ជាតិ
៨ខែ កម្ពុជា រកបានចំណូលជិត៨០០លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ
16, Sep 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា បានចំណូលប្រមាណ៧៨១លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ​​។ ក្នុងនោះ ការនាំចេញអង្ករបានកើនឡើងបន្តិច តែស្រូវនាំទៅវៀតណាមត្រូវបានថយចុះ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២។ 



យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៨ខែចុងក្រោយនេះ បរិមាណនាំអង្ករចេញមានចំនួន ៣៨៩ពាន់តោន កើនឡើង ៤៤ ៥៥៣តោន ស្មើ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានជាង ៣៤៣ពាន់តោន។ ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៥៩ ៨៨៧តោន ស្មើនឹង៨៨ភាគរយ អង្ករសគ្រប់ប្រភេទ មានចំនួន ១១៩ ៥៩៣តោន ស្មើ៣០ភាគរយ និងអង្ករចំហុយគ្រប់ប្រភេទចំនួន ៩ ៥២០តោន។ 


 រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ 

បរិមាណអង្ករដែលបាននាំទៅកាន់ប្រទេសចិនមានចំនួន ១៧៨១៤២តោន កើនឡើង ៧ភាគរយ សហភាពអឺរ៉ុបឈរនៅលំដាប់ទី២ មានចំនួន ១៣១ ៦៨០តោន កើន៤៩ភាគរយ។ ចំណែក អាស៊ានមានចំនួន ៣៤ ៦៣៣តោន ថយចុះ២ភាគរយ ​និងគោលដៅ ២៥ប្រទេសផ្សេងទៀតចំនួន ៤៤ ៥៤៥តោន ថយចុះ១៧ភាគរយ។ បន្ថែមពីនោះ អង្ករ ដែលបាននាំចេញដោយ ៥៤ក្រុមហ៊ុនទៀតមានចំនួន ៣៨៩ពាន់តោន។ 
 
ចំពោះ ខែសីហា កម្ពុជា បាននាំអង្ករចេញចំនួន ៣៨ ០៩៨តោន កើនឡើង ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក ការនាំស្រូវទៅវៀតណាម ក្នុងរយៈពេល៨ខែដូចគ្នាមានចំនួន ២ ២៦៩ ២១០តោន ថយចុះ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ 
 
តាមការប៉ាន់ប្រមាណរបស់ក្រសួងកសិកម្ម កម្ពុជាបានចំណូលប្រមាណ ៧៨១លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ។ ក្នុងនោះ ស្រូវមានចំនួន ៤៤៩ ៣០៣ ៥៨០ដុល្លារ និងអង្ករ ចំនួន ៣៣២ ៥៩៥ ០០០ដុល្លារ៕ 


  រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  ការនាំចេញអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com