ជាតិ
យុវជនមួយក្រុម បង្កើតគម្រោងជួយជំរុញការអប់រំកុមារនៅតំបន់ដាច់ស្រយាល
02, Oct 2022 , 10:59 pm        
រូបភាព
កញ្ញា ខាន់ សុខលាភ ស្ថាបនិកគម្រោងក្រវាញជួយជំរុញការសិក្សារបស់កុមារនៅតំបន់តំបន់ស្រដាល កំពុងអង្គុយថតរូបជាមួយកុមារ២រូប អមដោយសមាជីកក្រវាញ។
កញ្ញា ខាន់ សុខលាភ ស្ថាបនិកគម្រោងក្រវាញជួយជំរុញការសិក្សារបស់កុមារនៅតំបន់តំបន់ស្រដាល កំពុងអង្គុយថតរូបជាមួយកុមារ២រូប អមដោយសមាជីកក្រវាញ។
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី
 
 
យុវជនមួយក្រុមរួមគ្នាបង្កើតគម្រោង ជំរុញការអប់រំនៅតំបន់ដាច់ស្រយាល ដោយដាក់ឈ្មោះគម្រោងថា «Kravanh-ក្រវាញ»​​។ យុវជនទាំងនោះ ប្រដូចការសិក្សារបស់កុមារកម្ពុជាទៅនឹងជួរភ្នំដែលវែងនៅកម្ពុជាដើម្បីជានិមិត្តរូបនៃអនាគតដ៏វែងឆ្ងាយរបស់កុមារ ដែលការអប់រំគឺជាផ្លូវតែមួយគត់ទៅកាន់ជោគជ័យ។

 
Kravanh-ក្រវាញ ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២២ ដោយនិស្សិតខ្មែរ៦រូប ដែលមានបំណងជួយលើកកម្ពស់ការអប់រំ តាមរយៈការបរិច្ចាគជាសម្ភារសិក្សា និងថវិកា។ បច្ចុប្បន្ន​គម្រោង​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​មនុស្ស១០នាក់ ដែលបានសិក្សាជំនាញសិក្សាផ្សេងៗគ្នា ដូចជាជំនាញបង្រៀន ពាណិជ្ជកម្ម និងជំនាញឌីហ្សាញ...ជាដើម។
 
កញ្ញា ខាន់ សុខលាភ ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នករៀបមាតិកាសម្រាប់ Facebook page ក្រវាញ។ សុខលាភ ជាសហស្ថាបនិកនៃគំនិតផ្តួចផ្តើមនេះ ដែលនាងជួយក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងខ្លឹមសារនៃគម្រោង។
 
កើតក្នុងឆ្នាំ ២០០២ យុវតីសម្បុរស ញញឹមស្រស់រូបនេះ បានលើកឡើងថា សម្រាប់​ពេល​នេះ ​ក្រុមរបស់នាង​​កំពុង​ផ្តោត​លើ​គម្រោង​ដំបូង​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា «One for All» ជួយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រពើពុល ដែលស្ថិតនៅក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមយុវតីរូបនេះ សិស្សនៅទីនោះ គឺខ្វះសម្ភារសិក្សា សៀវភៅអាន សៀវភៅពុម្ព និងទឹកស្អាតដើម្បី​ទទួលទាន។
 

កញ្ញា ខាន់ សុខលាភ ស្ថាបនិកនៃគម្រោងក្រវាញ។

បឋមសិក្សាក្រពើពុល ដែលស្ថិតនៅក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គំនិតផ្តួចផ្ដើមជួយសិស្សនៅសាលាបឋមសិក្សាក្រពើពុល ផ្ដើមចេញពីមិត្តភ័ក្តិ​របស់សុខលាភម្នាក់ ដែលស្គាល់ពីស្ថានភាពនៃសាលាបឋមសិក្សានេះ។ សព្វថ្ងៃក្រវាញកំពុងប្រមូលការបរិច្ចាគ សៀវភៅ និងថវិកា ពីសប្បុរសជននានា ដើម្បីចែកជូនក្មេងៗទាំងនោះ​ នាអំឡុងខែតុលា ឆ្នាំ២០២២។ 
 
«យើងចង់ជួយក្មេងៗដោយឱ្យសៀវភៅសរសេរ ប៊ិច លុយ និងសម្ភារសិក្សាជាកញ្ចប់។ ពេលយើងទៅដល់សាលា យើងឃើញថាពួកគេចូលចិត្តអានសៀវភៅរឿងណាស់ តែសៀវភៅនៅសាលា ពួកគាត់អានអស់ហើយ។ ដូច្នេះ យើងក៏ចង់យកសៀវភៅរឿងទៅឱ្យដែរ»។ សុខលាភ ថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗជាមួយនឹងស្នាមញញឹម។ 
 
ស្ថានភាពសាលាបឋមសិក្សាក្រពើពុល
 
សាលាបឋមសិក្សាក្រពើពុល សាងសង់នៅលើដីរបស់វត្ត ខ្ពស់ផុតពីដី ដើម្បីការពារការលិចទឹកនៅរដូវវស្សា និងពេលមានភ្លៀងធ្លាក់។ សាលាមានអគារសិក្សាតែមួយខ្នងប៉ុណ្ណោះដែលមាន៣បន្ទប់ និងគ្រូបង្រៀន ៣នាក់។ សិស្ស មានពីថ្នាក់ពី១ដល់ថ្នាក់ទី៦ ដែលមានសរុប៥៩នាក់។​ ប៉ុន្តែ ចំពោះការរៀនសូត្រវិញ សិស្សចំនួនពីរថ្នាក់ត្រូវរៀនជាមួយគ្នាក្នុងបន្ទប់រៀនតែមួយដោយអង្គុយទល់ខ្នងគ្នា បង្រៀនដោយគ្រូមួយរូប។​ 
 

