ជាតិ
ជិតដល់រដូវប្រមូលផល កសិករទន្ទឹងចាំដំណឹងនាំមៀនប៉ៃលិនទៅចិន
12, Sep 2022 , 9:29 am        
រូបភាព
ភ្នំពេញ៖ កសិករ កំពុងរង់ចាំដំណឹងពីការនាំចេញមៀនប៉ៃលិន ទៅកាន់ប្រទេសចិន ខណៈរដូវប្រមូលផលជិតចូលមកដល់នៅចុងខែកញ្ញាខាងមុខ។ នេះជាកង្វល់មួយរបស់កសិករ ដែលទាមទារឱ្យភាគីចិន និងក្រសួងពាក់ព័ន្ធ ពន្លឿនការឆ្លើយតប ដើម្បីធានាដល់ស្ថេរភាពទីផ្សារ។

  

 
ផ្លែមៀនប៉ៃលិន ត្រូវបានឆ្លងកាត់ការវាយតម្លៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យពីអគ្គនាយដ្ឋានគយចិន ដោយជោគជ័យ។ កន្លងទៅ អគ្គនាយកដ្ឋានកសិកម្ម ធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងអាចនាំចេញមៀនប៉ៃលិនទៅចិនលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២២នេះ។ 

រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 
 
លោក សារ ចំរើន ក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានប្រាប់សារព័ត៌មានថ្មីៗ ថា ម្ចាស់ចម្ការ បានត្រៀមខ្លួនរួចស្រាចសម្រាប់នាំចេញ។ ប៉ុន្តែ ពួកគេត្រូវរង់ចាំការសម្រេចចុងក្រោយរបស់គយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

លោក សារ ចំរើន ក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន

ព័ត៌មានពីការនាំចេញទៅទីផ្សារចិននេះ បានជំរុញកសិករពង្រីកការដាំដុះកាន់ច្រើន។ ក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិនរូបនេះ សន្និដ្ឋានថា ឆ្នាំនេះទិន្នផលមៀនប៉ៃលិន នឹងអាចកើនដល់ ២សែនតោន។ 
 
លោក សារ ចំរើន អះអាងថា សព្វថ្ងៃ កសិករបានចាត់ទុកចិនជាទីផ្សារទិញមៀនប៉ៃលិនដ៏ធំ បន្ទាប់ពីថៃបិទលែងឱ្យមានការនាំចូល។ មៀនប៉ៃលិន នឹងចាប់ផ្ដើមទុំនៅចុងខែកញ្ញានេះ ហើយប្រសិនបើ ចិនបន្តអូសបន្លាយបើកទីផ្សាររបស់ខ្លួននោះទេ នឹងអាចធ្វើឱ្យមៀនកម្ពុជាប្រឈមកកស្ទះនៅអំឡុងពេលប្រមូលផលខាងមុខ។ 
 
«អ្វីដែលយើងរង់ចាំរាល់ថ្ងៃហ្នឹង គឺចាំការឆ្លើយតប ពីគយចិន ដូច្នេះ យើងមិនទាន់បានលេខក្នុងការនាំចេញនៅឡើយទេ។ ការបារម្ភរបស់យើងខ្លាចតែទីផ្សារមក មិនទាន់ការផលិតរបស់កសិករយើងទេ ព្រោះកន្លងទៅទីផ្សារក្នុងស្រុកតម្លៃអត់ថេរទេគឺទាប។ អ៊ីចឹង កសិករគាត់រំពឹងទៅលើទីផ្សារចិនថាហ្នឹងបានតម្លៃល្អ»។ នេះជាការលើកឡើងរបស់ លោក សារ ចំរើន ដោយបន្ថែមថា ប្រសិនបើ ឈានដល់ការនាំចេញទៅចិនបាន មៀនប៉ៃលិនស្រស់ អាចទទួលបានតម្លៃចន្លោះពី ៣៣០០ទៅ៤ ៥០០រៀលក្នុងមួយគីឡូក្រាម។
 
