ជាតិ
កញ្ញា ម៉េង មុនីរួត្ន ប្រើចំណេះដឹងឈរជើង និងសាងកេរ្តិ៍ឈ្មោះ ក្នុងអាជីព​មេធាវី
13, Oct 2022 , 11:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា ម៉េង មុនីរួត្ន ជាមេធាវីវ័យក្មេងនិងឆ្នើមមួយរូប ដែល​កំពុងបម្រើការងារ​ក្នុងក្រុមហ៊ុនមេធាវីឯកជនមួយ និងធ្លាប់បទពិសោធន៍ការងារផ្នែកច្បាប់ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវផងដែរ។ ទម្រាំក្លាយជាមេធាវី ដែលមានការទទួលស្គាល់ដូចបច្ចុប្បន្ន មុនីរួត្ន ដែលមានវ័យ២៦ឆ្នាំ បានជម្នះរឿងជាច្រើន នៅក្នុងការសិក្សា និងការងារ រហូតអាចសាងកេរ្តិ៍ឈ្មោះ និងឈរជើងក្នុងអាជីព ដោយសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។  
 
កញ្ញា ម៉េង មុនីរួត្ន កំពុងប្រកបអាជីពជាមេធាវី នៅក្នុងក្រុមហ៊ុនមេធាវីឯកជនមួយនៅរាជធានីភ្នំពេញ ហើយ​ក៏ជា​សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ដែរ។ ​មុនីរួត្ន ក៏ធ្លាប់​បម្រើការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវផងដែរ។ ដ្បិតទើបក្លាយជាមេធាវីពេញសិទ្ធិ និងស្បថចូលកាន់តំណែង​ប្រមាណ១ឆ្នាំពិតមែន ប៉ុន្តែ មុនីរួត្ន បានប្រឡូកក្នុងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់នេះ តាំងពីអំឡុងឆ្នាំ២០១៥មកម្ល៉េះ។  ជាកូនអ្នកភ្នំពេញ មុនីរួត្ន បានបញ្ចប់ការសិក្សា​បរិញ្ញាបត្រផ្នែកច្បាប់ ពីសាកលវិទ្យាលួយភូមិន្តនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ញាបត្រអប់រំភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស។ ជាមួយគ្នានេះ មេធាវី ម៉េង មុនីរួត្ន ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន ថែមទៀតផង។  


 
ក្លាយជាមេធាវីមួយរូប ដែលមានការទទួលស្គាល់ដូចសព្វថ្ងៃ មិនមែនជារឿងចៃដន់ឡើយ សម្រាប់ មុនីរួត្ន ដែលមានឈាមជ័រជាកូនចៅចិន​។ ជាកូនស្រីតែម្នាក់ក្នុងគ្រួសារ និងជាកូនច្បងផងនោះ មុនីរួត្ន ត្រូវបានសាច់ញាតិរំពឹងថា ​នាងនឹង​ឆាប់រៀបការ បង្កើតកូន និងប្រកបអាជីវកម្មដូចកូនចៅចិនភាគច្រើនដទៃទៀត។ ​ ប៉ុន្តែ មុនីរួត្ន ដែលជាយុវជនសម័យថ្មី ​​មិនចង់បន្តប្រពៃណី និងផ្នត់គំនិតចាស់ ដែលថាស្រីបង្វិលចង្ក្រានមិនជុំនោះឡើយ។ យុវតីរូបនេះ ចង់សិក្សាបានខ្ពស់ និងស្វែងយល់ពីជីវិតនៅក្នុងសង្គមបានច្រើន។  
 
កញ្ញា ម៉េង មុនីរួត្ន រៀបរាប់ដូច្នេះ៖​«ខ្ញុំកូនកាត់ចិន។ ក្រុមគ្រួសារចិន គាត់អត់សូវគាំទ្រ ឱ្យកូនស្រី រៀន​បានខ្ពស់ទេ។ គាត់​ចង់​ឱ្យតែឆាប់មានគ្រួសារ ឆាប់មានកូន មានចៅ ទៅឆាប់ចប់។ ម្តាយខ្ញុំ គាត់គាំទ្រខ្លាំង បំណងប្រាថ្នារបស់គាត់ គាត់ចង់ឱ្យកូនស្រី មានចំណេះដឹង។ គាត់​អត់ចង់ឱ្យកូនល្ងង់ កុំឱ្យដូចគាត់។ ហើយឪពុកខ្ញុំ ក៏គាត់គាំទ្រដែរ ដល់ការសិក្សានេះ។ ទោះជាពីមុនៗ គេថាកុំឱ្យកូនស្រីរៀន។ រៀនធ្វើអី រៀនទៅ ចេះពេកអត់ប្តី។ មានការនិយាយច្រើន។ ប៉ុន្តែខ្ញុំនៅតែអរគុណឪពុកម្តាយខ្ញុំ ដែលគាត់នៅតែគាំទ្រ ទោះជាគេនិយាយទិតៀនយ៉ាងណាក៏ដោយ ក៏គាត់នៅតែគាំទ្រ។ នៅតែរក្សាជំហរ ឱ្យកូនស្រី រៀន​ឱ្យចប់​។ ណាមួយយើងខំប្រឹង តស៊ូដែរ​។​»។ 
 
