ជាតិ
ប្រាសាទខ្នារផ្ទោល ទីទេសចរកម្រទៅដល់ កំពុងរងការខូចខាតធ្ងន់ធ្ងរ​
12, Oct 2022 , 11:08 am        
រូបភាព
ភ្នំពេញ៖ ប្រាសាទខ្នារផ្ទោលជាសំណង់បុរាណមួយដែលនៅឆ្ងាយពីក្រុងសៀមរាបប្រមាណ ៧០គីឡូម៉ែត្រនិងមិនសូវមានទេសចរស្គាល់ឡើយ។ បច្ចុប្បន្ន រចនាសម្ព័ន្ធរបស់ប្រាសាទដូចជា ប៉មថ្មនិងប៉មឥដ្ឋបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះរចនាសម្ព័ន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ និងសសរពេជ្រក៏បានរលុះចេញពីទីតាំងដែរ។ 
 
ស្រទាប់ឥដ្ឋ ដែលសេសសល់ស្ថិតនៅខាងលើផ្តែរ កំពុងប្រឈមនឹងបន្តការលុះ។បើតាមអាជ្ញាធរជាតិអប្សរាការខូចខាតនៃរចនាសម្ព័ន្ធទាំងនេះ បណ្តាលមកពីរុក្ខជាតិតូចធំជាច្រើនដុះចាក់ស្រេះនិងបង្កឱ្យមានទឹកជ្រាប។ ​​​​


ឫសឈើដុះលើប្រាសាទខ្នារផ្ទោល ដែលបណ្តាលឱ្យខូចទ្រង់ទ្រាយប្រាសាទ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
 
ក្រោយសង្កេតឃើញបញ្ហានេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសិក្សានិងចាប់ផ្តើមជួសជុលជាបន្ទាន់ ដ្បិតប្រាសាទបាត់ទ្រង់ទ្រាយដើម។ ក្រុមអ្នកជំនាញនឹងរៀបចំកម្មវិធីអភិរក្ស
និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។ 
 
លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានលើកឡើងថា​៖«បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរាកំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២ បន្ទាប់ពីទល់ទ្របឋមរួចរាល់កន្លងមក»។ 
 
អ្នកជំនាញ នឹងជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាងដើម្បីដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញ រួមទាំងជួសជុលជញ្ជាំងឥដ្ឋនិងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។ទន្ទឹមនោះការសិក្សាលម្អិតពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោលនឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យាពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈនិងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ៕ 


 ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទខ្នារផ្ទោល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា


 ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទខ្នារផ្ទោល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
 

 ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទខ្នារផ្ទោល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
 
 

Tag:
 អាជ្ញាធរជាតិអប្សរា
  ប្រាសាទខ្នារផ្ទោល
 
© រក្សាសិទ្ធិដោយ thmeythmey.com