ជាតិ
សេចក្តីព្រាងច្បាប់ស្តីពីការកែរដ្ឋធម្មនុញ្ញ ឆ្លងផុតព្រឹទ្ធសភាហើយ
05, Aug 2022 , 6:29 pm        
រូបភាព
សមាជិកព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងអង្គប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២២។ រូបពីព្រឹទ្ធសភា
សមាជិកព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងអង្គប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២២។ រូបពីព្រឹទ្ធសភា
ដោយ៖ វ៉ន ស៊ីចេន 

ភ្នំពេញ៖ ព្រឹទ្ធសភា បានពិនិត្យនិងឯកភាពទាំងស្រុង លើសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈកិច្ចប្រជុំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ទទួលបានការយល់ព្រមដោយឥតមានការកែប្រែ ពីសមាជិកព្រឹទ្ធសភាទាំងមូល ដែលមាន៥៧រូប ក្នុងអង្គប្រជុំពេញអង្គ។

 
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា អះអាងថា សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវរៀបចំឡើងក្នុងគោលបំណងធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិប្រតិបតិ្ត ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំទូទៅរបស់រដ្ឋ បានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាព ហើយធានាការពារថែរក្សាបានសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ។ 
 
សូមរម្លឹកថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយរដ្ឋាភិបាល ត្រូវបានរដ្ឋសភា អនុម័តយល់ព្រម ក្នុងកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃទី២៨ កក្កដា​។ 
 
មាន២មាត្រានៃរដ្ឋធម្មនុញ្ញ គឺមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី ដែលត្រូវបានធ្វើវិសោធនកម្មលើកទី១០នេះ។ សម្រាប់លើកនេះ មិនមែនតែរដ្ឋធម្មនុញ្ញទេ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវបានលើកយកធ្វើវិសោធនកម្មជាមួយគ្នាដែរ។ មាន២មាត្រានៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវជ្រើសរើសយកមកធ្វើវិសោធនកម្ម គឺមាត្រា៣ថ្មី និងមាត្រា៤ថ្មី៕ 
 

Tag:
 វិសោធនកម្មរដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com