ជាតិ
៥ឆ្នាំនេះ មានរោងចក្រជិត ២ពាន់ បានបង្កើតនៅកម្ពុជា ឯជាង៦០០ទីតាំងទៀត បិទទ្វារ
11, Aug 2022 , 7:59 pm        
រូបភាព
 លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី ១១ ខែសីហានេះ។ រូបពីគ្រុបតេលេក្រាមសារព័ត៌មានអង្គភាពអ្នកនាំពាក្យ
លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី ១១ ខែសីហានេះ។ រូបពីគ្រុបតេលេក្រាមសារព័ត៌មានអង្គភាពអ្នកនាំពាក្យ
ដោយ៖ ញឹក សំអូន
កម្ពុជា មានរោងចក្រជិត ២០០០រោងចក្រ ដែលបានបង្កើត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខណៈរោងចក្រជាង ៦០០រោងចក្រ ត្រូវបានបិទទ្វារលែងដំណើរការ ដែលគិតចាប់ពីឆ្នាំ២០១៧មក។ នេះបើតាមលោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


ចាប់ពីឆ្នាំ ២០១៧ មកដល់ពាក់កណ្ដាលខែកក្កដាឆ្នាំ២០២២ មានរោងចក្រធំចំនួន ១,៩៤៧ ទីទាំង ត្រូវបានបង្កើតឡើងក្នុង ២៥រាជធានី-ខេត្តនៅកម្ពុជា។ លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី ១១ ខែសីហានេះ។ 
 
អ្នកនាំពាក្យក្រសួងឧស្សា​ហកម្មរូបនេះបញ្ជាក់ថា៖ «យើងមានកំណើន ៤២៥រោងចក្រ បើប្រៀបធៀបនឹងឆ្នាំ ២០១៧  ដែលកំណើននេះមានប្រមាណ ២៧.៩២ ភាគរយ ហើយរោងចក្របង្កើតថ្មី មានចំនួន ១,១០៧រោងចក្រ ក្នុងរយៈពេល ៥ឆ្នាំ។ មានន័យថា ឆ្នាំ ២០១៧ កម្ពុជាមានរោងចក្រធន់ធំ ១,៥២២ តែរហូតមកដល់ឆ្នាំ ២០២២នេះ មានរោងចក្រចំនួន ១,៩៤៧រោចក្រ។ ទន្ទឹមនឹងកំណើននេះ ក៏មានរោងចក្រដែលបានបិទទ្វារ ក្នុងរយៈពេល ៥ឆ្នាំមកនេះចំនួន ៦,០៨២រោងចក្រ»។
 
លោក ហេង សុខគង់ បានបន្ថែមថា ចំពោះកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្ម គិតត្រឹមខែកក្កដា ឆ្នាំ២០២២ មានចំនួន ១,០៤៥,២២៦នាក់ដោយមានកំណើន ៦២,០២៣នាក់ កើនប្រមាណ ៦.៣១ភាគរយ បើប្រៀបធៀបរយៈពេល ៥ឆ្នាំកន្លងទៅ ដោយឆ្នាំ ២០១៧ មានកម្លាំងពលកម្មប្រមាណ ៩៨២,២០៣នាក់ តែប៉ុណ្ណោះ។ ក្នុងនោះស្ត្រីមានចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤ភាគរយ ដែលបង្ហាញឱ្យឃើញថា ស្រ្តីចូលរួមក្នុងវិស័យឧស្សាហកម្មបានច្រើន។
 
គិតត្រឹមចុងខែកក្កដា ២០២២ មានរោងចក្រថ្មី ដែលបានបង្កើតឡើងចំនួន ១១២រោងចក្រ ហើយបានបង្កើតការងាររហូតដល់ ៧៦៦២៤នាក់ផងដែរ។
 
លោក សុខគង់ បានបន្តថា ក្នុងចំណោម ១,៩៤៧ រោងចក្រ គឺមានទុនវិនិយោគសរុប ១៥៧០៧ លានដុល្លារសហរដ្ឋអាមេរិក បើធៀបឆ្នាំ ២០១៧ មានការកើនឡើងដល់ ៦២៩៧លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៦៦.៩១ភាគរយ ៕
 

Tag:
 វិស័យឧស្សាហកម្ម
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com