លោក បុត ធឿន ម្ចាស់ចម្ការមៀនប៉ៃលិនជាង១ម៉ឺនដើមនៅស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងស្រដៀងគ្នាដែរថា លោក និងកសិករផ្សេងទៀតកំពុងអន្ទះសារង់ចាំលេខកូដឃ្លាំង និងចម្ការពីគយចិន ដើម្បីអាចឱ្យក្រុមហ៊ុនបញ្ជាទិញកក់ប្រាក់។ 
 
មិនដល់កន្លះខែទៀតនោះទេ មៀនប៉ៃលិននឹងចាប់ផ្ដើមទុំ។ ដូច្នេះ ប្រសិនបើ ដំណើរការបើកទីផ្សារចិនយឺតយ៉ាវ នឹងធ្វើឱ្យមៀនរបស់លោក បុត ធឿន ត្រូវខូច និងខាតបង់។ ផលពិបាកនៅពេលនេះ គឺពិបាករកទីផ្សារលក់ ក្រោយថៃបិទការនាំចូល។ 
 
លោក បុត ធឿន ​ប្រាប់ដូច្នេះថា៖«ការពិនិត្យចម្ការ និងឃ្លាំងរបស់គយចិនគឺរួចរាល់អស់ហើយ អ៊ីចឹង យើងចាំតែលេខកូដឃ្លាំង និងចម្ការតែប៉ុណ្ណោះ។ ខាងខ្មែរយើងថា នៅកញ្ញានេះរួចរាល់អស់ហើយ(ដំណើរការបើកទីផ្សារចិន) តែមកដល់ពេលនេះ អត់ទាន់ឃើញទម្លាក់លេខកូដមក។ អ៊ីចឹង ខាងក្រុមហ៊ុន ក៏អត់ហ៊ានកក់ប្រាក់ដល់កសិករដែរ»។ 
 
ក្នុងរដូវប្រមូលផលម្ដងៗ ចម្ការរបស់លោក បុត ធឿន អាចទទួលទិន្នផលប្រមាណ៦០០ ទៅ៧០០តោន។ ហេតុនេះ លោក បុត ធឿន ព្រួយបារម្ភខ្លាចខកខានឱកាសនាំចេញនៅរដូវប្រមូលផល ដោយស្នើឱ្យក្រសួងកសិកម្ម ជួយផ្ដល់ដំណឹង និងពន្លឿនដំណើរការនាំចេញមៀនប៉ៃលិនឱ្យបានឆាប់រហ័ស។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី៨ខែកញ្ញានេះ បានបន្តជំរុញម្ចាស់ចម្ការមៀនប៉ៃលិនដាក់ពាក្យស្នើសុំចុះបញ្ជីថែមទៀត។ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក មានចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់៨ ត្រូវបានអនុម័តទទួលស្គាល់ជាផ្លូវការដោយ GACC របស់ចិន។ 
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសុំព័ត៌មានបន្ថែមដែរ ប៉ុន្តែលោក ជាប់រវល់ពុំអាចនិយាយបាន។ 
 
មៀនប៉ៃលិន គឺជាដំណាំកសិឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះមៀនសរុបចំនួន ១២៨៣៧ហិកតា និង ផ្ទៃដីប្រមូលផលមានចំនួន ១០៥៦៥ហិកតា ដោយជាមធ្យមអាចប្រមូលផលបាន ១៣១៤៩៨តោនក្នុងមួយឆ្នាំ។
 
សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិន អាចជាផ្លែឈើទី៣របស់កម្ពុជា ដែលនាំចេញទៅប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីផ្លែចេក និងផ្លែស្វាយ។ បច្ចុប្បន្ន កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មចំនួន ៣៥មុខហើយទៅកាន់ទីផ្សារចិន ខណៈទុរេន និងសំបុកត្រចៀកកាំ ជាគោលដៅនាំចេញបន្ទាប់៕ 
 
 

Tag:
 កសិកម្ម
  មៀនប៉ៃលិន
  ការនាំចេញផលកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com