ជាតិ
លោក សុផាន់ណារិទ្ធ អំពាវនាវឲ្យនិយោជក បង់ភាគទានផ្នែកសោធន សម្រាប់កម្មករនិយោជិត
20, Jul 2022 , 8:59 pm        
រូបភាព
លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង ប.ស.ស ។ រូបពី ប.ស.ស
លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង ប.ស.ស ។ រូបពី ប.ស.ស
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) អំពាវនាវឲ្យនិយោជកទាំងអស់ បង់ភាគទានផ្នែកប្រាក់សោធន ដើម្បីឲ្យកម្មករនិយោជិតកាន់តែខិតខំបំពេញការងារ និងទទួលបានប្រាក់សម្រាប់ចូលនិវត្តន៍ នៅពេលចាស់ជរា។

 
អគ្គនាយករង ប.ស.ស លោក ហេង សុផាន់ណារិទ្ធ បានឲ្យដឹងថា គ្រឹះស្ថាន សហគ្រាស និងស្ថាប័ន ដែលបានចុះបញ្ជីផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពរួច នៅប.ស.ស អាចអនុវត្តបង់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនបាន។ 
 
«កាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស នេះ មិនមែនមានន័យ ចុះក៏បាន មិនចុះក៏បាននោះទេ! គឺត្រូវតែមានកាតព្វកិច្ចជាមួយ ប.ស.ស»។ នេះជាការសង្កត់ធ្ងន់របស់ លោក សុផាន់ណារិទ្ធ ដោយលើកមាត្រា ៩៨នៃ ច្បាប់ស្ដីពីរបបសសន្តិសុខសង្គម មកពន្យល់បន្ថែមថា ករណីនិយោជកនៃសហគ្រាស គ្រឹះស្ថាន ដែលមិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមការកំណត់ ឬមិនរាយការណ៍ចំនួនកម្មករឲ្យត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា នឹងត្រូវពិន័យជាប្រាប់ពីចំនួន១០ទៅ៣០ដង នៃចំនួនប្រាក់ឈ្នួលប្រចាំថ្ងៃ។ ការពិន័យនេះ ត្រូវធ្វើឡើងតាមចំនួនបុគ្គលិក ដែលនិយោជកអខានមិនបានរាយការណ៍។ 
 
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ជាមួយ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស៖






 
ពាក់ព័ន្ធនឹងការបង់ភាគទាននៃប្រាប់សោធននេះ គឺជាបន្ទុក​រួមគ្នារវាង និយោជក និងនិយោជិត។ និយោជកជាអ្នករៀបចំបង់ គឺត្រូវបង់៤ភាគរយនៃប្រាក់ខែគោល ក្នុងនោះនិយោជកបង់២ភាគរយ ហើយ២ភាគរយទៀត ត្រូវកាត់ពីប្រាក់ឈ្នួលប្រចាំខែរបស់បុគ្គលិក។ ហេតុដូច្នេះ ជារៀងរាល់ខែ ភាគីនិយោជកត្រូវរៀបចំបង់ប្រាក់ទាំងនេះ ចូលក្នុងគណនី ប.ស.ស រួមទាំងរបាយការណ៍ នៃបញ្ជីបើកប្រាក់ខែប្រចាំខែដល់កម្មករផងដែរ។ លោក សុផាន់ណារិទ្ធ បញ្ជាក់យ៉ាងដូច្នេះ។ 
 