នៅចំពោះការងារដ៏មមាញឹក កញ្ញា ម៉េង មុនី បានឆ្លៀតពេលផ្តល់សម្ភាសចែករំលែក ពីបទសម្ពោធសិក្សា និងការប្រកបអាជីពរបស់ខ្លួនដល់សារព័ត៌មានថ្មីៗ ​នៅការិយាល័យការងាររបស់ខ្លួន ដែលស្ថិតនៅអគារផ្ទះល្វែងមួយ ​នៅតំបន់បឹងកក់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាម កញ្ញា ម៉េង មុនីរួត្ន ដោយសារការស្រឡាញ់ការសិក្សា និងមានការគាំទ្រយ៉ាងខ្លាំងពីម្តាយ និងជីដូនផង នាងអាចយកឈ្នះ​បានផ្នត់គំនិតរបស់សាច់ញាតិ ហើយបន្តការសិក្សានៅសាកលវិទ្យាល័យដូចបំណង។ 


 
​មុនីរួត្ន រំឭកថា ​សិក្សាជំនាញច្បាប់បាន២ឆ្នាំទើប អាចស្វែងរកនូវឧបនិស្ស័យក្នុងវិស័យច្បាប់នេះឃើញ ខណៈការសិក្សានៅក្នុងថ្នាក់ គឺផ្តោតច្រើនទៅលើមុខវិជ្ជាទូទៅ។ នៅឆ្នាំទី២ ម៉េង មុនីរួត្ន បានដឹងថា ​នាងចង់ក្លាយ​ជា​មេធាវី។ គឺចាប់តាំងពីពេលនោះហើយដែល យុវនិស្សិត មុនីរួត្ន បានខិតខំសំលៀងចំណេះខ្លួន ឱ្យខ្លាំងពូកែ ដែលជាឱកាស​សម្រាប់ការប្រកបអាជីពនេះ ក្នុងពេលអនាគត។ 
 
ដឹងពីអាជីពដែលខ្លួនចង់ធ្វើហើយ ប៉ុន្តែនៅត្រូវឆ្លងកាត់កងព័ន្ធមួយទៀត នោះគឺការលើកឡើងពីវប្បធម៌ស៊ីសំណូក ឬទាល់តែមានខ្សែ មានខ្នង ទើបអាចប្រឡងជាប់ ប្រកបវិជ្ជាជីវៈជាមេធាវីបាន។  មុនីរួត្ន សារភាពថា នាងពិតជាបានដឹងរឿងទាំងអស់នេះ​។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការលើកឡើង​ទាំងអស់នោះ មិនអាចរារាំង ឬបញ្ឈប់ មុនីរួត្ន ពីការប៉ុនប៉ងប្រឡូកក្នុងអាជីពជាមេធាវីបានឡើយ។ គ្រានោះយុវនិស្សិត ម៉េង មុនីរួត្ន តាំងចិត្តថា នាងនឹង​ធ្វើជាមេធាវី ដោយសារតែចំណេះដឹង និងសមត្ថភាពរបស់នាង​។ «ជំនាន់ហ្នុង អ្នកណាក៏និយាយដែរ អ្នកឯងអត់មានខ្សែ ទៅរៀន(ធ្វើ)អី? រៀនមេធាវីរៀន(ធ្វើ)អី? រៀនច្បាប់ធ្វើអី គេចង់ធ្វើអ្នកធំ ទៅរៀនធ្វើអី។ ខ្ញុំថា ខ្ញុំសាកល្បង ខ្ញុំចង់ដឹងថាខ្លួនឯងអាចឈានដល់កម្រិតណា។ Limit ខ្ញុំដល់ណា?»។ នេះជាការរៀបរាប់របស់មេធាវី ម៉េង មុនីរួត្ន។ 
មុនីរួត្ន លើកទឹកចិត្តយុវជនឱ្យប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីដឹងពីកម្រិតសមត្ថភាពខ្លួន
ជាយុវជនដែលពោរពេញទៅដោយកម្លាំង ពលំ មិនត្រូវស្ពឹកស្រពន់ និងត្រូវស្រឡាញ់ការប្រឹងប្រែង។ នេះជាការយល់ឃើញរបស់ កញ្ញា ម៉េង មុនីរួត្ន ដែលមិនបដិសេធឡើយថា ធ្វើការច្រើន ប្រឹងប្រែងច្រើន ហត់នឿយ។ មេធាវីរូបនេះ អះអាងយ៉ាងក្លៀវក្លាថា ការចាយកម្លាំង និងពេលវេលាឱ្យអស់នោះ មិនមែនជារឿងខាតបង់អ្វីឡើយ។ ផ្ទុយទៅវិញ វាអនុញ្ញាតឱ្យយុវជនបានស្វែងយល់ពីជម្រៅ នៃក្តីស្រឡាញ់លើអាជីពសម្រាប់អនា​គ​ត និង​ដឹងពីកម្រិតសមត្ថភាពរបស់ខ្លួន។ ​ 
 
