កីឡាជាតិ
ជាតិ
យកកីឡាធ្វើជាល្បែងភ្នាល់ ជាកំហុសអ្នកណា ខ្លួនឯង ឬអ្នកដទៃ?
08, Sep 2022 , 4:29 pm        
រូបភាព
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន រូបពីលោក លី ហៀង
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន រូបពីលោក លី ហៀង
សកម្មភាពកីឡាមួយចំនួន  ត្រូវបានក្រុមហ៊ុនភ្នាល់ យកធ្វើជាអាជីវកម្ម។ បុគ្គលមួយចំនួន ចាញ់អស់ទ្រព្យសម្បត្តិ និងអាចឈានដល់ការបង្ករជាសកម្មភាពអវិជ្ជមានមួយចំនួនដល់សង្គម ដូចជាចោរលួច ជម្រិត ឬប្លន់ជាដើម។ លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន យល់ឃើញថា ក្រុមហ៊ុនភ្នាល់អាចស្របច្បាប់ ប្រសិនបានចុះបញ្ជីទទួលស្គាល់ពីក្រសួង។ ដូច្នេះ បុគ្គលម្នាក់ៗ ត្រូវមានការអប់រំខ្លួនឯង ដោយមិនត្រូវញៀនជាមួយការភ្នាល់ទាំងនោះ ព្រោះនាំឲ្យខាតប្រយោជន៍ខ្លួន និងគ្រួសារ។



ការប្រកួតកីឡាបាល់ទាត់មួយចំនួន ត្រូវបានក្រុមហ៊ុនភ្នាល់ Online យកទៅធ្វើជាអាជីវកម្ម ព្រោះមានអ្នកភ្នាល់ជាច្រើន។ ពេលខ្លះ ការភ្នាល់ទាំងនោះ ត្រូវបានចាត់ទុកស្របច្បាប់ ព្រោះក្រុមហ៊ុនទាំងនោះបានចុះបញ្ជីជាមួយរដ្ឋាភិបាល។ ករណីក្រុមហ៊ុនភ្នាល់ក្នុងវិស័យកីឡា មិនមែនមានតែក្នុងប្រទេសកម្ពុជាទេ ប៉ុន្ដែក៏មាននៅបណ្ដាប្រទេសផ្សេងៗ ដូចជានៅតំបន់អឺរ៉ុប ជាដើម។


តារាងស៊ីសងការប្រកួតបាល់ នៅអឺរ៉ុប រូបពីហ្វេសប៊ុក
 
«បើយើង និយាយពាក្យថា «ល្បែងស៊ីសង» ជាទូទៅគឺវាមិនល្អទេ ព្រោះប៉ះពាល់ដល់សេដ្ឋកិច្ចរបស់មនុស្សម្នាក់ៗ ហើយអាចបង្កើតរូបភាពអវិជ្ជមានផ្សេងៗទៀត ក្នុងសង្គម។ យើង មិនអាចថាគេខុសបានទេ ប្រសិន គេបានបង់ពន្ធជូនរដ្ឋ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង។ បើ យើង និយាយពីការអប់រំ យើងមិនគួរ លេងល្បែង ព្រោះទាក់ទងនិងហានិភ័យ ហើយបាត់បង់សេដ្ឋកិច្ចផ្ទាល់ខ្លួន»។ លោក លី ហៀង បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
អគ្គលេខាធិការរូបនេះ បន្ថែមថា នេះ គឺទាក់ទងទៅនិងការអប់រំផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ព្រោះជាសិទ្ធិរបស់គេ ក្នុងការគិតអំពីគុណវិបត្តិនៃការប្រព្រឹត្តល្បែងស៊ីសង។ ប្រសិនអ្នកទាំងនោះ ញៀនរហូតបំផ្លាញទ្រព្យសម្បត្តិខ្លួន នោះគឺជាជម្រើសរបស់ពួកគេ។ តែបុគ្គលខ្លះ លេងភ្នាល់គ្រាន់ជាការកម្សាន្ត ដោយចំណាចបន្ដិចបន្ដួចប៉ុណ្ណោះ។ 
 
លោក លី ហៀង បានបកស្រាយថា ភ្នំពេញក្រោន គឺគោរពតាមច្បាប់របស់ប្រទេសកម្ពុជា ច្បាប់សហព័ន្ធ និងគោលការណ៍របស់ Cambodian Premier League ហើយប្រសិនជា ក្រុមហ៊ុនភ្នាល់ណាមួយ បានទទួលស្គាល់ដោយរដ្ឋ សហព័ន្ធ ឬដោយ CPL នោះមានន័យថា ជាក្រុមហ៊ុនភ្នាល់ស្របច្បាប់។ ការបកស្រាយនេះ មានន័យថា ក្លិប មិនបដិសេធ ឬទទួលការឧបត្ថមរបស់ក្រុមហ៊ុនទាំងនោះទេ ប៉ុន្ដែក្លិប ផ្ដោតលើការគោរពច្បាប់របស់កម្ពុជា និងគោលការណ៍ក្រុមហ៊ុនលីគ។
 
«ក្រុមហ៊ុនភ្នាល់ស្របច្បាប់ លុះត្រាតែបានចុះបញ្ជីជាមួយក្រសួង ហើយចំពោះគោលការណ៍របស់ CPL ក៏មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយទាក់ទងនិងក្រុមហ៊ុនភ្នាល់ដែរ។ យើងត្រូវគោរពតាមច្បាប់រដ្ឋ គោលការណ៍របស់សហព័ន្ធ និងក្រុមហ៊ុនលីគ»។ អគ្គលេខាធិការរូបនេះ បន្ថែមយ៉ាងដូច្នេះ។
 
ចំណែក ក្រុមហ៊ុន Cambodian Premier League ក៏ធ្លាប់បានចេញសេចក្ដី ប្រកាសពីការហាមកីឡាករ គ្រូបង្វឹក និងក្លិប មិនឱ្យពាក់ព័ន្ធ ឬសហការផ្សព្វផ្សាយជាមួយក្រុមហ៊ុនភ្នាល់ Online ទាំងនោះ ២លើករួចមកហើយ៕
 

Tag:
 បាល់ទាត់
  ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com