ជាតិ
សម្ដេច ហ៊ុន សែន ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់
10, Sep 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្កើនការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ នៅតំបន់មួយចំនួន ដើម្បីជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។


 
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ រដ្ឋាភិបាល បានជំរុញឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់ ពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដោយត្រៀមរៀបចំ និងចាត់វិធានការចាំបាច់ ដើម្បីជៀសវាងហានិភ័យនានា។
 
ក្នុងនោះ រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្ដារាជធានី-ខេត្ត ដូច្នេះទាំងអាជ្ញាធរខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធនានា ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពីប្រណាំងទូកនៅតាមភូមិ-ស្រុកមួយចំនួនផងដែរ៕
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com