ជាតិ
ក្រសួងជំរុញការអនុវត្ត«កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព» ទប់ទល់ការប្រែប្រួលអាកាសធាតុ
21, Sep 2022 , 8:59 pm        
រូបភាព
ក្រសួងកសិកម្មជំរុញការអនុវត្ត«កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព» ទប់ទល់ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ច។ រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ក្រសួងកសិកម្មជំរុញការអនុវត្ត«កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព» ទប់ទល់ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ច។ រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្រ្តីរបស់ខ្លួនអនុវត្តសាកល្បងការងារ«កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព»នៅតាមបណ្ដាខេត្តឱ្យកាន់តែច្រើនថែមទៀត។ «កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព» មានតួនាទីសំខាន់ក្នុងការបង្កើនភាពធន់នៃផលិតកម្ម ដោយសារសម្ពោធជីចៈ និងអជីវៈ ដែលផ្ដល់ប្រយោជន៍ច្រើនដូចជា ជួយកម្ចាត់ស្មៅ កែប្រែស្ថានភាពដី និងទប់ស្កាត់ការហូរច្រោះដីជាដើម។



ស្របពេល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយ កសិកម្មកម្ពុជា ជាកសិកម្មទំនើប ដែលមានលក្ខណៈប្រកួតប្រជែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។ ការអនុវត្ត «កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព» នឹងជួយពង្រឹងសមត្ថភាពកសិករ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្មបន្ថែមទៀត តាមរយៈការបង្កើនភាពធន់នៃផលិតកម្ម ដោយសម្ពោធជីចៈ និងអជីវៈ ដែលមានប្រយោជន៍ជួយកម្ចាត់ស្មៅ កែប្រែស្ថានភាពដី និងទប់ស្កាត់ការហូរច្រោះដី។


រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
 
បច្ចុប្បន្ន គម្រោង«កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព» ត្រូវបានដាក់ឱ្យអនុវត្តនៅតាមបណ្តាខេត្តគោលដៅ ដូចជា ខេត្តបាត់ដំបង កំពង់ធំ និងខេត្តព្រះវិហារ ដោយសម្រេចបានផ្ទៃដី ២ ០០០ហិកតាហើយនៅឆ្នាំ២០២១។
 
ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា កាលថ្ងៃទី២០ ខែកញ្ញា លោក វេង សាខុន បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុវត្តសាកល្បងការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងខេត្តនីមួយៗ តាមរយៈគំនិតផ្តួចផ្តើម ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ក៏ដូចជាក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម។
 
រដ្ឋមន្រ្តី​កសិកម្ម​រូបនេះ​ ក៏បានណែនាំឱ្យ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា សហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទ ពិនិត្យមើលលទ្ធភាពរៀបចំ កញ្ចប់ថវិកា ដើម្បីជួយសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធនានា សំដៅជំរុញការអនុវត្តកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ពិសេស ស្នើឱ្យគម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងៗ ពិចារណាលើការបញ្ជ្រាបឱ្យមានសកម្មភាពការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងនោះផងដែរ៕
 
 
 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  ទំនើបកសិកម្ម
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com