ជាតិ
ចក្រភពអង់គ្លេសបង្កើនទំនាក់ទំនងជាមួយអាស៊ានកាន់តែស៊ីជម្រៅ
01, Aug 2022 , 10:29 pm        
រូបភាព
លោកជំទាវ ធីណា រ៉េដ ស -  ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា
 
សប្តាហ៍នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេស និងអាស៊ាន។ មួយឆ្នាំបន្ទាប់ពីក្លាយជាដៃគូសន្ទនាអាស៊ាន ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងរវាងចក្រភពអង់គ្លេសជាមួយនិងអាស៊ានកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ នៅមុនពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចក្រភពអង់គ្លេសលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះឱកាសដែលខ្ញុំអាចមើលឃើញតាមរយៈផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេសដំបូងរបស់យើង រួមមានដូចជាការកសាងទំនាក់ទំនងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ការធ្វើឱ្យកាន់តែភាពស៊ីជម្រៅក្នុងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងនៅទូទាំងអាស៊ាន និងការកសាងភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ។

 
ចក្រភពអង់គ្លេសប្តេជ្ញាចិត្តខ្ពស់ចំពោះអាស៊ាន។ ចាប់តាំងពីយើងបានក្លាយជាដៃគូសន្ទនាក្នុងខែសីហា ឆ្នាំ២០២១ កន្លងមក ចក្រភពអង់គ្លេសបានបង្កើនការចូលរួមរបស់ខ្លួនជាមួយដៃគូអាស៊ាន។ ជាឧទាហរណ៍ នាយករដ្ឋមន្ត្រីរបស់យើងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានកាលពីឆ្នាំ២០២១ ហើយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសរបស់យើងបានអញ្ជើញរដ្ឋមន្ត្រីការបរទេសអាស៊ានជាភ្ញៀវនៅក្នុងកិច្ចប្រជុំ G7 ដែលប្រព្រឹត្តទៅនៅទីក្រុង Liverpool ជាលើកដំបូង បន្ថែមពីលើការបំពេញទស្សនកិច្ចនៅប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ 
 
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ប្រធាន COP26 រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតបានបំពេញទស្សនកិច្ចមកតំបន់អាស៊ាន ដើម្បីចូលរួមធ្វើកិច្ចការក្នុងវិស័យសំខាន់ៗជាច្រើនដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។ ក្នុងបរិបទនេះ យើងក៏បានមើលឃើញនូវវឌ្ឍនភាពជាក់ស្តែងជាមួយនិងកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគត។
 
កិច្ចសហប្រតិបត្តិការរបស់ចក្រភពអង់គ្លេសជាមួយអាស៊ាន បានកសាងនៅលើមូលដ្ឋាននៃចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង និងរឹងមាំ។ ទំនាក់ទំនងទាំងនេះក៏ត្រូវបានកសាងចេញពីភាពខ្លាំងនៃភាគីទាំងពីរផងដែរ។ ចក្រភព​អង់គ្លេស​ស្វាគមន៍​ការ​ដឹកនាំ​របស់​ប្រទេសកម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ហើយ​ដែល​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា។ 
 
នៅក្នុងប្រទេសកម្ពុជា យើងបាននឹងកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងការរៀបចំផែនទីបង្ហាញផ្លូវមួយ ដើម្បីបង្កើននូវការវិនិយោគនៅក្នុងវិស័យយានយន្ត និងគ្រឿងអេឡិចត្រូនិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត។ យើងក៏កំពុងធ្វើការជាមួយគ្នាផងដែរលើភាពជាដៃគូក្នុងវិស័យថាមពលកាបូនទាប។ ឯកឧត្តម Dominic Raab អតីតរដ្ឋមន្ត្រីការបរទេស និងលោកជំទាវ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២។ 
 
ចក្រភពអង់គ្លេសក៏បានរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ និងនយោបាយជាមួយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម ឡាវ និងថៃ បន្ថែមពីលើកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសឥណ្ឌូនេស៊ី និងថៃ និងកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយប្រទេសកម្ពុជា។ ផែនទីបង្ហាញផ្លូវចក្រភពអង់គ្លេស-ឥណ្ឌូនេស៊ីត្រូវបានចុះហត្ថលេខា ហើយកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលចក្រភពអង់គ្លេស-សិង្ហបុរីក៏បានចូលជាធរមានផងដែរ។
 
ការចូលរួមនេះគឺជាភស្តុតាងនៃទស្សនៈដ៏ច្បាស់លាស់របស់ចក្រភពអង់គ្លេសដែលមើលឃើញថាអាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ច និងសន្តិសុខរបស់ចក្រភពអង់គ្លេស។ យើងកំពុងតែពង្រឹងភាពជាដៃគូរបស់យើង ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ និងទូទាំងពិភពលោក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញការឆ្លើយតបជាបន្តបន្ទាប់ចំពោះជំងឺរាតត្បាត កូវីដ ១៩ ការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន ស្ថានភាពកាន់តែយ៉ាប់យ៉ឺនក្នុងប្រទេសមីយ៉ាន់ម៉ា និងបញ្ហាប្រឈមបន្ទាន់កើតចេញពីការប្រែប្រួលអាកាសធាតុ។ 
 
នៅក្នុងពិភពលោកបច្ចុប្បន្នដែលហ៊ុមព័ទ្ធទៅដោយ ភាពមិនច្បាស់លាស់ និងអសន្តិសុខកាន់តែខ្លាំងឡើង ចក្រភពអង់គ្លេស និងអាស៊ានប្រឈមមុខនឹងបញ្ហាទាំងនេះរួមគ្នាក្នុងភាពជាដៃគូ។ យើង​នឹងធ្វើកិច្ច​សហការគ្នា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខភាព​របស់​យើង រួមជាមួយនិងការ​គាំទ្រ​ទៅវិញទៅមកដើម្បីស្ដារស្ថានភាពដែលបានប៉ះពាល់ដោយជំងឺរាតត្បាត។ យើងរួមគ្នាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងគោរពលើអធិបតេយ្យភាពរបស់រដ្ឋ។ យើងបន្តគាំទ្រកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមជាប្រសិតពិសេសរបស់អាស៊ាន។ 
 
កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមបញ្ចូលនូវការជំរុញឱ្យមានការបញ្ចប់ជាបន្ទាន់នូវអំពើហឹង្សា និងជំរុញអោយមានកិច្ចសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ រួមបញ្ចូលទាំងគណបក្សប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។ យើងនឹងរួមគ្នាដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយបន្តឆ្ពោះទៅអនាគតបៃតង និងភាពធន់។ វាមានកិច្ចការដ៏សំខាន់មួយដែលតែងតែផ្ដល់អោយយើងនូវសុតិដ្ឋិនិយមក្នុងការខិតខំប្រឹងប្រែងរួមគ្នា ស្របពេលដែលយើងពង្រឹងភាពជាដៃគូរបស់យើង និងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com