អន្តរជាតិ
អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អាម៉េរិក និងជប៉ុន ពន្យារពេលឱ្យអ៊ុយក្រែនសង​បំណុល
21, Jul 2022 , 9:29 pm        
រូបភាព
ប៉ូលិសអ៊ុយក្រែន ដើរកាត់អាគារដែលត្រូវបានបំផ្លាញ។ រូបថត AFP
ប៉ូលិសអ៊ុយក្រែន ដើរកាត់អាគារដែលត្រូវបានបំផ្លាញ។ រូបថត AFP
បណ្ដាប្រទេសម្ចាស់បំណុលអ៊ុយក្រែនចំនួន៦ បានប្រកាសពន្យារពេលសងបំណុលសម្រាប់​ទីក្រុង​កៀវ​ដែលកំពុងស្ថិតក្នុង​សង្គ្រាម​។ ម្ចាស់បំណុល ក៏អំពាវនាវដល់ប្រទេសម្ចាស់បំណុលដទៃទៀតធ្វើតាម​ពួក​ខ្លួនដែរ។


អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អាម៉េរិក និងជប៉ុន នៅថ្ងៃទី២០ ខែកក្កដា ប្រកាសរួមគ្នា​ពន្យារ​ពេលឱ្យអ៊ុយក្រែនសងបំណុលតាមសំណើរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីទុកលុយសម្រាប់​ផ្គត់ផ្គង់ការធ្វើ​សង្គ្រាម​សិន។ អ៊ុយក្រែន នឹងទទួលបានការពន្យារពេលសង​លុយជាង១ឆ្នាំគិតចាប់​ពីខែកញ្ញា ឆ្នាំ២០២២ រហូត​ដល់ចុងឆ្នាំ ២០២៣។ 
 
«នៅក្នុងស្ថានភាពលំបាក រួមនឹងការមើលឃើញពីកំណត់ត្រាសងបំណុលរបស់អ៊ុយ​ក្រែន​ដែល​តែង​ធ្វើ​បានល្អ​រហូតមកដល់បច្ចុប្បន្ន សមាជិកក្រុមម្ចាស់បំណុលអ៊ុយក្រែន​បាននាំគ្នា​គាំទ្រ​ការ​ស្នើសុំ​ពន្យារ​ពេលសង»។ នេះបើតាមការលើកឡើងរបស់ក្រុមម្ចាស់​បំណុលក្នុង​សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២០ ខែកក្កដា។
 
ក្រុមប្រទេសម្ចាស់បំណុលអ៊ុយក្រែនអះអាងថា ការ​អនុញ្ញាត​ពន្យារពេលសងបំណុលប្រៀប​ដូចការ​គាំទ្ររដ្ឋាភិបាល និងជួយប្រជាជន​អ៊ុយក្រែន។ ជាមួយគ្នានេះ ពួកគេបានអំពាវ​នាវឱ្យ​ប្រទេស​ម្ចាស់​បំណុលផ្សេងទៀត​ធ្វើដូច្នេះដែរ។
 
បើតាមការប៉ាន់ស្មានរបស់សារព័ត៌មាន Bloomberg ការពន្យារ​ពេលសងបំណុល​នឹង​អាចជួយ​អ៊ុយក្រែនសន្សំលុយបានប្រហែល ៣ពាន់​លានដុល្លារ​។
 
សេដ្ឋកិច្ចអ៊ុយក្រែនបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការលុកលុយរបស់រុស្ស៊ី។ ធនាគារពិភពលោក​បានប៉ាន់ប្រមាណចំពោះសេដ្ឋកិច្ចប្រទេសនេះអាចធ្លាក់ចុះ ៤៥​ភាគរយនៅឆ្នាំ​២០២២។ មកទល់ពេ​លនេះ សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យប្រទេសនេះ​ចំណាយលុយអស់យ៉ាង​ហោចណាស់ ៦០០​ពាន់​លានដុល្លារ។ ក្រៅពីសេដ្ឋកិច្ចធ្លាក់ចុះ អ៊ុយក្រែនក៏ជួបវិបត្តិអតិផរណាកើនឡើងដល់ ១៧ភាគរយ​ក្នុង​ខែឧសភា៕ 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com