មេធាវី ម៉េង មុនីរួត្នពន្យល់ដូច្នេះ៖ «​យើងនៅក្មេង កម្លាំង​យើងច្រើនណាស់។ កុំគិតថា ខ្ញុំធ្វើទៅ ខ្ញុំហត់ណាស់។ សម្រាប់ខ្ញុំ ឱ្យតែមានឱកាស។ ខ្ញុំតែងប្រាប់មិត្តភក្តិខ្ញុំថា ឱ្យតែមានឱកាស យើងចាប់ យើងធ្វើ យើងបញ្ចេញសមត្ថភាពរបស់យើង។ យើងមើលថាសមត្ថភាពយើង កម្រិតយើងបានប៉ុនណា? យើងបន្ថែមបន្តទៀត។ តើពេលណា យើងអាចបន្ថែមប៉ុនណាទៀត? មែនទែនយើងដឹងlimit(កម្រិត) របស់យើង។ ជារួម បើសិនជាយើងរិះថាំកម្លាំងរបស់យើង យើងនៅតែផ្ទះ យើងអត់អាច Explore(រុករក) យើងអត់អាចដឹងថា យើងចូលចិត្តអីទេ។ យើងនៅក្មេង យើងចាយឱ្យអស់កម្លាំងរបស់យើង ប៉ុន្តែក៏ត្រូវមើលថែសុខភាពដែរ​។​»។
សម្រាប់ មុនីរួត្ន អ្នកណាក៏អាចប្រកបអាជីពជាមេធាវីបានដែរ ឱ្យតែពួកគេច្បាស់ថាស្រឡាញ់អាជីពនេះ។ ខ្ញុំគិតថា មនុស្សបែបណា ក៏អាចចូលធ្វើជាមេធាវីបានដែរ។ សំខាន់តើយើងសប្បាយចិត្ត យើងចូលចិត្តនឹងអាជីពហ្នឹងអត់? យើងសួរខ្លួនឯងថា ហេតុអ្វីបានខ្ញុំចង់ក្លាយជាមេធាវីវិញ? ​យើងចូលចិត្តទៅ យើងចាប់ផ្តើម លុតដំខ្លួនឯងម្តងបន្តិចៗ។ វាក្លាយទៅជាមេធាវីបាន​។ ប៉ុន្តែបើសិនជាយើងអត់ចូលចិត្ត យើងប្រាកដជាធ្វើហើយ អស់កម្លាំងចិត្តក្នុងការធ្វើតែម្តង។ »។
 
កញ្ញា ម៉េង មុនីរួត្ន ក៏លើកទឹកចិត្តដល់អ្នកដែលមានបំណង ប្រកបអាជីពជាមេធាវី នេះ ឱ្យប្រឹងប្រែងសិក្សា និងធ្វើការឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ដែលជាអំណាច និងដើមទុនដ៏មុតស្រួច នៅក្នុងការឈរជើងនៅក្នុងវិជ្ជាជីវៈមួយនេះ៕
 
 
 
 
 

Tag:
 មេធាវី
  ម៉េង មុនីរួត្ន
© រក្សាសិទ្ធិដោយ thmeythmey.com