កីឡាជាតិ
ជាតិ
កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត ប្តេជ្ញាជួយគ្នារៀបចំព្រឹត្តិការណ៍កីឡាធំៗ និងវិស័យទេសចរណ៍
06, Oct 2022 , 9:59 am        
រូបភាព
លោក ថោង ខុន (ឆ្វេង) ទទួលជួបជាមួយព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត(ស្តាំ)។ រូបពី ពន្លឺ
លោក ថោង ខុន (ឆ្វេង) ទទួលជួបជាមួយព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត(ស្តាំ)។ រូបពី ពន្លឺ
ដោយ:
កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត នឹងចាប់ដៃគ្នារៀបចំព្រឹត្តិការណ៍កីឡាធំៗ រួមទាំងកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផង និងពង្រឹងវិស័យទេសចរណ៍រវៀងប្រទេសទាំងពីរផង។ នេះបើតាម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ទ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ (CAMSOC) ក្រោយជួបជាមួយព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

 
លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud រដ្ឋមន្ដ្រីក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៤ ខែតុលា នាកិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារ សុខាភ្នំពេញ។
 
ក្រោយជួបគ្នា ប្រតិភូទាំងពីរប្រទេស បានឯកភាពគ្នារៀបចំ គណៈប្រតិភូក្នុងការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សាដើម្បីដកស្រង់បទពិសោធន៍ទៅវិញទៅមកលើការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។ បើតាមការលើកឡើងរបស់លោក ថោង ខុន ភាគីអារ៉ាប៊ីសាអូឌីត នឹងជួយជ្រោមជ្រែញកម្ពុជា ដែលត្រូវការបទពិសោធន៍កីឡាផ្សេងៗ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ផង។
 
កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029) រីឯប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាក្នុងសាល និងក្បាច់គុណប្រយុទ្ធអាស៊ី ឆ្នាំ២០២៥ (Asian Indoor and Martial Arts Games 2025), ការប្រកួតកីឡាអាស៊ីរដូវរងារ ឆ្នាំ២០២៩ (Asian Winter Games 2029) និងការប្រកួតកីឡាអាស៊ី ឆ្នាំ២០៣៤ (Asian Games 2034)។
 
ជាមួយគ្នានោះដែរ ដោយមើលឃើញពីសក្តានុពលវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud បានសន្យានឹងជំរុញខិតខំកៀរគរវិនិយោគិន អារ៉ាប៊ីសាអ៊ូឌីតមកកម្ពុជា ក៏ដូចជាខិតខំជំរុញឱ្យមានការហោះហើរត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
 
ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud បានជម្រាបជូនលោករដ្ឋមន្ត្រីទេសចរណ៍​លោក ថោង ខុន ថា នៅពេលដែលអារ៉ាប៊ីសាអ៊ូឌីត បង្កើតឱ្យមានស្ថានទូតប្រចាំនៅកម្ពុជានាពេលឆាប់ៗមុខនេះ គឺកិច្ចសហការលើគ្រប់វិស័យរវាងប្រទេសទាំងពីរពិតជានឹងមានការងាយស្រួល និងរីកចម្រើនយ៉ាងរហ័ស។ នៅទីបញ្ចប់ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud បានសម្តែងនូវក្តីរីករាយ និងសន្យាមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តាមការអញ្ចើញរបស់លោក ថោង ខុន ផងដែរ៕
 

Tag:
 កម្ពុជា
 អារ៉ាប៊ីសាអូឌីត
 NOCC
 NOC
© រក្សាសិទ្ធិដោយ thmeythmey.com