ជាតិ
លោក ថោង ខុន រំពឹងថា កម្មវិធី«រាត្រីកម្ពុជា២០២២» នឹងនាំអ្នកវិនិយោគិនវៀតណាមមកកម្ពុជា
10, Sep 2022 , 10:29 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កំពុងថ្លែងក្នុងកម្មវិធី «រាត្រីកម្ពុជា»។ រូបភាពពី ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កំពុងថ្លែងក្នុងកម្មវិធី «រាត្រីកម្ពុជា»។ រូបភាពពី ក្រសួងទេសចរណ៍
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២»  ក្នុងការចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។


 
កម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២ - Cambodia Night 2022» នៃពិព័រណ៍ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ត្រូវបានសហការសម្របសម្រួលពីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT)។ នាកម្មវិធីរាត្រីកម្ពុជានេះ ក៏មានការសម្តែងសិល្បៈបុរាណ របាំសហសម័យ ការចូលរួមពីតារាចម្រៀងល្បីៗ ក្រុមតារាបង្ហាញម៉ូដ រួមជាមួយការរៀបចំម្ហូបខ្មែរពីសមាគមចុងភៅ។
 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កម្មវិធីរាត្រីកម្ពុជា២០២២ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-វៀតណាម ដែលជាទីផ្សារផ្ទៃក្នុងអាស៊ានដ៏មានសក្ដានុពល។ លើសពីនេះ កម្មវិធីនេះ ក៏ជួយទាក់ទាញឱ្យអ្នកវិនិយោគិនស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន។
 
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ បានរំពឹងដូច្នេះ៖«តាមរយៈការចូលរួមនិងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC និងការរៀបចំរាត្រីកម្ពុជាឆ្នាំ២០២២ នឹងជួយទាក់ទាញកំណើនទេសចរ និងវិនិយោគិនវៀតណាមកាន់តែច្រើនមកទស្សនា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩»។
 
ឆ្នាំនេះគឺជាលើកទី១៦ដែលក្រសួងទេសចរណ៍កម្ពុជាបានចូលរួមគាំទ្រ និងសហការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ រួមជាមួយការរៀបចំ «រាត្រីកម្ពុជា»។ ស្របពេលជាមួយគ្នានោះ  លោក  ថោង ខុន ក៏បានប្រកាសពីការរៀបចំ និងអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ស្របជាមួយកិច្ចប្រជុំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើ សកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ព្រមទាំងជំរុញការផ្សព្វផ្សាយ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនឡើងថែមទៀត។
 
​គួរឱ្យដឹងដែរថា កម្មវិធី «រាត្រីកម្ពុជា» មានការចូលពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ង្វៀន វ៉ាន់ហ៊ុង រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងរដ្ឋមន្រ្តក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា។ ក្នុងនោះក៏មានការចូលរួមក្រសួងពាក់ព៍ន្ធនានា ក្នុងវិស័យទេសចរណ៍ និងសមាគមទេស​ចរប្រមាណ ៤០០នាក់ផងដែរ៕
 

Tag:
 វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com