ជាតិ
ស្រូវជាង៥ពាន់ហិកតា នៅខេត្តបន្ទាយមានជ័យ ត្រូវបានបំផ្លាញដោយសារជំនន់ទឹកភ្លៀង
15, Sep 2022 , 6:59 pm        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជួយច្រូតស្រូវពលរដ្ឋដែលជន់លិចដោយទឹកភ្លៀង នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជួយច្រូតស្រូវពលរដ្ឋដែលជន់លិចដោយទឹកភ្លៀង នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
ភ្នំពេញ៖ ស្រូវជាង ៥ពាន់ហិកតា នៅខេត្តបន្ទាយមានជ័យ ត្រូវបានរងការខូចខាតទាំងស្រុងដោយសារទឹកជំនន់។ នេះបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរចុះពិនិត្យស្ថានភាពដាំដុះស្រូវរដូវវស្សានៅខេត្តបន្ទាយមានជ័យ។

 
គិតត្រឹមថ្ងៃទី១៤កញ្ញានេះ ទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ស្រូវវស្សារបស់កសិករចំនួន ៨៥៧០ហិកតា ខូតខាតជាង ៥០០០ហិកតា និងស្ដារឡើងវិញបានជាង ២៨០០ហិកតា។ ក្នុងនោះ ស្រុកមង្គលបុរី រងការលិចលង់ធ្ងន់ធ្ងរជាងគេ។ ភូមិក្រមុល ក្នុងឃុំរហាត់ទឹក មានស្រូវខូចខាត ៣២២៥ហិកតា និងស្ដារឡើងវិញបានប្រមាណ ២៣៨០។ 


 លោក វេង សាខុន និងក្រុមការងារ បានចុះពិនិត្យស្ថានភាពដាំដុះស្រូវរដូវវស្សាក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២

មេឃុំរហាត់ទឹក និងពលរដ្ឋ បានឱ្យដឹងថា បញ្ហាទឹកទឹកជំនន់ដោះស្រាយមិនទាន់ចេញនៅឡើយ ដោយសារទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់ មិនអាចរំដោះទឹកបានគ្រប់។ បច្ចុប្បន្ន អាជ្ញាធរកំពុងស្ដារទំនប់ទឹកនេះឡើងវិញ ដើម្បីធ្វើយ៉ាងណារំដោះទឹកឱ្យទាន់ពេលវេលា។  
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកិសកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងវាយតម្លៃផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង រួចដាក់សំណើរសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 
ដោយឡែក ចំពោះដំណោះស្រាយ រយៈពេលវែង លោករដ្ឋមន្រ្តី បានជំរុញឱ្យប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាជាមួយមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបន្ទាយមានជ័យ សិក្សាពីលទ្ធភាពសាងសង់ទំនប់បង្ហូររំដោះទឹក តាមសំណូមពររបស់ពលរដ្ឋ ក្នុងឃុំរហាត់ទឹក។
 
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចាប់ពីដើមខែវស្សា មកដល់ពេលនេះ មានស្រូវចំនួន ៤៥២៣០ហិកតា ត្រូវបានលិចលង់ដោយទឹកជំនន់ និងខូចខាតចំនួន ១៩៩៦០ហិកតា៕ 
 
 
 
 
 

Tag:
 កសិកម្ម
  ស្រូវលិចទឹក
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com