ជាតិ
តម្លៃជ្រូករស់ចុះថោក ក្នុងរដូវភ្ជុំបិណ្ឌ ព្រោះកសិករសម្រុកចិញ្ចឹមច្រើនលើសតម្រូវការ
15, Sep 2022 , 9:29 am        
រូបភាព
 រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
ភ្នំពេញ៖ នៅរដូវភ្ជុំបិណ្ឌនេះ តម្លៃជ្រូករស់បានធ្លាក់ថ្លៃមកត្រឹម៨ទៅជាង៩ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈថ្លៃដើមផលិតកើនដល់ជាង១ម៉ឺនរៀល។ មូលហេតុធ្វើឱ្យជ្រូករស់ចុះថោកខ្លាំងបែបនេះ ដោយសារកសិករសម្រុកចិញ្ចឹមច្រើនពេក នាំឱ្យលើសតម្រូវការក្នុងស្រុក។



កម្ពុជាត្រូវការជ្រូកពី ៨០០០ទៅជាង៩០០០ ក្បាលក្នុងមួយថ្ងៃ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ តម្រូវការជ្រូករស់អាចកើនដល់១ម៉ឺនក្បាល។
 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25 នៅថ្ងៃទី១៤ខែកញ្ញា ថា ភ្ជុំបិណ្ឌឆ្នាំនេះ ពលរដ្ឋខ្មែរហាក់ពុំសូវពេញនិយមសាច់ជ្រូកនោះទេ។ ហេតុនេះ អ្នកចិញ្ចឹមជ្រូកកម្ពុជា កំពុងជួបបញ្ហាទីផ្សារ ក្រោយពួកគេសម្រុកចិញ្ចឹមច្រើន នាំឱ្យលើសតម្រូវការក្នុងស្រុក។ បច្ចុប្បន្ន កសិករចិញ្ចឹមជ្រូក ពុំទទួលបានប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញពួកគេត្រូវប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ។ 


លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
លោក រៀបរាប់ដូច្នេះថា៖«មុនពេលភ្ជុំតម្លៃគ្រាន់បើ កសិករអាចទប់ទល់បាន តែឥឡូវខាតមែនទែនហើយ ដោយសារតែ បងប្អូនអ្នកចិញ្ចឹមគាត់គិតថា ភ្ជុំបិណ្ឌហ្នឹង មានតម្រូវការច្រើន។ អ៊ីចឹង គាត់នាំគ្នាទៅទិញកូនជ្រូកយកមកចិញ្ចឹម ដល់ពេលហ្នឹង(ភ្ជុំ) បានបញ្ចេញលក់។ តែកសិករយើងអត់មានទិសដៅ(ទីផ្សារ) ឥឡូវអ្នកដែលយំ គឺកសិករហ្នឹងហើយ ព្រោះសាច់ជ្រូកឥឡូវ ច្រើនលើសលប់រហូតដល់សល់រហូតដល់ចុះថ្លៃ»។ 
 
ទោះជាយ៉ាងណា ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ មិនរំពឹងថាតម្លៃជ្រូករស់អាចងើបឡើងវិញនោះទេ។ ដូច្នេះ លោក អំពាវនាវឱ្យពលរដ្ឋ ជួយទិញសាច់ជ្រូកក្នុងស្រុក ដើម្បីសម្រួលដល់ទីផ្សាររបស់អ្នកចិញ្ចឹមខ្មែរ។ 
 
ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី ម៉េង អ៊ាម កសិករចិញ្ចឹមជ្រូកម្នាក់​នៅស្រុកចំការលើ ខេត្តកំពង់ចាម លើកឡើងថា រយៈពេល២សប្ដាហ៍ចុងក្រោយនេះ តម្លៃជ្រូករស់បានធ្លាក់ចុះយ៉ាងគំហុក ពោលគឺត្រឹម ៩៣០០រៀលក្នុងមួយគីឡូក្រាម និងគ្មានឈ្មួញជួយទិញនោះទេ។ 
 
កសិកររូបនេះ នឹងត្រូវខាតប្រាក់ ៥០ដុល្លារក្នុងមួយក្បាល ប្រសិនបើ សម្រេចចិត្តលក់ក្នុងតម្លៃ ៩៣០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែ ប្រសិនបើទុកចិញ្ចឹមយូរជាងនេះ នឹងធ្វើឱ្យខាតថ្លៃចំណី។ សព្វថ្ងៃ អ្នកស្រី នៅសល់ជ្រូកប្រមាណ ៨០០ក្បាលទៀត ដែលត្រៀមលក់ក្នុងរដូវភ្ជុំបិណ្ឌនេះ ប៉ុន្តែ លក់មិនទាន់ចេញនៅឡើយ។
 
អ្នកស្រី ម៉េង អ៊ាម ប្រាប់ដូច្នេះថា៖«ជ្រូកខ្ញុំត្រូវលក់ហើយ ទុកអត់កើតទេ ព្រោះជ្រូកអាយុជាង៥ខែ ទុកឱ្យស៊ីចំណីទៀតក៏អត់ធំដែរ។ ជ្រូកជាង៨០០ក្បាលហ្នឹង ស៊ីចំណីមួយថ្ងៃអស់ជាង១ពាន់ដុល្លារ អ៊ីចឹង ទោះខាតប៉ុន្មាន ក៏ត្រូវតែលក់ចោល»។
 
បច្ចុប្បន្ន អ្នកចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ពិបាកប្រកួតប្រជែងទីផ្សារជាមួយជ្រូកក្រុមហ៊ុន។ ឆ្នាំនេះ ជ្រូកសម្បូរ ដូច្នេះឈ្មួញបានបន្ទាបតម្លៃកសិករ ហើយងាកទៅទិញជ្រូកពីក្រុមហ៊ុនវិញ ព្រោះ ក្រុមហ៊ុនមានសេវាដឹកជញ្ជូនជ្រូកដល់កន្លែងកាប់សាច់របស់ពួកគេ។ 
 
«ក្រុមហ៊ុន ចិញ្ចឹមជ្រូកឥឡូវច្រើនណាស់ អ៊ីចឹងអត់មានឈ្មួញមកទិញរបស់យើងទេ។ ឥឡូវ ឈ្មួញគេយកជ្រូកពីក្រុមហ៊ុន ព្រោះក្រុមហ៊ុន គេដឹងដល់កន្លែង។ ទាល់តែជ្រូកអត់សូវសម្បូរ ទើបគេ(ឈ្មួញ) ចុះមកចាប់តាមភូមិ»។ នេះជាការលើកឡើងរបស់​អ្នកស្រី ម៉េង អ៊ាម៕  
 
  
 

Tag:
 កសិកម្ម
  ជ្រូក
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com