អន្តរជាតិ
សិទ្ធិមនុស្ស UN ៖ ការកាត់ទោសអ្នកទោសសង្រ្គាមអ៊ុយក្រែននៅតំបន់ផ្តាច់ខ្លួន អាចជាឧក្រិដ្ឋកម្មសង្រ្គាម
24, Aug 2022 , 10:29 am        
រូបភាព
សមាជិកកម្លាំង Azov របស់អ៊ុយក្រែននាពេលកន្លងមក។ រូបថត AFP
សមាជិកកម្លាំង Azov របស់អ៊ុយក្រែននាពេលកន្លងមក។ រូបថត AFP
ដោយ:
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅថ្ងៃទី២៣ ខែសីហា បានបង្ហាញការព្រួយបារម្ភជុំវិញផែនការកាត់ទោសអ្នកទោសសង្រ្គាមអ៊ុយក្រែននៅក្រុង Mariupol របស់អាជ្ញាធរតំបន់ផ្តាច់ខ្លួនដូណេត្ស។ បើតាមអ្នកនាំពាក្យ OHCHR ដំណើរការកាត់ទោសអ្នកទោសសង្រ្គាមអ៊ុយក្រែនដែលអាចនឹងធ្វើឡើងឆាប់ៗនេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម។

 
សមាជិកកងវរសេនាធំ Azov របស់អ៊ុយក្រែនជាង១ពាន់នាក់បានចុះចាញ់នៅខែឧសភា ហើយបានក្លាយជាអ្នកទោសសង្រ្គាមរបស់រុស្ស៊ី ប្រឈមមុខការកាត់ទោសពីសំណាក់ក្រុមផ្ដាច់ខ្លួននៅដូណេត្ស។ មេដឹកនាំតំបន់ផ្ដាច់ខ្លួននេះ ធ្លាប់អះអាងថា ការកាត់ទោសកងកម្លាំងអ៊ុយក្រែន Azov ដែលត្រូវបានចាប់ខ្លួន នឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា។ 
 
ដោយយោងតាមរូបភាពលើប្រព័ន្ធផ្សព្វផ្សាយនានា លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា អាជ្ញាធរតំបន់ផ្តាច់ខ្លួនដូណេត្សដែលគាំទ្រដោយរុស្ស៊ីហាក់ដូចជាកំពុងដំឡើងទ្រុងដែកនៅសាលមួយក្នុងក្រុង Mariupol សំដៅបង្កើតសាលាក្តីអន្តរជាតិដើម្បីកាត់ទោសឧក្រិដ្ឋកម្មរបស់អ៊ុយក្រែន។
 
«យើងពិតជាព្រួយបារម្ភខ្លាំងពីសកម្មភាពដែលត្រូវបានកំពុងធ្វើនេះ។ មានរូបជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយពីទ្រុងដ៏ធំដែលត្រូវបានសាងសង់នៅសាលតន្រ្តីនាទីក្រុង Mariupol ហើយគំនិតនេះទំនងជាគ្រោងឃុំខ្លួនអ្នកទោស»។ លោកស្រី Shamdasani លើកឡើងបែបនេះនៅថ្ងៃទី២៣ ខែសីហា ដោយបន្តថារឿងនេះពិតជាមិនអាចទទួលយកបានទេ។​
 
បើតាមអ្នកនាំពាក្យរូបនេះ ការណ៍ដែលរុស្ស៊ីដកហូតសិទ្ធិរបស់អ្នកទោសសង្រ្គាមមិនឱ្យទទួលបានការកាត់ក្តីដោយយុត្តិធម៌ នឹងស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម។ លោកស្រី Shamdasani អះអាងថា អ្នកទោសសង្រ្គាមអ៊ុយក្រែនមានសិទ្ធិទទួលបានការការពារក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ។ 
 
យ៉ាងណាមិញ លោកស្រី Shamdasani ក៏បានបង្ហាញក្តីបារម្ភពីទីតាំងដែលអ៊ុយក្រែនធ្វើការកាត់ក្តីអ្នកទោសសង្រ្គាមរុស្ស៊ីដូចគ្នា រួមមានការកាត់ទោសទាហានរុស្ស៊ីមួយចំនួនឱ្យជាប់ពន្ធនាគារកន្លងមកផងដែរ៕
 
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com