មាត្រា៨២ នៃ ច្បាប់ស្ដីពី របបសសន្តិសុខសង្គម ចែងថា ភាគីនិយោជក ត្រូវមានកាតព្វកកិច្ចចុះបញ្ជីកម្មករនិយោជិតក្នុង ប.ស.ស និងរាយការណ៍ជាទៀតទាត់ ពីចំនួនកម្មករនិយោជិត។ ជាមួយគ្នាដែរ និយោជក ត្រូវប្រមូលភាគទានរបបសន្តិសុខសង្គម ដោយគិតទាំងវិភាគបន្ទុកផ្ទាល់ខ្លួន និងភាគទានបន្ទុករបស់កម្មករនិយោជិតផងដែរ ដើម្បីដាក់បញ្ជូលគណនី ប.ស.ស តាមកាលកំណត់។ បុគ្គលិកបម្រើការងារនៅតាមផ្លូវអាកាស នាវាសមុទ្រ​ និងអ្នកបម្រើការងារតាមផ្ទះ មានសិទ្ធិទទួលបានការអនុវត្តរបបសន្តិសុខសង្គម តាមបទបញ្បញ្ញត្តិនៃច្បាប់នេះដែរ។ ចំណែក បុគ្គលស្វ័យនិយោជន៍ ក៏អាចចូលរួមដោយស្ម័គ្រចិត្តក្នុងផ្នែកថែទាំសុខភាពនិងផ្នែកប្រាក់សោធនបានដែរ។ 
 
ទន្ទឹមនឹងនេះ សហគ្រាស គ្រឹះស្ថាន ដែលទើបនឹងបើកថ្មី គឺមានរយៈពេល៣០ ថ្ងៃ ក្នុងរៀបចំចុះបញ្ជីគ្រឹះស្ថាន សហគ្រាសនិងចុះបញ្ជីកម្មករនិយោជិត នៅ ប.ស.ស។ បើអខានពុំបានចុះ នឹងប្រឈមការផាកពិន័យដូចក្នុងមាត្រា៩៨ខាងលើ ពិសេស នៅពេលក្រុមជំនាញអធិការកិច្ចការងារចុះពិនិត្យឃើញ។ នេះជាការបញ្ជាក់របស់ អគ្គនាយករង ប.ស.ស។ 
 
ក្រសួងការងារ​ ក៏ដូចជាក្រុមការងារ ប.ស.ស បានបើកយុទ្ធនាការ៣ខែ​ ដោយគិតចាប់ពីខែកក្កដា ដល់ខែតុលា ដើម្បីផ្សព្វផ្សាយពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់និយោជក និងនិយោជិត នៅទូទាំងប្រទេស ពិសេសកម្មកររោងចក្រ។ ក្រុមជំនាញនឹងពន្យល់ដល់ និយោជកឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃការបង់ប្រាក់សោធន គឺដើម្បីជួយបង្កើនប្រសិទ្ធិ និងស្ថេរភាពការងារ។ ជាងនេះ ទៅទៀត កម្មករក៏ត្រូវចូលរួមយល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះដែរ ដើម្បីជាអត្ថប្រយោជន៍ សម្រាប់ពួកគេចាស់ទៅ។ 
 
បើតាមលោក សុផាន់ណារិទ្ធ បុគ្គលិកក្នុងវិស័យឯកជនទាំងអស់ អាចដាក់ពាក្យស្នើសុំប្រាក់ចូលនិវត្តន៍នៅពេលដល់អាយុ៦០ឆ្នាំ ក្នុងករណីដែលនិយោជកអនុវត្តការបង់របបសន្តិសុខសង្គមផ្នែក ប.ស.ស។ ប៉ុន្តែ បុគ្គលិកដែលមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ មិនអាចបំពេញការងារបន្តទៀតបាន ក៏អាចស្នើសុំបើកកញ្ចប់ប្រាក់សោធននេះបានដែរ។ 
 
អគ្គនាយករង ប.ស.ស រូបនេះ បានអំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ទៅចុះបញ្ជីនៅ ប.ស.ស ដើម្បីបង់ភាគទាន ដើម្បីចៀសវាងរងការផាកពិន័យ។ ទន្ទឹមនឹងនេះ លោកក៏លើកទឹកចិត្តឲ្យ បុគ្គលិក កម្មករ និយោជិត ទាំងអស់រាយការណ៍ ពីរោងចក្រ សហគ្រាស និងគ្រឹះស្ថាន របស់ខ្លួន​ ដែលពុំបានអនុវត្តរបបសន្តិសុខផ្នែកប្រាក់សោធន៕ 
 
 

Tag:
 ប.ស.ស
  ប្រាក់សោធន
© រក្សាសិទ្ធិដោយ thmeythmey.com