ជាតិ
សេដ្ឋកិច្ច
កូនទី៨ កូនទី១០? ប្រហែលជាគ្មានឡើយ ព្រោះគ្រួសារសម័យថ្មី ភាគច្រើន​យកកូនតែពីរ ប៉ុណ្ណោះ
23, Aug 2022 , 5:11 pm        
រូបភាព
រូបភាពតំណាង។ រូបភាពដោយ ៖ UNICEF Cambodia
រូបភាពតំណាង។ រូបភាពដោយ ៖ UNICEF Cambodia
បងទី៣ បងទី៤ ប្អូនទី៧ ឬកូន​ទី១០ ប្រហែល​ជាមិន​មាន​ច្រើននោះឡើយ​ក្នុងសង្គម​​គ្រួសារ​ខ្មែរនាពេល​បច្ចុប្បន្ន ដោយគូស្វាមី​ភរិយាជាច្រើន​ សម្រេច​គម្រោង​រួមគ្នារួចទៅហើយ។ ជាទូទៅ គ្រួសារសម័យនេះ យកកូន​តែ​ពីរ ជាពិសេសអ្នកដែលមានកូន​ប្រុស ស្រី តាមបំណង ហើយគ្រួសារខ្លះ ឈាន​ដល់​មានកូន​បី ឬបួននាក់ ដោយសារតែការតាម​យក​កូនផ្អែក​លើ​ភេទ​ប្រុស ឬភេទស្រី។ ការសម្រេច​យកកូនតិច ភាគច្រើន​បណ្តាល​មក​បញ្ហា​សេដ្ឋកិច្ចគ្រួសារ ការយល់ដឹងពី​សុខភាព​បន្ត​ពូជ កង្វះពេល​​ថែទាំ និងការ​ប្រើ​ប្រាស់ពេល​វេលា​សម្រាប់ខ្លួនឯង ជាដើម។​

 
ទើបតែរៀបការ​កាលពីពេល​ថ្មីកន្លងមក លោក យ័ន រតនា បាន​ដាក់គម្រោង​ការរួចទៅហើយ​ជាមួយ​ភរិយា ដោយ​កំណត់​យកកូន​តែពីរនាក់​ប៉ុណ្ណោះ។ បុគ្គលិក​ក្រុមហ៊ុនឯកជន​ដែល​មាន​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា លោក​មមាញឹក​ខ្លាំងក្នុង​ការងារ ដោយ​មិន​សូវមាន​ពេលគ្រប់គ្រាន់ក្នុង​ការថែទាំ​កូន​នោះឡើយ ហើយ​ក៏គួបផ្សំ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ផងដែរ។
 
លោក រតនា បានរៀបរាប់​ថា៖ «បើយកកូនច្រើន អាច​ប៉ះពាល់កញ្ចប់ថវិកាសន្សំក្នុងគ្រួសារ ដូចជាត្រូវទិញផ្ទះធំ ថ្លៃអាហារ ការ​ពិនិត្យសុខភាព ការដើលេងកម្សាន្ត បន្ថែមការចំណាយលើថ្លៃរស់នៅផ្សេងៗ ទន្ទឹមនឹងទំនិញនៅលើទីផ្សារចេះតែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ​»។
 
ដូចគ្នា​ផងដែរ អ្នកស្រី ធាវ រចនា ដែល​ជាអាជីវករលក់ចាប់ហួយមួយកន្លែងនៅខេត្តព្រៃវែង បាន​អះអាង​ប្រាប់សារព័ត៌មានថ្មីៗថា គ្រួសារគាត់សម្រេច​យក​កូន​ត្រឹមតែ​៣នាក់ប៉ុណ្ណោះ។ អ្នកស្រីពន្យល់ថា៖ «សម័យឥលូវគេរកស៊ីដោយចងការធនាគារ តែបើយកកូនច្រើនមានពេលឯណាទៅរកស៊ីបង់ធនាគារវិញនោះ​»។ 
 
