កីឡាជាតិ
ជាតិ
អត្តពលិកកីឡាទោចក្រយាន គ្រោងទៅហ្វឹកហាត់នៅកូរ៉េខាង្បូង ត្រៀមស៊ីហ្គេម២០២៣
09, Sep 2022 , 7:59 am        
រូបភាព
ការហ្វឹករបស់ក្រុមកីឡាករកីឡាទោចក្រយានជម្រើសជាតិកម្ពុជា នាពេលកន្លងមក។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ការហ្វឹករបស់ក្រុមកីឡាករកីឡាទោចក្រយានជម្រើសជាតិកម្ពុជា នាពេលកន្លងមក។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ដោយ:
សហព័ន្ធកីឡាទោចក្រយានកម្ពុជា គ្រោងបញ្ជូនអត្តពលិកជម្រើសជាតិចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូងរ។ សហព័ន្ធ ក៏នឹងនាំពួកគេទៅចូលរួមប្រកួតតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដើម្បីពង្រឹងសមត្ថភាពមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។

 
ទោះបីមមារញឹកនឹងការហ្វឹកហាត់ជាប្រចាំនៅក្នុងស្រុកក្តីចំពោះកីឡាទោចក្រយានកម្ពុជា ក៏មិននៅស្ងៀមឡើយក្នុងគោលដៅផែនការមេរបស់សហព័ន្ធ ក្នុងការប្រជែងមេដាយនាឆ្នាំ២០២៣។ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២២ សហព័ន្ធគ្រោងរៀបចំពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិបន្ថែមសម្រាប់ត្រៀមស៊ីហ្គេមនៅកម្ពុជា។
 
សហព័ន្ធគ្រោងបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូងរយៈពេលខ្លី និងដឹកនាំកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិចេញទៅប្រកួតនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរ។ ការត្រៀមលក្ខណៈស្វាហាប់ និងការយកចិត្តទុកដាក់នេះ ដ្បិតសហព័ន្ធចង់បំពេញភារកិច្ចជាម្ចាស់ផ្ទះ ជាមួយលទ្ធផលផ្លែផ្កាសម្រាប់ជាតិ។
 
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាប្រាប់សារព័ត៌មានថ្មីៗថា កីឡាករ-កីឡាការិនីមានកម្លាំង តែនៅខ្វះបច្ចេកទេសប្រកួតលំដាប់អន្តរជាតិ។ «យើងបានដាក់ផែនការហ្វឹកហាត់យ៉ាងខ្លាំងក្លាលើទីលានកង់របស់យើង និងបញ្ជូនកីឡាករ-កីឡាការិនីទៅប្រកួតដើម្បីដកស្រង់បទពិសោធឱ្យបានញឹកញាប់ព្រោះភាគច្រើនជាកីឡាករវ័យក្មេង មានកម្លាំង ប៉ុន្តែនៅខ្វះបទពិសោធប្រកួតអន្តរជាតិ»។ លោក នូ ចំរើន បន្ថែមដូច្នេះ។
 
គួបញ្ជាក់ថា អត្តពលិកកីឡាទោចក្រយានជម្រើសជាតិកម្ពុជាមាន១៦នាក់ គ្រូបង្វឹក៤នាក់ កីឡាករ៨នាក់ និងកីឡាការិនី៤នាក់៕
 

Tag:
 កីឡាទោចក្រយាន
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com