ម ឬបទល្មើសនឹងបច្ចេកវិទ្យាព័ត៌មាន។ នេះជាការបញ្ជាក់របស់លោក ផុស សុវណ្ណ។
 
ការកើនឡើង នៃព័ត៌មានក្លែងក្លាយនាពេលបច្ចុប្បន្ន និងអំឡុងពេលជំងឺកូវីដ-១៩ គឺជាឧទាហរណ៍ដែលលោក ផុស សុវណ្ណ លើកមកនិយាយ និងបានបង្ហាញពីផលប៉ះពាល់នានាជុំវិញព័ត៌មានមិនពិតក្នុងសម័យឌីជីថល។ ការបង្កើតព័ត៌មានមិនពិត ទាក់ទងនឹងទាសករលក់ឈាម ដែលបង្កើតឡើងដោយជនជាតិចិន នៅខេត្តព្រះសីហនុ នាដើមខែ មីនា ខែឆ្នាំ២០២២កន្លងទៅ គឺមានការចែករំលែកព័ត៌មានប្រមាណ១ពាន់លានដង លើបណ្ដាញសង្គម WeChat ដ៏ល្បីល្បាញរបស់ប្រទេសចិន។ ចង់មិនចង់ ព័ត៌មានក្លែងក្លាយនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម របស់កម្ពុជា។ 
 
លោក ផុស សុវណ្ណ បានលើកឡើងយ៉ាងដូច្នេះ ក្នុងសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលរៀបចំជាលក្ខណៈកូនកាត់ គឺដោយផ្ទាល់ និងប្រព័ន្ធអនឡាញ នៅថ្ងៃទី១៤ ខែកក្កដា នាសណ្ឋាគារសុខាសៀមរាប​។ លោក ផុស សុវណ្ណ ចង់ឃើញប្រព័ន្ធផ្សព្វផ្សាយ ចូលរួមទាំងអស់គ្នា តាមរយៈក្រមសីលធម៌ និងប្រើវិជ្ជាជីវៈរបស់ខ្លួន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងសម័យទំនើបនេះ។
 
លោកបន្តថា៖« ចង់និយាយថា អ្នកព័ត៌មាន មានការងារទាក់ទងនឹងវិជ្ជាជីវៈហើយ មានប្រព័ន្ធបច្ចេកវិទ្យាថ្មីហើយ ប៉ុន្តែត្រូវគិតគូរពីក្រមសីលធម៌របស់យើង ឱ្យច្បាស់លាស់ រាល់ថ្ងៃយើងនៅបញ្ហាហ្នឹង»។  
 
លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ ដែលជាវាគ្មិនមួយរូប ក្នុងសិក្ខាសាលាខាងលើ បានលើកឡើងថា ភាពបន់បែនឱ្យទាន់បច្ចេកវិទ្យា រហ័សទាន់ពេលវេលា គឺជាអ្វីដែលស្ថាប័ន លោកកំពុងអនុវត្តន៍។ លោកបានលើកឧទាហរណ៍ ការផលិតវីដេអូតាមទូរសព្ទដៃ ដែលក្រុមការងារនៃសារព័ត៌មានថ្មីៗ បានផលិត គឺចំណេញពេលវេលាច្រើន គឺថត កាត់ត និងដំឡើងក្នុងទូរសព្ទតែមួយ ដោយមិនចាំបាច់មានកាមេរ៉ាធំៗក៏បាន។ ដោយមើលឃើញពីភាពជោគជ័យនេះ ទើបបណ្ដាអង្គការ និងស្ថាប័នខ្លះ បានអញ្ជើញសារព័ត៌មានថ្មីៗ ទៅបណ្ដុះបណ្ដាលក្រុមការងារ ក៏ដូចជាយុវជនតាមបណ្ដាខេត្តមួយចំនួន។


សិក្ខាសាលាស្ដីពីភាពអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០នៅខេត្តសៀមរាប។ រូបភាពផ្តល់ជូនដោយក្រសួងព័ត៌មាន 

លោកបន្ថែមថា បច្ចុប្បន្ន សារព័ត៌មានថ្មីៗ កំពុងបង្កើតមាតិកា និងទម្រង់ការផ្សព្វផ្សាយថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញអ្នកអាន ដូចជាទម្រង់ជារូបភាព និងសរសេរសង្ខេបខ្លឹមសារខ្លី ដែលអនុញ្ញាតឱ្យអ្នកអានងាយ និងទទួលបានដំណឹងរហ័ស៕
 
 

Tag:
 ព័ត៌មាន​​​​
  ឌីជីថល
  ផុស សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com