ម្តាយ​វ័យ​៣៥​ឆ្នាំ​រូបនេះ រអ៊ូរទាំទាក់ទ​ងនឹង​ការចាយវាយ​ជាប្រចាំ​លើ​ទឹក ភ្លើង អាហារ ការ​សិក្សា ហើយ​អ្វី​ដែលបារម្ភ​បំផុត​នោះ គឺ​ខ្ទង់​ចំណាយ​កាន់តែ​កើនឡើងនៅពេល​ដែល​កូន​ឈឺ។ អ្នកស្រីលើកឡើងពីភាពខុសគ្នាដែលកាលពីដើម ចាស់ៗយកកូនច្រើនដើម្បីជួយជាកម្លាំងក្នុងគ្រួសារ ដូចជាភ្ជួររាស់ ដកស្ទូង ដាំបន្លែ រកត្រីសាច់ ...ជាដើម ហើយ​ករណី​កូនច្រើននាពេល ក៏មានមួយផ្នែក​បណ្តាលមក​ពីកង្វះការយល់ដឹង​ពីបញ្ហា​សុខ​ភាព​បន្តពូជ​ផងដែរ។
 
បើតាម បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ការកំណត់ចំនួន​កូន គឺ​អាស្រ័យលើការវិវត្ត​នៃ​សេដ្ឋកិច្ច បើ​ប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់​ ពលរដ្ឋ​ត្រូវបោះបង់ចោលការងារក្នុងផ្ទះ ទៅចាប់យកការងារខាងក្រៅដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ គួបផ្សំជាមួយការយល់ជ្រួតជ្រាបពីវិស័យសុខាភិបាល ដែលធ្វើឲ្យ​អត្រាយកកូននាពេលបច្ចុប្បន្នមានចំនួនតិច​។
 

លោកបណ្ឌិត គី សិរីវឌ្ឍន៍

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ៖ «ការយកកូនតិចមិនប៉ះពាល់ដល់កម្លាំងផលិតកម្មទេ កម្ពុជាឆ្លងផុតដំណាក់កាលវិស័យកាត់ដេរហើយ ការវិវត្តនៃវិស័យឧស្សាហកម្មត្រូវតែមានការផ្លាស់ប្តូរ ដោយ​កម្លាំងពលកម្មត្រូវតែភ្ជាប់ជាមួយសមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យា​»។ 
 
ប្រព័ន្ធអប់រំនៅកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធាន​មនុស្ស និងកម្មករជំនាញដែលប្រកបទៅដោយវិជ្ជាជីវៈ។ ចំពោះករណីនេះ លោក សិរីវឌ្ឍន៍ បានលើកទឹកចិត្ត​គ្រប់ស្ថាប័នពាក់ព័ន្ធចូលរួម ជំរុញ​ ការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានលឿននិងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ជាជាងមានផ្នត់គំនិតក្នុងការយកកូនច្រើនដើម្បីបង្កើនកម្លាំងពលកម្ម ។ 
 
ការយកកូនជាការវិនិយោគទៅលើកុមារ និងវិនិយោគលើធនធានមនុស្ស មិនមែនជាការចិញ្ចឹមកូនដូចពីមុនទេ ដោយ​បច្ចប្បន្ននៅពេលដែលសេដ្ឋកិច្ចរីកចម្រើន សាលារៀនឯកជនរីក​ដុះដាលដូចផ្សិត ហើយ​ដោយសារការឱ្យតម្លៃទៅលើការបណ្តុះបណ្តាល ឪពុកម្តាយ បានចំណាយយ៉ាងច្រើនទៅលើការសិក្សារបស់កូនៗ ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្ស ត្រៀមខ្លួនប្រកួតប្រជែងទីផ្សារការងារនាពេលអនាគត។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត សិរីវឌ្ឍន៍។ 
 
បណ្ឌិត អ៊ី រតនា អ្នកប្រឹក្សាសង្គមមួយរូប ក៏ធ្លាប់បានលើកឡើង​ប្រាប់សារព័ត៌មាន​ថ្មីៗ អំពីលទ្ធភាពដែលគូស្វាមីភរិយាគួរយកកូនផងដែរ។ លោកតម្រូវឲ្យមើលលើកត្តាមួយចំនួនដូចជា  កត្តាសុខភាព ដែល​ជាកត្តាសំខាន់ជាងគេ ប្រសិនបើភរិយា និងស្វាមីមានសុខភាពល្អគឺពួក​គាត់អាចយកកូនបានច្រើនតាមបំណងប្រាថ្នារបស់ខ្លួន។
 