បឋមសិក្សាក្រពើពុល ដែលស្ថិតនៅក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

លោក ខេម ប៊ុនលី ក្រៅពីមានតួនាទីជានាយកសាលាបឋមសិក្សាក្រពើពុលហើយនោះ  លោកក៏ជាអ្នកបង្រៀនសិស្សផងដែរ ព្រោះតែគ្រូមានចំនួនតិច។ លោកបានលើកឡើងថា សាលាមានការខ្វះខាតច្រើន ដូចជា សៀវភៅសិក្សា និងសម្ភារដូចជាកង្ហារ តុ កៅអី ជាដើម។ នៅសាលាមានធុងចម្រោះទឹកមួយ ប៉ុន្តែលោកនាយកថា ធុងនោះគឺប្រើប្រាស់មិនកើតឡើយព្រោះធ្វើឱ្យទឹកមានក្លិន។ លោក រៀបរាប់ថា សិស្សមានការលំបាកច្រើនក្នុងការធ្វើដំណើរមកសាលា ជាពិសេសនៅរដូវវស្សា ដោយសារផ្លូវនឹងជន់លិច តម្រូវឱ្យពួកគេជិះទូកមកសាលារៀន។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ប៊ុនលី បង្ហាញនូវភាពសប្បាយរីករាយពេលដែលក្រុមយុវជនក្រវាញចុះមកដល់សាលា និងមានបំណងយកសម្ភារសិក្សាមកជូនសិស្សានុសិស្ស។ ​រយៈពេល២០ឆ្នាំមកនេះ ក្នុងតួនាទីជា​នាយក​សាលា លោក​ ប៊ុនលី បានលើកឡើងថា សាលាបឋមសិក្សាក្រពើពុល​កម្រទទួល​បាន​ជំនួយពីអង្គការ ឬក្រុមណាមួយណាស់ ព្រោះសាលានេះ​ មានសិស្សតិច និងពិបាកធ្វើដំណើរមក។ លោកបញ្ជាក់ថា ក្រវាញ គឺក្រុមយុវជនដំបូងដែលបានមកសាលា និងបង្ហាញបំណងចង់ជួយសិស្សានុសិស្ស តាមរយៈការបរិច្ចាគសម្ភារសិក្សា។
 
លោកនាយកបឋមសិក្សាក្រពើពុលបន្តនិយាយយ៉ាងដូច្នេះ៖ «ឃើញក្រុមហ្នឹង [ក្រវាញ]​ មកជួយសាលាចឹង ខ្ញុំយល់ថាល្អណាស់​ ដែលពួកគេចេះចង់ជួយសាលានៅតំបន់ដាច់ស្រយាលបែបនេះ»។​ 
 
ការកសាងទំនុកចិត្ត និងភាពជឿជាក់ពីសប្បុរសជន
 
ខាន់ សុខលាភ មើលឃើញថា ការទៅស្នើសុំជំនួយដូចជាសៀវភៅ និងអំពាវនាវស្វែងរកសប្បុរសជន ជារឿងលំបាកមួយសម្រាប់ក្រវាញ ពីព្រោះសប្បុរសជនមួយចំនួនមិនជឿទុកចិត្តថា យុវជនមួយក្រុមនេះពិតជាពាំនាំជំនួយទាំងនោះទៅកាន់ក្មេងៗនៅសាលាបឋមសិក្សាក្រពើពុលពិតមែននោះទេ។
 

សិស្សនៅសាលាបឋមសិក្សាក្រពើពុល កំពុងកង្វះនូវសម្ភារសិក្សា និងទឹកស្អាតបរិភោគ។ 

បើតាមយុវតីវ័យ២០ឆ្នាំរូបនេះ ទោះជាលំបាកយ៉ាងណាក៏ដោយ ក្រវាញនៅតែខិតខំកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្ត ដើម្បីជួយការសិក្សារបស់ក្មេងៗនៅតំបន់ដាច់ស្រយាល ក៏ដូចជាការអនុវត្តគម្រោងរបស់ខ្លួនបន្តបន្ទាប់ទៀត។
 
«យើងទទួលបានការបរច្ចាគច្រើនដែរ ខ្លះជាសៀវភៅសរសេរ សៀវភៅអាន និងថវិកា។ លុយដែលទទួលបាន យើងយកទៅទិញសម្ភារសិក្សាចែកពួកគាត់ដដែល។ យើងសង្ឃឹមថា អាចនឹងបន្តគម្រោងដើម្បីជួយសាលានៅតំបន់ដាច់ស្រយាលផ្សេងៗទៀត បន្ទាប់ពីសាលាបឋមសិក្សាក្រពើពុល។ យ៉ាងហោចណាស់ ក៏អាចជួយសាលាបានមួយក្នុងមួយឆ្នាំដែរ»។ ជាការលើកឡើងរបស់សុខលាភ៕ 
 

Tag:
 អប់រំ
  យុវជន
 ​ គម្រោងក្រវាញ
© រក្សាសិទ្ធិដោយ thmeythmey.com