អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី៖ ប៉ាពួអាស៊ីនូវែលហ្គីណេចង់បានសន្ធិសញ្ញាសន្តិសុខជាមួយអូស្ត្រាលី
31, Aug 2022 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles នៅថ្ងៃទី៣១ ខែសីហា អះអាងថា ប៉ាពួ​អាស៊ី​នូវែលហ្គីណេបានស្នើឱ្យមានសន្ធិសញ្ញាសន្តិសុខទ្វេភាគីជាមួយអូស្ត្រាលី ចំពេលមានភាព​តាន​តឹង​កើន​ឡើងនៅប្រជុំកោះប៉ាស៊ីហ្វិកបន្ទាប់ពីប្រទេសចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន។ លោក Marles ក៏បានបង្ហាញបំណងរបស់អូស្ត្រាលីដែលចង់ពង្រឹង​ទំនាក់​ទំនង​ផ្នែក​យោធា​ជិត​ស្និទ្ធ​បន្ថែមទៀតជាមួយប្រទេសមួយនេះផងដែរ។

 
ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានកើនឡើងខ្លាំងក្នុងរយៈពេលចុង​ក្រោយនេះ បន្ទាប់ពីកោះសូឡូម៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ អូស្ត្រាលី នូវែលសេឡង់ និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងទៀតបាននិយាយថា តម្រូវការ​សន្តិសុខ​គួរ​តែ​ត្រូវ​បានបំពេញដោយចាំបាច់នៅក្នុងតំបន់ដើម្បីទប់ទល់នឹងការគំរាមកំហែង។
ជាមួយនឹងស្ថានភាពបែបនេះ រដ្ឋាភិបាល​ប៉ាពួអាស៊ីនូវែលហ្គីណេបានខិតទៅរកអូស្ត្រាលី​បន្ថែម​ទៀត​ដើម្បីបង្កើតជាសន្ធិសញ្ញាការពារសន្តិសុខផ្លូវការមួយ។
«នេះគឺជាគំនិតដែលត្រូវបានលើកឡើងដោយប៉ាពូអាស៊ីនូវែលហ្គីណេ។ យើងបានបង្ហាញច្បាស់ថា ពួកយើងចង់នៅជិតតាមពួកគេដែលយើងអាចធ្វើបាន»។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ប្រាប់​វិទ្យុ ABC បែបនេះអំឡុងបទសម្ភាសមួយនៅថ្ងៃទី​៣១ ខែសីហា រួចបន្តថា អូស្ត្រាលី ក៏ ចង់កសាង និងពង្រឹងបន្ថែមលើទំនាក់ទំនងផ្នែកយោធាដ៏ជិតស្និទ្ធជាមួយប៉ាពួអាស៊ីនូវែលហ្គីណេ ដែល ជាដៃគូយោធាដ៏សំខាន់មួយ។
 
នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសប៉ាពួអាស៊ីនូវែលហ្គីណេលោក Justin Tkatchenko បានប្រាប់​ទូរទស្សន៍អូស្ត្រាលី ABC ថា លោកបានពិភាក្សាអំពី​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​សមភាគី​អូស្ត្រាលី​លោកស្រី Penny Wong អំឡុង​ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់​ទីក្រុងព័រម៉ូរេសប៊ី​នៅ​ថ្ងៃទី​៣០ ខែសីហា។ លោកស្រី Wong លើកឡើងថា កិច្ចសន្ទនានេះស្ថិតនៅដំណាក់កាលដំបូងនៅឡើយ។
 
គួរបញ្ជាក់ថា ប៉ាពួអាស៊ីនូវែលហ្គីណេ ស្ថិតនៅឆ្ងាយពីគ្នាត្រឹមតែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ។ អូស្ត្រាលី និង អាម៉េរិក កំពុងផ្តល់មូលនិធិដល់ការធ្វើឱ្យ​ប្រសើរឡើង​ចំពោះមូលដ្ឋាន​ទ័ព​ជើង​ទឹក​ប្រទេស​មួយ​នេះ​នៅលើកោះ Manus បន្ទាប់ពីសំណើរបស់ចិនក្នុងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹកឡើងវិញក្នុងឆ្នាំ ២០១៨ បានបរាជ័យ៕
 
 

Tag:
 អូស្ត្រាលី
  ប៉ាពួអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com