កត្តាទីពីរ លោក រតនា ផ្តោត​លើសេដ្ឋកិច្ច។ លោកថា ប្រសិនបើសេដ្ឋកិច្ចគ្រួសារ ដូចជាផ្ទះ ដីស្រែ ចម្ការ ឬដីសម្រាប់ធ្វើអ្វីមួយ រួមជាមួយទ្រព្យសម្បតិ្តលុយ​កាក់មិនសូវមានបាន កម្រិតមធ្យម គួបផ្សំជាមួយការរស់នៅថ្លៃ ក៏ជាកត្តាជះឥទ្ធិពលដល់ការមានកូនតិចឬច្រើនផងដែរ។ 
 
ការអប់រំ ជាកត្តាទីបីដែលបណ្ឌិតរូបនេះ ចង់ឲ្យ​ផ្តោតអារម្មណ៍។ លោកគូស​បញ្ជាក់ថា មនុស្សដែលមានការអប់រំខ្ពស់ មានការយល់ដឹងអំពីបញ្ហាច្រើនអំពីសង្គម ការកសាងគ្រួសារ ការកសាងសង្គម ផលវិបាកនានា និងមិនសូវមានពេលទំនេរគិតគូរអំពីគ្រួសារ មើលថែទាំ និងអប់រំកូននោះទេ។ 
 

លោកបណ្ឌិត អ៊ី រតនា

កត្តានយោបាយ ជាចំណុច​ទីបួន ព្រោះ​ស្ថានភាពប្រទេសល្អ ឬមិនល្អក៏ជាកត្តាជះឥទ្ធិពលដល់ការសម្រេចចិត្តយកប្តី ឬប្រពន្ធ និងការយកកូនតិច ឬច្រើនផងដែរ ។ រីឯកត្តាចុងក្រោយ លោក អ៊ី រតនា គូសបញ្ជាក់អំពី​ទស្សនវិជ្ជាថ្មីនៃគ្រួសារ។ ត្រង់បញ្ហា​នេះ លោក​រៀបរាប់ថា យុគសម័យជឿនលឿន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្នធ្វើឱ្យមនុស្សប្រែប្រួល ផ្លាស់ប្តូរ និងសម្របសម្រួលខ្លួនទៅតាមស្ថានភាពជឿនលឿននៃបណ្តា​ប្រទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ពោលគឺមនុស្សដែលមានជីវភាពមធ្យម និងមានការអប់រំល្អឡើងទៅមិនចង់រៀបការលឿនក្នុងវ័យក្រោម៣០ឆ្នាំទេសម្រាប់បុរស ហើយស្ត្រីក្នុងវ័យចន្លោះ២៥-២៩ឆ្នាំ។
 
និយាយ​ឲ្យ​ចំទៅ ទំនោរយកកូន​តិច​នៅកម្ពុជា ដោយ​ភាគច្រើនអ្នក​រស់នៅទីប្រជុំជន គឺ​បណ្តាលមកពី​បញ្ហាពេល​វេលា ការ​ចំណាយ​សព្វសារពើ ទាំងការហូបចុក ថ្នាំសង្កូវ ទឹកដោះគោ ថ្លៃសិក្សា និង​តម្រូវ​ការផ្សេងៗ​ផ្ទាល់ខ្លួន។ ឪពុកម្តាយខ្លះ មិនទាន់គិត​គូរឿងយកកូន​ ដោយទុកពេល​វេលាអភិវឌ្ឍន៍ខ្លួន ឬពេល​វេលា​ផ្ទាល់ខ្លួនលើ​ការសម្រេចចិត្ត​អ្វីមួយ រីឯអ្នក​ខ្លះ មាន​កូន​លើ​សផែនការ ដោយសារតែការ​តាម​យក​កូន បន្ទាប់ពី​បង្កើតបានកូន ប្រុស ប្រុស ឬស្រី ស្រី ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com