ជាតិ
រដ្ឋបាលជលផល នឹងបិទការនេសាទគ្រំក្រឡាហូលក្នុងរដូវពងកូន រយៈពេល២ខែ
20, Aug 2022 , 10:59 am        
រូបភាព
គ្រំក្រឡាហូល។ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលជលផល។
គ្រំក្រឡាហូល។ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលជលផល។
ភ្នំពេញ៖ រដ្ឋបាលជលផល បានចេញសេចក្ដីប្រកាសពីការបិទការនេសាទអូសគ្រំក្រឡាហូល នៅដែនសមុទ្រក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។


លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ លើកឡើងថា ការបិទនេសាទគ្រំក្រឡាហូលនេះដោយសារជារដូវពងកូនរបស់គ្រំប្រភេទនេះ។ លោកបន្ថែមទៀតថា​ជារៀងរាល់ឆ្នាំនៅរដូវពងកូនរដ្ឋបាលខេត្តតែងតែបិទការនេសាទគ្រំប្រភេទ ខណៈទិន្នផលគ្រំនេះ មិនមានការឡើង ឬថយចុះនោះឡើយ។ 
 
ជាមួយគ្នានេះ អនុប្រធានរដ្ឋបាលជលផលរូបនេះក៏បានអំពាវនាវឱ្យពលរដ្ឋធ្វើតាម ការជូនដំណឹងរបស់រដ្ឋបាលជលផលអំពីការបិទនេសាទអូសគ្រំក្រឡាហូលនេះឱ្យបានគ្រប់គ្នា។ លោកនិយាយដូច្នេះ៖ « រដូវនេះជារដូវពងកូនរបស់គ្រំក្រឡាហូលសូមឱ្យអ្នកនេសាទបញ្ឈប់ការនេសាទ ដើម្បីទុកឱ្យគ្រំពងកូនហើយនេះជាផលប្រយោជន៍របស់គាត់ទាំងអស់គ្នា ដែលរស់នៅតាមតំបន់ឆ្នេរហ្នឹង»។ 
 
គួរជម្រាបផងដែរថា គ្រំក្រឡាហូលមានវត្តមាននៅគ្រប់បណ្ដាខេត្តសមុទ្រទាំងអស់នៅកម្ពុជាប៉ុន្តែគ្រំប្រភេទនេះសម្បូរជាងគេនៅខេត្តកោះកុង។ យោងតាមស្ថិតិជលផលឆ្នាំ២០២១កន្លងទៅរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផលនេសាទសមុទ្រមាន ១២៥០០០តោន កើនឡើង ២,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលផលនេសាទសមុទ្រមាន ១២២ ៧០០តោន៕
 

 (រូបតំណាង) រូបភាពគេហទំព័ររដ្ឋបាលខេត្តកោះកុង។

Tag:
 ThmeyThmey25
  គ្រំក្រឡាហូល
© រក្សាសិទ្ធិដោយ thmeythmey.com